29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​នឹង​ទទួល​បាន​ការ​វិនិយោគ​ធំៗ​ដូច​សិង្ហបុរី បើ​រដ្ឋាភិបាល​អាច​បង្កើត​ប្រព័ន្ធ​ដឹកនាំ​គួរ​ឱ្យ​ពួកគេ​ទុកចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លើកឡើង​ថា កម្ពុជា​នឹង​ទទួល​បាន​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដូច​ប្រទេស​សិង្ហបុរី ដែរ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រព័ន្ធ​ដឹកនាំ​គួរ​ឱ្យ​ពួកគេ​ទុកចិត្ត​បាន ដើម្បី​ធានា​សុវត្ថិភាព​ដល់​ក្រុមហ៊ុន​របស់​ពួកគេ។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​បាន​ជ្រើសរើស​ប្រទេស​សិង្ហបុរី ជា​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​សម្រាប់​ធ្វើការ​វិនិយោគ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក​បន្ថែម​ថា នោះ​គឺ​ដោយសារតែ​ប្រទេស​សិង្ហបុរី មាន​ប្រព័ន្ធ​ការពារ​គួរ​ឱ្យ​ពួកគេ​ទុកចិត្ត​ខ្ពស់​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ ដែល​អាច​ធានា​សុវត្ថិភាព​ដល់​ការ​វិនិយោគ​របស់​ពួកគេ។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ក៏​នឹង​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដូច​ប្រទេស​សិង្ហបុរី ដែរ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​អាច​បង្កើត​នូវ​ប្រព័ន្ធ​ការពារ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​សម្រាប់​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ទាំងនោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​ចុះផ្សាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​ទទួល​បាន​ការ​ទុកចិត្ត​ពី​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ ទៅ​បង្កើត​ការិយាល័យ​កណ្តាល​វ៉ា​ដាច់​ទីក្រុង​ហុងកុង របស់​ចិន កាលពី​ពេល​ថ្មីៗ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ដែរ​ថា នៅ​គ្រា​ដំបូង​ដែល​ប្រទេស​សិង្ហបុរី ត្រូវ​បាន​ផ្តាច់​ចេញពី​សហព័ន្ធ​ម៉ាឡេស៊ី និង​ត្រូវ​រស់​ជា​ប្រទេស​ឯករាជ្យ​ដោយ​ខ្លួនឯង នាយករដ្ឋមន្ត្រី​មុន​ដំបូង​របស់​ប្រទេស​នេះ​ចាប់ផ្តើម​ធ្វើ​កំណែ​ទម្រង់​ដាក់​ចេញ​វិធានការ​លុប​បំបាត់​អំពើពុករលួយ​មុន​គេ ក្នុង​ចំណោម​វិធានការ​ផ្សេង​ទៀត ដើម្បី​ធានា​ភាព​ស្អាតស្អំ​របស់​ប្រទេស​ខ្លួន។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី ត្រួតពិនិត្យ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់ សូម្បី​មន្ត្រី​រដ្ឋាភិបាល​ដែល​អង្គុយ​ពិភាក្សា​គ្នា​ក្នុង​ម៉ោង​ធ្វើការ ក៏​គាត់​សួរ​ទៅ​កាន់​ពួកគេ​ដែរ​ថា ពួកគេ​ពិភាក្សា​គ្នា​អំពី​ការងារ ឬ​អំពី​អ្វី​ផ្សេង។

លោក​បន្ថែម​ថា វិធានការ​សំខាន់​មួយ​ទៀត​ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​អនុវត្ត គឺ​ការ​ជ្រើសរើស​មន្ត្រី​រាជការ​ដោយ​ការ​ប្រកួតប្រជែង​តាម​សមត្ថភាព និង​តម្លាភាព ទើប​ប្រទេស​នេះ​មាន​ភាព​ស្អាតស្អំ និង​ទទួល​បាន​ការ​ទុកចិត្ត​ពី​បណ្តា​ប្រទេស​នានា និង​អ្នក​វិនិយោគទុន​អន្តរជាតិ​បែប​នេះ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​កំពុង​ប្រកាស​ទាក់ទាញ​អ្នក​វិនិយោគទុន​បរទេស ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ក្រោយពី​ឡើង​កាន់​អំណាច​ជាង​កន្លះ​ឆ្នាំ​មក​នេះ ប៉ុន្តែ​រហូត​ដល់​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ក្រុមហ៊ុន​បរទេស​ណា​មួយ​ចេញ​មុខ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​នៅឡើយ​ទេ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​នៅ​លើ​ពិភពលោក​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សារព័ត៌មាន​អន្តរជាតិ Bloomberg បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា ក្រុមហ៊ុន​ពហុ​ជាតិ​ជ្រើសរើស​ប្រទេស​សិង្ហបុរី ច្រើន​ជាង​ទីក្រុង​ហុងកុង ប្រទេស​ចិន ដើម្បី​បង្កើត​ទីស្នាក់ការ​កណ្តាល​សម្រាប់​តំបន់​អាស៊ី ហើយ​ការ​ដែល​ក្រុមហ៊ុន​ទាំងនោះ​នាំ​គ្នា​សម្រុក​ចូល​ទៅ​ប្រទេស​សិង្ហបុរី បែប​នេះ គឺ​ដោយសារតែ​គេ​រក​ឃើញ​ថា ចំណាត់ថ្នាក់​ប្រទេស​សិង្ហបុរី មាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ស្ថិរភាព​នយោបាយ និង​សេរីភាព ចំ​ពេល​ដែល​មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ពិធី​ជួប​ជាមួយ​អ្នកគាំទ្រ​ក្នុង​ប្រទេស​បារាំង លោក ហ៊ុន ម៉ាណែត លើកឡើង​ថា វត្តមាន​របស់​លោក​នៅ​ក្រៅ​ប្រទេស​នៅ​ពេលនេះ គឺជា​ការ​ដើរ​គោះ​ទ្វារ​អ្នក​ធុរកិច្ច ឱ្យ​ទៅ​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ក្រោយ​ការ​អះអាង​នេះ គេ​មិន​ទាន់​ឃើញ​អ្នក​វិនិយោគទុន​បរទេស​ធំៗ​ណា​មួយ​ហ៊ាន​ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ជាង​នេះ​ទៀត នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា អ្នក​វិនិយោគទុន​បរទេស​ទាំងឡាយ​ណា​ដែល​ហ៊ាន​បណ្ដាក់ទុន​រយៈពេល​វែង​នៅ​ប្រទេស​កម្ពុជា ចាប់ពី ១​សែន​ដុល្លារ​អាមេរិក​ឡើង​ទៅ (១០០០០០​ដុល្លារ​អាមេរិក) នឹង​ទទួល​បាន​ការ​ផ្តល់​ឱ្យ​នូវ​ទិដ្ឋាការ​ពិសេស​រយៈពេល ៣​ឆ្នាំ ប៉ុន្តែ​រហូត​ដល់​ពេលនេះ គេ​ក៏​នៅ​មិន​ទាន់​ឃើញ​អ្នក​វិនិយោគ​ណា​មួយ​ចេញ​មុខ​ទៅ​បោះទុន​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត ដែរ។

យ៉ាងណាក៏ដោយ កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ទៅ​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ សារព័ត៌មាន​អន្តរជាតិ​មួយ​ឈ្មោះ ប៉ូលិទិកូ (POLITOCO) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​នោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស