34.7 C
Phnom Penh

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សារព័ត៌មាន​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Kritenbrink និង​លោក Jed Royal ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ភាព​ស៊ីជម្រៅ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កំពុង​មាន ដែល​រួម​មាន ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង ការ​ថ្កោលទោស​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ពី​សំណាក់​ប្រទេស​រុស្ស៊ី កម្មវិធី​ជំនួយ​បរទេស ការ​រុករក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

ទន្ទឹម​នឹង​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិនិត្យ​ទៅ​លើ​វិស័យ​នានា​សម្រាប់​វឌ្ឍនភាព​នា​ពេល​ខាងមុខ​នៅ​កម្ពុជា​ដែរ ដូចជា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ការ​ជួញដូរ​មនុស្ស ការ​បង្កើត​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​មាន​ភាព​សេរី ព្រមទាំង​បញ្ហា​សន្តិសុខ​តំបន់។

នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​អះអាង​ថា អាមេរិក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​គេ​ក្នុង​ការ​ចង់​ឲ្យ​ប្រទេស​របស់​គេ​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​ក្នុង​នោះ សំឡេង​ទាំងអស់​ត្រូវ​បាន​គេ​ស្តាប់ និង​គោរព ហើយ​អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវ​បាន​ការពារ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស Kritenbrink ក៏​បាន​ជួប​ប្រាស្រ័យ​ជាមួយ​យុវជន​កម្ពុជា ក្នុង​គម្រោង​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​នៃ​មេដឹកនាំ​យុវជន​វ័យក្មេង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (YSEALI) ក្នុង​ន័យ​អបអរ​ខួប​លើក​ទី​១០ នៃ​កម្មវិធី​ផ្លាស់ប្ដូរ​ថ្នាក់​តំបន់​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស