38.3 C
Phnom Penh

សមាគម​៥​នៅ​ក្រៅ​ស្រុក​ដង្ហែ​ញត្តិ​ជូន​សមាជិក​ព្រឹទ្ធសភា​ញូវហ្សេលែន ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ក្រៅ​ស្រុក​ចំនួន ៥ ដង្ហែ​ញត្តិ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន ដើម្បី​ឲ្យ​ពួកគេ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។

សមាគម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ញូវហ្សេលែន ចំនួន ៥ ដង្ហែ​ញត្តិ​ដែល​មាន​ហត្ថលេខា​គាំទ្រ​ពី​សមាជិក​នៃ​អង្គការ​សមាគម​នៅ​ក្រៅ​ស្រុក​ចំនួន ៦៥៥​នាក់ យក​ទៅ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

ប្រធាន​សមាគម Canterbury Cambodian Association ប្រចាំ​ប្រទេស​ញូវហ្សេលែន លោក សៅ រ៉ាស៊ី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ នេះ​ថា សមាគម​របស់​លោក​បាន​សហការ​ជាមួយ​សមាគម​ចំនួន ៥ ផ្សេង​ទៀត​ដែល​មាន​សមាជិក​ចូលរួម​ជាង ៦០០​នាក់ (៦៥៥​នាក់) ដែល​មកពី​ទីក្រុង​ផ្សេងៗ ដូចជា ទីក្រុង​ក្រៃឈើច ទីក្រុង​វ៉ាល់លីនតុន ទីក្រុង​អូរខ្លិន ទីក្រុង​ហាមិនធិន និង​ទីក្រុង​ផាមើសិននូត ផង​ដែរ ដោយ​ចុះហត្ថលេខា​លើ​ញត្តិ​ដែល​បាន​ដង្ហែ​យក​ទៅ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន នៅ​ថ្ងៃទី​២៧ កុម្ភៈ នេះ ក្នុង​នោះ សមាជិក​ព្រឹទ្ធសភា​របស់​ប្រទេស​នេះ​ក៏​បាន​ទទួល​ញត្តិ​នេះ​រួច​ហើយ​ដែរ។

លោក សៅ រ៉ាស៊ី បញ្ជាក់​ថា ញត្តិ​ដែល​ចុះហត្ថលេខា​គាំទ្រ​ដោយ​សមាជិក​សមាគម​ទាំង​ជាង ៦០០​នាក់​នេះ គឺ​ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ញូវហ្សេលែន ដែល​នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០២៤ នេះ ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ក្នុង​នាម​ប្រទេស​ញូវហ្សេលែន ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ដែរ​នោះ។

ការ​ដាក់​ញត្តិ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ជាដើម ប៉ុន្តែ​ជាក់ស្តែង ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​អនុវត្ត​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន ៦ ដូចជា​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ជាដើម បាន​ចេញ​លិខិត​ចំហ​រួម​គ្នា​មួយ​កាលពី​ពេល​កន្លង​ទៅ ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២៣ សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​អាដហុក បាន​ដាក់​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ មុន​នឹង​យន្តការ​ដើម្បី​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (UPR) ធ្វើឡើង​នៅ​អំឡុង​ខែ​មីនា ខាងមុខ​នេះ​ផង​ដែរ។

អង្គការ​អាដហុក បញ្ជាក់​ថា របាយការណ៍​នេះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ដីធ្លី ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ជាដើម ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​អនុវត្ត​ទៅ​តាម​យន្តការ​ដើម្បី​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៣ (UPR) របស់​អង្គការ​សហប្រជាជាតិ​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ​ទេ។

អង្គការ​សហប្រជាជាតិ នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​២៦ របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស