35 C
Phnom Penh

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថា​ពួកគេ​ជា​ទាសករ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​សម័យ​ទំនើប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ លើកឡើង​ថា ការ​មិន​ដោះស្រាយ​វិវាទ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ជាង ២​ឆ្នាំ​មក​នេះ​ពី​សំណាក់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ គឺ​បង្ហាញ​ពី​ទង្វើ​ចាត់ទុក​កម្មករ​និយោជិត​រងគ្រោះ​ជា​ទាសករ​ក្នុង​សម័យ​ទំនើប។

ក្រុម​កូដករ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មក​លើ​កម្មករ​សព្វថ្ងៃ​នេះ មិន​ខុស​ពី​ចៅហ្វាយ​នាយ​ធ្វើបាប​ទាសករ​ក្នុង​សម័យ​បុរាណ​នោះ​ទេ ព្រោះ​ថៅកែ​ណាហ្គា​វើលដ៍​បាន​គាប​សង្កត់​កម្មករ​និយោជិត​គ្រប់​យ៉ាង ជា​ថ្នូរ​ផ្តល់​ឱ្យ​កម្មករ​ជា​លុយកាក់​ស្មើ​នឹង​អាហារ ៣​ពេល​ប៉ុណ្ណោះ ខណៈ​សិទ្ធិ​សេរីភាព​នានា​ត្រូវ​ថៅកែ​ក្រុមហ៊ុន​នេះ​បំបិទ​ចោល​ទាំងស្រុង។

ប្រភព​ដដែល​រៀបរាប់​ថា កម្មករ​និយោជិត​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បច្ចុប្បន្ន​នេះ កំពុង​រង​នូវ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​អវត្តមាន​សហជីព ក្នុង​នោះ បុគ្គលិក​កម្មករ​ណា​ដែល​ធ្វើ​ការងារ​ខុស​បន្តិចបន្តួច តែង​រង​នូវ​ការ​កាត់​លុយ និង​គំរាម​បញ្ឈប់​ពី​ការងារ ជាដើម ប្រសិនបើ​ពួកគេ​ចង់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​ការ​រំលោភ​បំពាន​របស់​ក្រុមហ៊ុន​នោះ។

កម្មករ​និយោជិត​ទាំងនោះ​លើកឡើង​ថា ការ​ធ្វើ​កូដកម្ម​របស់​ពួកគេ​នា​ពេល​កន្លង​មក​នេះ មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ គឺ​ដើម្បី​រក​យុត្តិធម៌​ដែល​ពួកគេ​បាន​រង​នូវ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​ប៉ុណ្ណោះ ព្រោះ​ថា​បើ​ពួកគេ​ពិត​ជា​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​មែន ម្ល៉េះ​នៅ​ពេលនេះ កម្មករ​ដែល​ធ្លាប់​ចូលរួម​ធ្វើ​កូដកម្ម​ជាង ១​ពាន់​នាក់​នា​ពេល​កន្លង​មក​នោះ មិន​នាំគ្នា​ឈប់​តវ៉ា​នោះ​ទេ ហើយ​ការ​បញ្ឈប់​ការ​តវ៉ា​នេះ គឺ​បណ្តាល​មកពី​ជីវភាព​ខ្វះខាត​របស់​ពួកគេ​យ៉ាង​ពិតប្រាកដ។

ក្រុម​កូដករ​ទាំងនេះ​បញ្ជាក់​ថា ពួកគេ​មិន​ចង់​បាន​អ្វី​ពី​ក្រុមហ៊ុន​ក្រៅពី​ធានា​នូវ​សិទ្ធិ​ការងារ​របស់​ពួកគេ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ជាង​នេះ​ទៀត ពួកគេ​ក៏​ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ដទៃ​ទៀត​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​រង​នូវ​ការ​ចោទប្រកាន់​សព្វថ្ងៃ​នេះ​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ២​ឆ្នាំ ដោយ​គ្មាន​ការ​ដោះស្រាយ​ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់តាំងពី​ចុង​ឆ្នាំ​២០២១ រហូត​ដល់​ដើម​ឆ្នាំ​២០២៤ នេះ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សិទ្ធិ​និង​សេរីភាព​របស់​កម្មករ​មាន​ការ​រំលោភ​បំពាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​វិស័យ​ការងារ​ផង​ដែរ។ ជាក់ស្តែង សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ ត្រូវ​រង​នូវ​ការ​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ពី​ច្បាប់​ការងារ​របស់​កម្ពុជា​ជា​បន្តបន្ទាប់។

លោក ឃុន ថារ៉ូ លើកឡើង​ថា បុគ្គលិក​កម្មករ សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ការងារ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​លើ​បុគ្គលិក​កម្មករ និង​បង្ហាញ​ពី​ការ​រំលោភ​បំពាន​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា កន្លង​មក ករណី​នៃ​ការ​បញ្ឈប់​ការងារ​របស់​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព​ទាំង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​កម្មករ ត្រូវ​បាន​សហជីព​ប្តឹង​ទៅ​ក្រសួង​ការងារ​ដែរ ប៉ុន្តែ​ករណី​ទាំងនោះ​នៅតែ​មិន​មាន​ដំណោះស្រាយ ខណៈ​ក្រសួង​ការងារ​តែងតែ​ចាត់ទុក​វិវាទ​ការងារ​នៃ​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ​ទៅ​ជា​វិវាទ​បុគ្គល​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​ចេះ​តែ​បន្ត​កើត​មាន​ដល់​សព្វថ្ងៃ​នេះ។

ចាប់តាំងពី​ចុង​ឆ្នាំ​២០២១ មក​រហូត​ដល់​ពេលនេះ គឺ​មាន​រយៈពេល ៧៨៤​ថ្ងៃ​ហើយ (២​ឆ្នាំ​កន្លះ) ប៉ុន្តែ​បុគ្គលិក​កម្មករ​រងគ្រោះ​ទាំងនេះ​មិន​ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ​ទេ ខណៈ​ប្រាក់​សំណង​សម្រាប់​ការ​បញ្ឈប់​ពី​ការងារ​ទៀតសោត ក៏​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌​ដែរ ក្នុង​នោះ កម្មករ​ខ្លះ​ដែល​ទ្រាំ​នឹង​ជីវភាព​ខ្វះខាត​មិន​បាន ក៏​បោះបង់​ឈប់​ធ្វើ​កូដកម្ម ទៅ​រក​ការងារ​កន្លែង​ផ្សេង​ជំនួស​វិញ ចំណែក​ឯ​កម្មករ​ដែល​នៅ​សល់ ចេះតែ​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​បន្ត ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ផង និង​កម្មករ​ដទៃ​ទៀត​ផង​រហូត​ដល់​ពេលនេះ។

ក្រោយពី​ការ​តវ៉ា​ទាមទារ​ជា​បន្តបន្ទាប់ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ បាន​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំ​សហជីព កញ្ញា ឈឹម សុខ និង​សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស