40.8 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ព្រមាន​ស្នើ​រដ្ឋាភិបាល​ក្រុង​កង់ប៊ែរ៉ា​បិទ​មិន​ឱ្យ​ទិដ្ឋាការ​មន្ត្រី​បក្ស​កាន់​អំណាច​ចេញ​ចូល​ប្រទេស​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អភិបាល​ក្រុង​ហ្គ្រែតធឺ ដាដេណង់ (Greater Dandenong) ជាយក្រុង​មែលប៊ន (Melbourne) រដ្ឋ​វិចតូរីយ៉ា (Victoria) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ព្រមាន​ថា​នឹង​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ដូចជា លោក គឹម សន្តិភាព ជាដើម ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​បំណង​បំបែក​បំបាក់​សហគមន៍​ខ្មែរ។

អតីត​អភិបាល​ក្រុង​ហ្គ្រែតធឺ ដាដេណង់ ក្នុង​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ជាមួយ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា លោក​នឹង​ប្រមូល​សមាជិក​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​ពិនិត្យ​លើ​សមាសភាព​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បិទ​ទិដ្ឋាការ បញ្ឈប់​ការ​ចេញ​ចូល​ប្រទេស​អូស្ត្រាលី ជា​អចិន្ត្រៃយ៍ និង​ពិនិត្យ​លើ​សមាសភាព​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​ណា​ដែល​ត្រូវ​បិទ​ទិដ្ឋាការ​បណ្ដោះអាសន្ន ដើម្បី​កុំ​ឱ្យ​ពួកគេ​បន្លំ​ខ្លួន​ជា​អ្នក​ធ្វើ​បាតុកម្ម​គាំទ្រ​លោក ហ៊ុន ម៉ាណែត អំឡុង​ពេល​នាយករដ្ឋមន្ត្រី​ខ្មែរ​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

លោក ជា យូហ៊ន លើកឡើង​ថា ពួកគេ​អាច​មក​ក្នុង​នាម​ជា​មន្ត្រី​ហែហម​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​មិន​ត្រូវ​បន្លំ​ធ្វើ​ជា​បាតុករ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ទេ ព្រោះ​ទង្វើ​នេះ​ជា​ទង្វើ​បោកប្រាស់។ ជាង​នេះ​ទៀត លោក​ក៏​នឹង​ដាក់​ញត្តិ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី បិទ​ទិដ្ឋាការ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​លោក ឡាវ វ៉ាន់ ជាដើម ដែល​កំពុង​លូក​ដៃ​យ៉ាង​ជ្រៅ​លើ​កិច្ចការ​ផ្ទៃក្នុង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ក្នុង​នាម​ជា​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បរទេស​ផង​ដែរ ដែល​ទង្វើ​នេះ​គឺជា​ការ​បំបែក​បំបាក់​សហគមន៍​ក្នុង​តំបន់​ទាំង ៧ នៅ​ប្រទេស​អូស្ត្រាលី យ៉ាង​ធ្ងន់ធ្ងរ។

អតីត​អភិបាល​ក្រុង​ហ្គ្រែតធឺ ដាដេណង់ លោក ជា យូហ៊ន បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​ដាក់​បញ្ចូល​ច្បាប់​ដាក់​ទណ្ឌកម្ម (Magnitsky Act) តាម​លំនាំ​ច្បាប់​សហរដ្ឋ​អាមេរិក ចូល​ជា​ធរមាន បញ្ញត្តិ​ក្នុង​ប្រទេស​អូស្ត្រាលី រួចរាល់​ហើយ ខណៈ​រដ្ឋាភិបាល​អូស្ត្រាលី ក៏​ត្រូវ​អនុវត្ត​ច្បាប់​នេះ​ដែរ។ ដូច្នេះ ការ​ដង្ហែ​ញត្តិ​ពី​សហគមន៍​ខ្មែរ​ដាក់​ជូន​ព្រឹទ្ធសភា​អូស្ត្រាលី កាលពី​ពេល​ថ្មីៗ​នេះ​ស្តីអំពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​អូស្ត្រាលី ជាពិសេស​ការ​បំបែក​បំបាក់​សហគមន៍​ខ្មែរ​ពី​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​មាន​ភស្តុតាង​ផ្លូវច្បាប់​គ្រប់គ្រាន់។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​បណ្ដាញ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ខ្វាត់ខ្វែង​ក្នុង​បំណង​ឱ្យ​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​នេះ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ដើម្បី​បំបែក​បំបាក់​សហគមន៍​ខ្មែរ​ដែល​មិន​គាំទ្រ​គណបក្ស​របស់​ខ្លួន​ផង​ដែរ។

តាម​ខ្លឹមសារ​ច្បាប់​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក រាជរដ្ឋាភិបាល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​នេះ គេ​ចាត់ទុក​ថា​អនុវត្ត​តាម​មាគ៌ា​របប​ក្តោប​ក្តាប់​ផ្ដាច់ការ​ផ្ដាច់មុខ totalitarianism។

ចាប់តាំងពី​ឆ្នាំ​២០១៥ មក គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​រៀបចំ​បណ្ដាញ​នៅ​ប្រទេស​អូស្ត្រាលី​យ៉ាង​សកម្ម​ដែល​មាន​លោក គឹម សន្តិភាព ជា​មនុស្ស​ជំនិត​នឹង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ពេល​នោះ ក្នុង​នោះ ពួកគេ​បាន​បែងចែក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ក្នុង​តំបន់​ទាំង ៧ នៅ​ប្រទេស​អូស្ត្រាលី និង​ពីរ​តំបន់​ទៀត គឺ​តំបន់ ៨ និង​តំបន់ ៩ នៅ​ប្រទេស​នូវែលហ្សេឡង់ រហូត​ដល់​សព្វថ្ងៃ​នេះ។

សេចក្តី​រាយការណ៍​អំពី​ការ​ចងក្រង​ជា​ចង្កោម ហៅថា​បណ្ដាញ​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ផ្សាយ​នា​ឆ្នាំ​២០២១ បង្ហាញ​ថា រាជធានី​កង់ប៊ែរ៉ា ដែល​ជា​តំបន់​១ នៃ​ប្រទេស​អូស្ត្រាលី ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ឈ្មោះ រិន ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណែក​ឯ​ក្រុង​មែលប៊ន រដ្ឋ​វិចតូរីយ៉ា (Melbourne, Victoria) ដែល​ជា​តំបន់​២ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ឧត្ដមសេនីយ៍ទោ ឡាវ វ៉ាន់ មេបញ្ជាការ​រង​កងពល​តូច​អង្គរក្ស​លេខ​៧០ ខណៈ​ក្រុង​ស៊ីដនី ដែល​ជា​តំបន់​៣ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ឧត្ដមនាវីឯក ហួរ ហាប់ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងយោធពល​នៃ​កង​នាវាចរណ៍​ខេមរភូមិន្ទ​ផង​ដែរ។

ក្រៅ​ពី​នេះ ក្រុង​ប្រ៊ីស្បេន (Brisbane) ដែល​ជា​តំបន់​៤ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ឧត្តមសេនីយ៍ទោ​យោធា វង្ស វិសិទ្ធ ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស និង​ក្រុង​អាដឺឡែដ (Adelaide) ដែល​ជា​តំបន់​៥ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានា​រ៉ាប់រង និង​សោធន​និវត្តន៍។

ដោយឡែក​ក្រុង Darwin ដែល​ជា​តំបន់​៦ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ឧត្តមសេនីយ៍ទោ​ប៉ូលិស សុខ វាសនា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​បច្ចេកវិទ្យា និង​ក្រុង​ភើត្ស៍ (Perth) ដែល​ជា​តំបន់​៧ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ឈ្មោះ ខាន់ វណ្ណៈ អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​សេដ្ឋកិច្ច ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្រៅពី​ការ​ចងក្រង​អូសទាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​ទទួល​ខុសត្រូវ​តាម​តំបន់​នីមួយៗ ក៏​មាន​ភារកិច្ច​បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​នោះ​ទៅ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា រាល់​ពេល​មាន​វត្តមាន​ក្នុង​ប្រទេស​អូស្ត្រាលី ម្តងៗ។ ឧទាហរណ៍​ជាក់ស្តែង កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៤ ក្នុង​ពិធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ជាមួយ​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា មាន​អ្នក​ចូលរួម​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ជាង ១០០០​នាក់។

ទោះជា​យ៉ាងណា​ក៏ដោយ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក សួន សុរីដា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ការ​ជួបជុំ​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី នោះ គឺ​សុទ្ធតែ​ជា​ការ​បោក​បញ្ឆោត​ពី​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច ដែល​បាន​កៀរគរ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ឱ្យ​ទៅ​ចូលរួម​ទទួល​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ មិនមែន​ពួកគេ​ទៅ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ទេ។

លោក សួន សុរីដា អះអាង​ថា មុន​នឹង​លោក ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី បណ្ដាញ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​លិខិត​បោកប្រាស់​ជាច្រើន​អញ្ជើញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទៅ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​មួយ ប៉ុន្តែ​ពេល​ទៅ​ដល់​ទើប​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ដឹង​ថា តាម​ការពិត ខ្លួន​ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យ​ចូលរួម​ពិធី​នេះ​ដើម្បី​ឱ្យ​ពួកគេ​ចុះឈ្មោះ​របស់​ខ្លួន​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ មិនមែន​ជា​កម្មវិធី​ជប់លៀង​ដូចជា​ការ​បញ្ជាក់​ក្នុង​លិខិត​អញ្ជើញ​នោះ​ទេ។

មាន​មតិ​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ដែល​បណ្តោយ​ខ្លួន​ឲ្យ​បណ្ដាញ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា កៀរគរ​បាន​ដូច​គោ​ដូច​ក្របី​ទៅ​តាម​លិខិត​អញ្ជើញ​បោកប្រាស់​អ៊ីចឹង?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស