34.7 C
Phnom Penh

តុលាការ​កំពូល​ថៃ​ជម្រះ​ការ​ចោទប្រកាន់​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្នុង​សំណុំរឿង​មួយ​ករណី​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ បាន​អះអាង​ថា នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែ​មីនា នេះ តុលាការ​កំពូល​នៃ​ប្រទេស​ថៃ បាន​សម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​និរទេស​ខ្លួន រួច​ផុត​ពី​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​មួយ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​កាលពី​ឆ្នាំ​២០១៣។

អ្នកស្រី Yingluck ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក Thaksin Shinawatra បាន​និង​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​អស់​រយៈពេល ៦​ឆ្នាំ​មក​នេះ ដោយសារតែ​គេច​ពី​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ បន្ទាប់ពី​រដ្ឋាភិបាល​របស់​អ្នកស្រី​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤។

ចំណែក​លោក Thaksin ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែរ ហើយ​ធ្លាប់​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​យោធា​ដូច​គ្នា​កាលពី​ឆ្នាំ​២០០៦។ លោក Thaksin Shinawatra ទើប​តែ​ត្រូវ​បាន​ដោះលែង​នា​ពេល​ថ្មីៗ​នេះ គឺ ៦​ខែ​បន្ទាប់ពី​រូបលោក​បាន​ជាប់​ឃុំឃាំង​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​បាងកក ចាប់តាំងពី​ត្រឡប់​ចូល​ស្រុក​វិញ ក្រោយ​រស់នៅ​និរទេស​ខ្លួន​អស់​ជាច្រើន​ឆ្នាំ។

សំណុំរឿង​របស់​អ្នកស្រី Yingluck ផ្តើម​ចេញ​មកពី​ពាក្យ​បណ្តឹង​មួយ​កាលពី​ឆ្នាំ​២០២២ ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ជាតិ​បង្ក្រាប​អំពើពុករលួយ​របស់​ប្រទេស​ថៃ ប្រឆាំង​លើ​រូប​អ្នកស្រី និង​បុគ្គល ៤​នាក់​ទៀត ដែល​បាន​ចោទប្រកាន់​ថា អ្នក​ទាំង​៥ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រង​ការ​ខាតបង់​តាមរយៈ​ការ​មិន​អនុវត្ត​តាម​ដំណើរការ​ដេញថ្លៃ ក្នុង​ការ​ផ្តល់​កិច្ចសន្យា​មួយ​របស់​រដ្ឋាភិបាល​ដែល​មាន​តម្លៃ ២៥០​លាន​បាត ឬ​ស្មើ​នឹង ៦,៧១​លាន​ដុល្លារ។

មេធាវី​អ្នកស្រី​បាន​អះអាង​ថា តុលាការ​កំពូល​ថៃ បាន​សម្រេច​ទម្លាក់​ចោល​សំណុំ​រឿង​នេះ ក្រោយ​រក​ឃើញ​ថា អ្នក​ទាំង​៥ បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់ ហើយ​ពុំ​បាន​ទទួល​អត្ថប្រយោជន៍​អ្វី​ឡើយ។

ដោយឡែក​កាលពី​ឆ្នាំ​២០១៧ អ្នកស្រី Yingluck ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ពី​បទ​ធ្វេស​ក្នុង​ការ​បំពេញ​តួនាទី ហើយ​ត្រូវ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ពាក់ព័ន្ធ​គម្រោង​របស់​រដ្ឋាភិបាល​លោកស្រី​ស្ដីពី​ការ​ជួយ​ទិញ​ស្រូវ​អង្ករ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​រដ្ឋ​ខាត​ប្រាក់​សរុប​ខ្ទង់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម។

ទាំង​លោក ថាក់ស៊ីន និង​អ្នកស្រី យីងឡាក់ ត្រូវ​បាន​អ្នកវិភាគ​ចាត់ទុក​ថា​ជា​អ្នកទោស​នយោបាយ ព្រោះ​ពួកគាត់​សុទ្ធតែ​ត្រូវ​បាន​ផ្តួល​រំលំ​អំណាច​ដោយសារ​រដ្ឋប្រហារ​យោធា។

រាជាណាចក្រ​ថៃ កំពុង​ដើរ​លើ​ផ្លូវ​ផ្សះផ្សា​ជាតិ​ដ៏​ទូលំទូលាយ​ក្រោយ​ពួក​យោធា​លែង​កាន់​អំណាច

ទោះជា​អំណាច​តុលាការ​ក៏ដោយ តែ​ការពិត​ដោយសារតែ​ពួក​យោធា​លែង​កាន់​អំណាច​ទេ ទើប​ផ្ដល់​ឱកាស​មាន​ការ​បង្រួបបង្រួម​ជាតិ​ថៃ ដែល​គេ​ថា​នៅ​ក្រោម​ការ​ដឹកនាំ​បក្ស​ប្រឆាំង​នៃ​គណបក្ស​ភឿថៃ ហើយ​ឱកាស​នេះ​ក៏​ធ្វើឡើង​ដោយសារតែ​បក្ស​ភឿថៃ នេះ​បាន​សម្រេច​ឱ្យ​មាន​រដ្ឋាភិបាលចម្រុះ​ដ៏​ទូលំទូលាយ​មួយ​ដែល​សូម្បី​បក្ស​ខាង​យោធា ក៏​មាន​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ដែរ។

ក្នុង​ហេតុផល​នេះ គេ​ថា​ពួក​យោធា​សម្រេច​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​ដែល​និរទេស​ខ្លួន​ទាំងអស់ រួម​ទាំង​លោក ថាក់ស៊ីន និង​អ្នកស្រី យីងឡាក់ អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ពីរ​រូប​នេះ​ក៏​បាន​វិល​មក​រួម​រស់​ក្នុង​សង្គម​ថៃ​ឡើងវិញ។

ប៉ុន្តែ​អំណាច​តុលាការ​កំពូល​រាជាណាចក្រ​ថៃ នៅ​ពេលនេះ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រត់​តាម​ស្ថានភាព​នយោបាយ​ផង​ដែរ។ វា​មាន​ន័យ​ថា បើ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ គឺ​ទោះបីជា​ការ​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ឬ​បទឧក្រិដ្ឋ​ក៏ដោយ ក៏​ត្រូវតែ​ទម្លាក់​ចោល​ផង​ដែរ បើ​ជន​ជាប់ចោទ​នោះ​ជា​អ្នក​នយោបាយ។ ជាក់ស្ដែង អ្នកស្រី យីងឡាក់ និង​លោក ថាក់ស៊ីន នៅ​ពេលនេះ។ រាជាណាចក្រ​ថៃ នៅ​ពេលនេះ គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ដឹកនាំ​នៃ​គណបក្ស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ។ ការ​ផ្សះផ្សា​ជាតិ​ដ៏​ទូលំទូលាយ​នេះ វា​ពិត​ណាស់​កើត​ចេញពី​ការ​សម្របសម្រួល​បញ្ចប់​ហិង្សា​នយោបាយ​រវាង​ពួក​យោធា និង​គណបក្ស​មាន​និន្នាការ​ប្រជាធិបតេយ្យ​ដូចជា​គណបក្ស​ភឿថៃ ជាដើម​នេះ។

អ្នក​សង្កេតការណ៍​នៅ​ក្នុង​តំបន់​មើល​ឃើញ​រូបភាព​នៅ​ក្នុង​រាជាណាចក្រ​ថៃ នៅ​ពេលនេះ​ខុស​ប្លែក​ឆ្ងាយ​ណាស់ និង​ប្រសើរ​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ជិតខាង​ថៃ មាន​ដូចជា​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​ពួក​យោធា ដែល​ប្លន់​អំណាច​របស់​អ្នក​ប្រជាធិបតេយ្យ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ និង​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​អំណាច​ប្រព័ន្ធ​បក្ស​មួយ​ផ្ដាច់មុខ។ រាជាណាចក្រ​នេះ​បិទ​ឈឹង​តែម្ដង​ការ​ផ្សះផ្សា​ជាតិ ទោះបី​ជា​មាន​មេដឹកនាំ​ថ្មី​វ័យក្មេង​ធ្លាប់​រៀនសូត្រ​ចេះដឹង​ពី​ប្រទេស​ប្រជាធិបតេយ្យ​លោក​សេរី​យ៉ាងណា​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស