31 C
Phnom Penh

នាយករដ្ឋមន្ត្រី​ត​ត្រកូល​ថា​នឹង​កែទម្រង់​រាជរដ្ឋាភិបាល​ឱ្យ​ស៊ីជម្រៅ ដើម្បី​បង្កើន​វិនិយោគទុន​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​ដោយ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ ដើម្បី​ជំរុញ​បរិយាកាស​អំណោយ​ផល​ដល់​អាជីវកម្ម និង​ការ​វិនិយោគទុន​ក្នុង​គោលបំណង​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ឱ្យ​ទៅ​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ការ​បណ្ដាក់​ទុន​ពី​បរទេស។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​វេទិកា​ធុរកិច្ច​អូស្ត្រាលី-កម្ពុជា នៃ​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី ក្នុង​ទីក្រុង​មែលប៊ន នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​កំណែ​ទម្រង់​ស៊ីជម្រៅ​ហើយ ដោយ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធុរកិច្ច និង​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​ដល់​អាជីវកម្ម និង​ការ​វិនិយោគ​ឱ្យ​មាន​និរន្តរភាព។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល-វិស័យ​ឯកជន កាលពី​ចុង​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គម្រោង​កំណែ​ទម្រង់​សំខាន់ៗ​ជាច្រើន​ក្នុង​វិស័យ​ចំនួន​១០ ដែល​ទាក់ទង​នឹង​អាជីវកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគទុន។ លើស​ពី​នេះ​ទៀត ច្បាប់​ថ្មីៗ​នៅ​ប្រទេស​កម្ពុជា​ស្តីអំពី​ពន្ធដារ ក៏​បាន​បង្ហាញ​អំពី​ការ​ជំរុញ​ឲ្យ​មាន​តម្លាភាព និង​ច្បាប់​ថ្មី​ស្ដីពី​ការ​វិនិយោគទុន បាន​ផ្តល់​ជូន​នូវ​គោលការណ៍​លើក​ទឹកចិត្ត​ដ៏​ឆ្លាតវៃ និង​អំណោយ​ផល ព្រមទាំង​សេវាកម្ម​ថែទាំ​អ្នក​វិនិយោគ​ជាច្រើន​ទៀត​ផង​ដែរ។

នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​បញ្ជាក់​ថា ការ​វិនិយោគទុន​ដែល​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ពឹងផ្អែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន ដូចជា ផ្លូវ​ល្បឿន​លឿន កំពង់ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន​អន្តរជាតិ ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដែល​បាន​ត​ភ្ជាប់​បណ្ដាញ​ដឹកជញ្ជូន​យ៉ាង​រលូន ជាមួយ​នឹង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ច្រក​របៀង​សំខាន់ៗ​ទាំង​ក្នុង​ប្រទេស និង​តំបន់។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា ការ​សន្យា​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​បាន​ផល​អ្វី​ទាំងអស់ ព្រោះ​ក្នុង​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ គេ​បាន​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​កខ្វក់​រួច​ទៅ​ហើយ។ ក្រៅពី​នេះ​ទៀត ពួកគេ​ក៏​ចាត់ទុក​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត គឺ​ដូច​ប្រទេស​កុម្មុយនីស្ត​ត​ពូជ​កូរ៉េខាងជើង ដែរ។

លោក គឹម សុខ លើកឡើង​ថា ទោះជា​លោក ហ៊ុន ម៉ាណែត អួត​អំពី​ការ​កែទម្រង់​ស៊ីជម្រៅ និង​កែ​ច្បាប់​យ៉ាងណា​ក៏ដោយ ក៏​មិន​អាច​ទាក់ទាញ​វិនិយោគទុន​បរទេស​បាន​ដែរ ឱ្យ​តែ​រដ្ឋាភិបាល​នេះ​នៅ​តែ​បន្ត​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​បិទ​លំហ​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ។

លោក​បន្ថែម​ថា លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​កំណែ​ទម្រង់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​មួយ​ទៀត​ដែរ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​បរទេស​ទុកចិត្ត គឺ​ខ្លួន​គាត់​ផ្ទាល់​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ និង​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​ទៅ​មន្ត្រី​គ្រាក់ៗ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​គាប​សង្កត់​អ្នក​វិនិយោគទុន​បរទេស​ឱ្យ​បាន​ដាច់ខាត។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា អ្នក​វិនិយោគ​បរទេស​ផ្ដោត​ទៅ​លើ​កត្តា​សំខាន់​ពីរ​ក្នុង​ការ​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា គឺ​ទី​១ លើ​បរិយាកាស​នយោបាយ ជាពិសេស​ការ​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន​សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឱ្យ​ពួកគេ​ខ្លាចរអា និង​ទី​២ គឺ​លើ​ការ​អនុវត្ត​ច្បាប់។ ដូច្នេះ បើ​លោក ហ៊ុន ម៉ាណែត អាច​កែទម្រង់​ចំណុច​ធំៗ​ទាំង​ពីរ​នេះ​បាន ទៅ​ជា​ការ​ដឹកនាំ​តាម​ប្រជាធិបតេយ្យ និង​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ នោះ​អ្នក​វិនិយោគ​បរទេស​ក៏​អាច​នឹង​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា​ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​លើក​ទឹកចិត្ត​ដោយ​បើក​ចំហ​ទទួល​វិនិយោគទុន​បរទេស​ដែល​ហ៊ាន​បណ្ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា​រយៈពេល​យូរ​អង្វែង មាន​ទុន​ចាប់ពី ១​សែន​ដុល្លារ​អាមេរិក​ឡើង​ទៅ (១០០០០០​ដុល្លារ​អាមេរិក) រដ្ឋាភិបាល​នឹង​ផ្តល់​ឱ្យ​នូវ​ទិដ្ឋាការ​ពិសេស​រយៈពេល ៣​ឆ្នាំ ប៉ុន្តែ​រហូត​ដល់​ពេលនេះ មិន​ទាន់​មាន​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ណា​មួយ​ចេញ​មុខ​ប្រកាស​ទៅ​បណ្ដាក់​ទុន​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា​នៅឡើយ​ទេ។

កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស សារព័ត៌មាន​អន្តរជាតិ​ឈ្មោះ ប៉ូលិទិកូ (POLITOCO) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប ដែល​មាន​វត្តមាន​ក្នុង​ទីក្រុង​ដាវ៉ូស ក្នុង​នោះ លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​នោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស