30.8 C
Phnom Penh

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស៖ តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ ង៉ែត ឃុន បន្ទាប់ពី​ស្វែងរក​យុត្តិធម៌​១២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា តុលាការ​កំពូល​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ ង៉ែត ឃុន អាយុ ៨៣​ឆ្នាំ (ហៅ​យាយ​ម៉ាមី) បន្ទាប់ពី​គាត់​បាន​តស៊ូ​ដើម្បី​ស្វែងរក​យុត្តិធម៌​អស់​រយៈពេល ១២​ឆ្នាំ ក្នុង​ការ​ការពារ​ដីធ្លី​របស់​លោក​យាយ និង​អ្នក​ដទៃ​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​លើកឡើង​ថា តុលាការ​កំពូល​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ ង៉ែត ឃុន និង​អ្នកស្រី ឆេង លាភ ដោយ​ទម្លាក់​បទ​ចោទប្រកាន់​លើ​អ្នក​ទាំង​ពីរ «ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់» តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក អំ សំអាត បន្ថែម​ទៀត​ថា ទោះបី​យ៉ាងណា​លោក​យាយ ង៉ែត ឃុន និង​អ្នកស្រី ឆេង លាភ បាន​តស៊ូ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​សំណុំរឿង​នេះ​អស់​រយៈពេល ១២​ឆ្នាំ​ហើយ។ ម្យ៉ាង​ទៀត តំណាង​សហគមន៍​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ជាច្រើន​រូប​ត្រូវ​បាន​ជាប់​បណ្តឹង​នៅ​តុលាការ និង​ជាប់​ពន្ធនាគារ​កន្លង​មក​ដោយសារតែ​ការ​ការពារ​ដីធ្លី​របស់​ពួកគេ​មិន​មាន​ដំណោះស្រាយ។

លោក អំ សំអាត បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​ជា​ភាព​ចាំបាច់​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ការ​អភិវឌ្ឍ​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ គឺ​ការ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ទីតាំង​អភិវឌ្ឍន៍​ជា​មុន​សិន មុន​នឹង​ចាប់ផ្តើម​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង។

ប្រភព​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល​អះអាង​ថា ការ​អភិវឌ្ឍ​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីតាំង​អភិវឌ្ឍន៍​ជា​មុន​សិន។ លោក​បន្ត​ថា មុន​ធ្វើការ​អភិវឌ្ឍ ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់ និង​ដំណោះស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ចៀសវាង​ពលរដ្ឋ​ត្រូវ​រងគ្រោះ​ដោយ​ផល​ប៉ះពាល់​កើត​ចេញពី​ការ​អភិវឌ្ឍ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ។

លោក អំ សំអាត បាន​បន្ថែម​ថា ពលរដ្ឋ​ជាប់​បណ្តឹង​នៅ​តុលាការ ឬ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ការពារ​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួកគាត់​ដែល​កើត​ចេញពី​ការ​អភិវឌ្ឍ ដូចជា​នៅ​តំបន់​បឹងកក់ និង​តំបន់​មួយ​ចំនួន​ទៀត ដែល​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ជាប់​បណ្តឹង​នៅ​តុលាការ និង​ជាប់​ពន្ធនាគារ ក៏ដូចជា​ការ​ប៉ះពាល់​ជីវភាព​រស់នៅ និង​ការ​សិក្សា​របស់​កូនៗ​ពួកគេ និង​ការ​ធ្វើ​ចំណាកស្រុក។

លោក អំ សំអាត បាន​បន្ថែម​ថា ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ គឺ​រដ្ឋ​ត្រូវ​គិតគូរ​ផល​ប្រយោជន៍​ទាំងសងខាង ជាពិសេស​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ត្រូវ​ទទួល​បាន​នូវ​ដំណោះស្រាយ និង​ផល​ប្រយោជន៍​សមរម្យ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ មិន​ត្រូវ​ទទួល​រងគ្រោះ ការ​ធ្វើ​ទុក្ខបុកម្នេញ គំរាមកំហែង ឬ​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ការពារ​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគេ គឺ​ត្រូវ​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ដោយ​ស្ម័គ្រចិត្ត។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ តុលាការ​កំពូល​បាន​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី​មកពី​សហគមន៍​បឹងកក់ ២​នាក់ បាន​រួច​ផុត​ពី​បទ​ចោទប្រកាន់។ ការ​សម្រេច​របស់​តុលាការ​កំពូល បាន​ធ្វើ​ឡើង​បន្ទាប់ពី​សកម្មជន​បឹងកក់​ទាំង​ពីរ​រូប​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១២ ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​ជា​សកម្មជន​ដូច​គ្នា។

ការ​ចោទប្រកាន់​អ្នក​ទាំង​ពីរ​កន្លង​មក​នេះ គឺ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​មាន​ក្រដាស​សរសេរ​ជាច្រើន​សន្លឹក គំរាម​ថា​នឹង​សម្លាប់​អតីត​សមាជិក​សហគមន៍​ម្នាក់​ទៀត​ឈ្មោះ លី មុំ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រាយប៉ាយ​នៅ​ខាងមុខ​ផ្ទះ​របស់​នាង។

អ្នកស្រី លី មុំ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​សមាជិក​សហគមន៍​បឹងកក់ ៦​នាក់ ដែល​ក្នុង​នោះ​រួម​ទាំង​លោក​យាយ ង៉ែត ឃុន និង​អ្នកស្រី ឆេង លាភ ផង​ដែរ។ ស្ត្រី​ទាំង ៦​នាក់​នោះ​បាន​បដិសេធ​ការ​ចោទ​នេះ។

នៅ​ក្នុង​ឆ្នាំ​២០១៦ អ្នកស្រី លី មុំ បាន​ដក​ពាក្យបណ្ដឹង ក៏ប៉ុន្តែ​សមាជិក​សហគមន៍​ទាំង ៦​នាក់​នៅតែ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ ប៉ុន្តែ​ទោស​ដាក់​ពន្ធនាគារ​ចំនួន ៦​ខែ​ត្រូវ​បាន​ព្យួរ។

លោក​យាយ ង៉ែត ឃុន និង​អ្នកស្រី ឆេង លាភ គឺជា​ជន​ជាប់​ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​ប្ដឹង​សារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល បន្ទាប់ពី​សកម្មជន​បឹងកក់​ទាំង​ពីរ​រូប​បាន​ប្តឹង​ទៅ​ឧទ្ធរណ៍ ហើយ​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ទុក​ជា​បាន​ការ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស