30.8 C
Phnom Penh

តើ​ការ​បង្ក្រាប​របរ​ឧក្រិដ្ឋ​ឆបោក​តាម​អនឡាញ អាច​ស្ដារ​មុខមាត់​រាជាណាចក្រ​អច្ឆរិយ​បាន​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ខ្មែរ​ចូល​ឆែកឆេរ​ទីតាំង​រកស៊ី​បែប​ឆបោក​ជាច្រើន​កន្លែង​នៅ​ក្រុង​ព្រះសីហនុ ហើយ​ចាប់​បាន​ជនល្មើស​ជាច្រើន​ជាតិ​សាសន៍​ជិត ៥០០​នាក់ កាលពី​ថ្ងៃទី​៩-១០ ខែ​មីនា កន្លង​ទៅ។

របរ​រកស៊ី​បែប​ឆបោក​ទាំងនោះ ប្រព្រឹត្ត​ទៅ​នៅ​ពីក្រោយ​យីហោ​បនល្បែង​ស៊ីសង​កាស៊ីណូ ដែល​មាន​អាជ្ញាបណ្ណ​ស្រប​ច្បាប់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រាជរដ្ឋាភិបាល។

សារព័ត៌មាន South China Morning Post កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា បាន​ចុះផ្សាយ​ថា បណ្ដាញ​ឧក្រិដ្ឋកម្ម​បរទេស​ភាគច្រើន​ជា​ពួក​ម៉ាហ្វីយ៉ា​ចិន ជ្រៀត​ចូល​មក​ខេត្ត​ព្រះសីហនុ ដែល​មិន​សូវ​មាន​ការ​គោរព​ច្បាប់។ គេ​ប្រៀបធៀប​ក្រុង​ព្រះសីហនុ ទៅ​នឹង​ទីក្រុង​ផ្សេងៗ​ទៀត​ដែល​ជាប់​ឈ្មោះ​ជា​ទីក្រុង​បាបកម្ម ឬ​ហៅថា sin city។

ជំនួយការ​នៃ​តំណាង​ការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ Benedikt Hofman និយាយ​ថា ទោះបី​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​សកម្មភាព​ស៊ើបអង្កេត និង​បង្ក្រាប​យ៉ាងណា​ក៏ដោយ ក៏​កិច្ចប្រឹងប្រែង​ទាំងនេះ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​ប្រតិបត្តិការ​ឆបោក​ទាំងអស់​នោះ​បាន​នៅឡើយ​ទេ។

គេ​សង្កេត​ឃើញ​មាន​សំណង់​អគារ​ជំនួញ និង​ខុនដូ​សាងសង់​ឡើង​ព្រោងព្រាត​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ប្រើប្រាស់​ជា​ទី​ស្នាក់​អាស្រ័យ​ដល់​ពលករ​សម្រាប់​ធ្វើជា​ការិយាល័យ ឬ​ធ្វើ​ជា​បន្ទប់ ដើម្បី​ប្រព្រឹត្ត​អំពើ​បោកប្រាស់​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត។ ពួក​អ្នក​លេង ឬ​ជនពាល ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី​មុខរបរ​ឆបោក​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ។

លោក Benedikt Hofman និយាយ​ថា ការ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​ទីតាំង​ទាំងនោះ នឹង​នាំ​ទៅ​ការ​ផ្លាស់ប្ដូរ​ទីតាំង​ភូមិសាស្ត្រ ជាជាង​ការ​បង្ក​ឲ្យ​មាន​ផល​វិជ្ជមាន​ជា​អចិន្ត្រៃយ៍ ព្រោះ​ថា​កន្លង​មក ក្រោយ​ស្ងាត់​មួយ​ភ្លែត មុខរបរ​ឆបោក​នោះ​បាន​វិល​មក​វិញ​ដដែល​តែ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ជនល្មើស​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់​បាន​ជា​មនុស្ស​រាយរង តូចតាច​ស្ទើរតែ​ទាំងអស់ ហើយ​រីឯ​មេខ្លោង​ធំៗ សមត្ថកិច្ច​ចាប់​មិន​ដែល​បាន​ម្តង​ណា​ឡើយ។

កាលពី​ពេល​បុណ្យ​ចូលឆ្នាំ​ចិន ពួក​ឧក្រិដ្ឋជន​បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​កម្ពុជា​មួយ​រយៈ ហើយ​ពេល​ដែល​ពួកគេ​ត្រឡប់​មក​វិញ ពួកគេ​បាន​នាំគ្នា​ទៅ​ជួល​បន្ទប់​សណ្ឋាគារ​ស្នាក់នៅ​ធ្វើ​ដូចជា​ទេសចរ​មក​លេង​ក្រុង​ព្រះសីហនុ អ៊ីចឹង​ដែរ។ បន្ទាប់​មក ពួកគេ​ទៅ​ស្នាក់នៅ​តាម​អគារ​ដែល​ក្រុមហ៊ុន​របស់​គេ​បាន​សង់​ទុក​រួចជាស្រេច​នោះ។

គេ​បញ្ចុះបញ្ចូល​ជនជាតិ​ដទៃ​ដូចជា​ខ្មែរ ឥណ្ឌូនេស៊ី ភូមា វៀតណាម ឡាវ នៅ​តំបន់​អាស៊ី និង​ជនជាតិ​អ៊ូហ្គង់ដា (Uganda) ខិនញ៉ា (Kenya) អេត្យូពី (Ethiopi) និង​អេហ្ស៊ីប (Egypt) ដោយ​សន្យា​ផ្តល់​ការងារ​មាន​ប្រាក់ខែ​ច្រើន។

មេខ្លោង​ជនជាតិ​ចិន ដែល​អាជ្ញាធរ​ខ្មែរ​រក​មុខ​មិន​ឃើញ​នោះ គឺ​ឈ្មោះ ហ្សុង ហួគុន (Zhong Huokun) ម្ចាស់​ទីតាំង​បង្កើត​មុខរបរ​ឆបោក​ដែល​អាជ្ញាធរ​ឆែកឆេរ​បង្ក្រាប​កាលពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ខែ​មីនា នោះ។

ក្រោយពី​ប្រតិបត្តិការ​រក​ចំណូល​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា របរ​ឆបោក​បាន​ពង្រីក​ទីតាំង​នៅ​ប្រទេស​ហ្វីលីពីន ឡាវ ភូមា និង​ក្រុង​ឌូបៃ នៃ​ប្រទេស​អារ៉ាប់រួមអេមីរ៉ាត។

ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ខាង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​អះអាង​ថា បនល្បែង​កាស៊ីណូ​តាម​ដង​ទន្លេមេគង្គ ប្រៀប​បាន​នឹង​ប្រព័ន្ធ​ធនាគារ​ដែល​ជួយ​ឧបត្ថម្ភ​មុខរបរ​ខុស​ច្បាប់​ធ្វើ​ចរាចរណ៍​សម្អាត​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​ប្រមូល​បាន​ពី​សកម្មភាព​ផ្លូវ​ងងឹត និង​មុខរបរ​ឆបោក​ក្រៅ​ប្រព័ន្ធ​ច្បាប់ ឬ​ហៅថា cryptocurrency។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ជា​ភាសា​ចិន ឈ្មោះ អ្នក​សង្កេតការណ៍​អង្គរ ឬ​ហៅ​ថា Angkor Observer លោក ហ្វ័ង យ៉ាន ថ្លែង​អះអាង​ថា តាម​ធម្មតា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ភាគច្រើន​បាន​តែ​ទៅ​លើ​កន្លែង​តូចតាច ចាប់​បុគ្គលិក​ដែល​គេ​ប្រើ​ឲ្យ​ធ្វើការ​បោកប្រាស់​ដែល​ជា​ជនជាតិ​ខ្មែរ ជនជាតិ​ថៃ ឬ​វៀតណាម ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​ដែល​ចាប់​បាន​មេខ្លោង​ដែល​គ្រប់គ្រង ឬ​ចាត់ចែង​មុខរបរ​ឧក្រិដ្ឋកម្ម​នេះ​ម្តង​ណា​ឡើយ។

នៅ​ប្រទេស​ភូមា អាជ្ញាធរ​ចិន បាន​ធ្វើ​ប្រតិបត្តិការ​តាម​ទីក្រុង​ជាប់​ព្រំដែន​ចិន ហើយ​បង្ខំ​ឲ្យ​ឧក្រិដ្ឋជន​មួយ​ចំនួន​រត់​ចូល​មក​ប្រទេស​កម្ពុជា។

ដោយសារ​មាន​សម្ពាធ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង បាន​នាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រឹងប្រែង​បង្ហាញ​ថា គេ​កំពុងតែ​រឹត​បន្តឹង​មុខរបរ​ឆបោក​តាម​អនឡាញ ព្រមទាំង​ប្ដេជ្ញា​ថា​នឹង​មិន​ចេញ​អាជ្ញាបណ្ណ​ឲ្យ​ងាយៗ​ដូច​មុន​ទៀត​នោះ​ទេ។

ដំណាល​ពេល​គ្នា​នេះ នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រកាស​ថា​នឹង​ព្យួរ​អាជ្ញាបណ្ណ​បើក​កាស៊ីណូ​អចិន្ត្រៃយ៍ និង​បណ្ដោះអាសន្ន​ប្រមាណ​ជិត ២០០​អាជ្ញាបណ្ណ។

អ្នក​តាមដាន​ពី​ប្រភព Cyber Scam Monitor ឲ្យ​ដឹង​ថា របរ​ឆបោក​ហាក់ដូចជា​បន្ថយ​សកម្មភាព​ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​របរ​ឧក្រិដ្ឋ​នេះ​ដូចជា​វិល​មក​វិញ​ទៀត​ហើយ​នៅ​ក្រុង​ព្រះសីហនុ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រភព Cyber Scam Monitor ដែល​បាន​តាមដាន​សកម្មភាព​នៃ​របរ​ឆបោក និង​ល្បែង​អនឡាញ បញ្ជាក់​ថា ឧស្សាហកម្ម​ប្រភេទ​នេះ​បាន​បង្កប់​ជាប់​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ភស្តុតាង​ថា​អ្នក​មាន​អំណាច​ទទួល​ផល​ពី​របរ​មួយ​នេះ ហើយ​ធានារ៉ាប់រង​ឲ្យ​មុខរបរ​នេះ​រស់រាន​ទៅ​មុខ​បាន​យូរ​អង្វែង​ទៀត​ផង។

ក្រុម​នេះ​ផ្តល់​ឱវាទ​ថា បើ​ចង់​ដោះស្រាយ​បញ្ហា​ឆបោក និង​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ដែល​បាន​ខូចខាត​ទៅ​ហើយ​នោះ លុះត្រាតែ​មាន​ការ​អនុវត្ត​ច្បាប់​ដើម្បី​បង្ក្រាប​អំពើ​ខុស​ច្បាប់​ទាំងនេះ ហើយ​ផ្ដន្ទាទោស​ពួក​មន្ត្រី​ដែល​ទទួល​បាន​ផល ឬ​មន្ត្រី​ដែល​តែង​ការពារ​របរ​ខុស​ច្បាប់​ទាំងឡាយ​នោះ ទើប​មហាជន ឬ​សហគមន៍​អន្តរជាតិ​អាច​ជឿ​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស