41.3 C
Phnom Penh

ក្រុម​សង្កេតការណ៍៖ សមិទ្ធផល​ប្រវត្តិសាស្ត្រ​បុព្វបុរស​ខ្មែរ​ដែល​ត្រកូល​ហ៊ុន​ប្រឹង​កាឡៃ នឹង​ក្លាយ​ជា​សំរាម​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​អះអាង​ថា ការ​ប្តូរ​ឈ្មោះ​មូលដ្ឋាន​ជើងទឹក​រាម​ជា​ការ​ចាប់ផ្តើម​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​នៃ​សមិទ្ធផល​របស់​បុព្វបុរស​ខ្មែរ​មក​ជា​សមិទ្ធផល​ផ្ទាល់ខ្លួន នឹង​ក្លាយ​ជា​សំរាម​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ពលរដ្ឋ​ខ្មែរ​ចារ​ទុក​ត​ជំនាន់​ទៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត កំពុង​រៀន​កាឡៃ​ប្រវត្តិសាស្ត្រ​តាម​លោក ហ៊ុន សែន ដើម្បី​លុប​សមិទ្ធផល​នៃ​ប្រវត្តិសាស្ត្រ​ចាស់ៗ យក​មក​ធ្វើជា​សមិទ្ធផល​របស់​ខ្លួន ដើម្បី​កុហក​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​ថា​សមិទ្ធផល​នានា​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​នោះ គឺជា​ស្នាដៃ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​មាន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ខ្លួនឯង​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ទង្វើ​បែប​នេះ​លោក ហ៊ុន សែន បាន​ធ្វើ​យ៉ាង​ស្ទាត់​ជំនាញ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ ដូចជា​យក​ឈ្មោះ​របស់​គាត់​ទៅ​ដាក់​តាម​គ្រឹះស្ថាន​អប់រំ ដាក់​តាម​មជ្ឈមណ្ឌល​សុខាភិបាល ដាក់​តាម​អាកាសយានដ្ឋាន ដាក់​តាម​ផ្លូវ​គមនាគមន៍ និង​ដាក់​ឈ្មោះ​របស់​គាត់​ក្នុង​ការ​បង្កើត​ក្រុង​ថ្មី ដូចជា​ក្រុង​រុនតាឯកតេជោសែន ជាដើម ដែល​ទង្វើ​នេះ​គឺជា​ចេតនា​បន្លំ​ប្រវត្តិសាស្ត្រ​ថា​សមិទ្ធផល​នានា​របស់​កម្ពុជា គឺ​កើត​ចេញពី​ត្រកូល​ហ៊ុន​ទាំងអស់ ប៉ុន្តែ​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ក្រោម​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន ត្រូវ​ពួកគេ​លាក់បាំង​មិន​ឱ្យ​នរណា​ជីក​កកាយ​ឡើយ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ទោះបី​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ប្រឹង​លុប​ដាន​ប្រវត្តិសាស្ត្រ​ដែល​ជា​សមិទ្ធផល​របស់​បុព្វបុរស​ខ្មែរ ធ្វើ​ជា​សមិទ្ធផល​ផ្ដាច់មុខ​របស់​គ្រួសារ​ហ៊ុន​ក៏ដោយ ក៏​នៅតែ​មាន​ប្រវត្តិ​ដិតដាម​ទៅ​ដោយ​ទង្វើ​លួច​ជាតិ​របស់​គ្រួសារ​មួយ​នេះ​ដែរ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ ស្ដីពី​ការ​កែសម្រួល​ប្តូរ​ឈ្មោះ​មូលដ្ឋាន​សមុទ្រ​កងទ័ព​ជើងទឹក ទៅ​ជា​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើងទឹក តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា ប៉ុន្តែ​ក្នុង​អនុក្រឹត្យ​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​កែសម្រួល​ឈ្មោះ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នេះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ម្នាក់​ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​ក្រុម​គ្រួសារ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដ៏​កម្សត់​នេះ​មិន​ក្រ​ទេ ដោយសារ​ពួកគេ​បាន​ធ្វើការ​ប៉ាន់ប្រមាណ​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​លោក ហ៊ុន សែន មួយ​ចំណែក​ប៉ុណ្ណោះ គឺ​បាន​រក​ឃើញ​ថា​មាន​ទំហំ​ប្រមាណ​ជា ១០​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា មាន​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ដែល​នៅ​គិត​ថា​កម្ពុជា​ជា​ប្រទេស​របស់​ពួកគាត់​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សម្រាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គេ​មិន​បាន​គិត​ថា​ទឹកដី​ខ្មែរ គឺជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត សម្រាប់​មន្ត្រី​ដែល​ជិតស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន គេ​បាន​ចាត់ទុក​ប្រទេស​ដ៏​តូច​មួយ​នេះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ហ៊ុន​ទៅ​ហើយ ខណៈ​លោក ហ៊ុន សែន ខ្លួនឯង​ក៏​បាន​ចាត់ទុក​ទឹកដី​មួយ​នេះ​ជា​កម្មសិទ្ធិ​កាន់កាប់​ផ្ដាច់មុខ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ហ៊ាន​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​គ្រួសារ​របស់​គាត់​បែប​នេះ ដោយសារតែ​គាត់​បាន​រៀបចំ​សែស្រឡាយ​បក្ខពួក​ដែល​គាត់​ទុកចិត្ត ឱ្យ​កាន់កាប់​ស្ថាប័ន ក្រសួង អង្គភាព តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ស្ទើរតែ​គ្រប់​ច្រក​ទៅ​ហើយ ខណៈ​ទ្រព្យសម្បត្តិ​ជាតិ​សព្វថ្ងៃ​នេះ គាត់​គឺជា​មេ​ចំណែក​ក្នុង​ការ​បែងចែក​ឱ្យ​បុគ្គល​នេះ ឬ​ក្រុមហ៊ុន​នោះ​តាម​អំពើ​ចិត្ត ហើយ​ក៏​គ្មាន​អ្នក​ផ្សេង​ណា​ទទួល​បាន​សិទ្ធិ​បែប​នេះ​ក្រៅពី​គ្រួសារ​ហ៊ុន​ដែរ។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប៊ល វីនេស (Global Witness) បាន​ចេញ​របាយការណ៍​ជុំវិញ​អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល​ហ៊ុន កាលពី​ពេល​កន្លង​ទៅ​ដែល​មាន​ចំណងជើង​ថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ដែល​បាន​រៀបរាប់​យ៉ាង​លម្អិត​ថា គ្រួសារ​ត្រកូល “ហ៊ុន” ដែល​កំពុង​រកស៊ី​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ដូចជា​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី អ្នកស្រី ហុក ចិន្តាវី លោក ហ៊ុន តូ លោក ឌី វិជ្ជា លោក ហ៊ុន ជា និង​អ្នកស្រី ហ៊ុន គឹមឡេង ផង​ដែរ។

ជាង​នេះ​ទៀត នៅ​មាន ហ៊ុន ចន្ធូ, សុខ ពុទ្ធីវុធ, សេង ឃាង, ឌី ចូច, ឌី ប្រឹម និង​សមាជិក​ដទៃ​ទៀត​កំពុង​គ្រប់គ្រង និង​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ រោងចក្រ កន្លែង​កម្សាន្ត តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែង​ស៊ីសង ក្រុមហ៊ុន​ដឹកជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​សព្វថ្ងៃ​នេះ។

របាយការណ៍​ដដែល​បាន​លាតត្រដាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ​ជាច្រើន​ដែរ ដូចជា ក្រុមហ៊ុន​អន្តរជាតិ Apple, ក្រុមហ៊ុន Canon, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Lenovo-IBM, ក្រុមហ៊ុន Nokia និង​ក្រុមហ៊ុន​ផលិតផល​ជាច្រើន​ទៀត ដូចជា ក្រុមហ៊ុន​ស្រា​ល្បីៗ ជាដើម។

លើស​ពី​នេះ គ្រួសារ​នេះ​ក៏​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Viettel នៃ​ក្រុមហ៊ុន Viettel Group ដែល​ជា​ក្រុមហ៊ុន​រកស៊ី​លើ​បណ្ដាញ​ទូរសព្ទ​មិត្តហ្វូន គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម ផង​ដែរ ហើយ​ការ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​មាន​ការ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន យ៉ាង​ខ្លាំង ដោយ​តម្រូវ​ឱ្យ​កងទ័ព​ខ្មែរ​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​មួយ​នេះ​នៅ​គ្រប់​អង្គភាព​ទាំងអស់​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស