34 C
Phnom Penh

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ប្រកាស​ចូលរួម​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​ចូលរួម​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (Universal Predict Review (UPR)) ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ក្នុង​ប្រទេស​ស្វីស។

អនុប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក រ៉េត សម្បត្តិ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ ថា ការ​ចេញ​តស៊ូ​មតិ​នេះ ដោយសារតែ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ខ្មែរ រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ទៀត មិន​ដែល​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​បាន​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​ស្រប​ច្បាប់​នោះ​ទេ ស្រប​ពេល​ដែល​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ​ពី​សំណាក់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​កើត​មាន។

លោក រ៉េត សម្បត្តិ លើកឡើង​ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ក៏​នឹង​ធ្វើ​បេសកកម្ម​ប្តឹង​ទៅ​ស្ថាប័ន​នានា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិ​លំនៅឋាន ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​ទីជម្រក​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះវិហារ ខេត្ត​សៀមរាប ក្នុង​តំបន់​អង្គរ និង​ខេត្ត​ដទៃ​ទៀត​ដោយ​គ្មាន​សំណង​ត្រឹមត្រូវ​តាម​ច្បាប់។

លោក រ៉េត សម្បត្តិ បញ្ជាក់​ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មិនមែន​ជា​គណបក្ស​នយោបាយ​ទេ ដូច្នេះ​ចលនា​នេះ​អាច​សហការ​ក្នុង​នាម​ជា​ដៃគូ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រប់​ប្រភេទ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​តស៊ូ​មតិ​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ ស្រប​ពេល​ដែល​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កំពុងតែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​សព្វថ្ងៃ​នេះ។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​ថា ក្រោម​ភាព​មន្ទិល​សង្ស័យ​នៃ​ក្រសែភ្នែក​របស់​អន្តរជាតិ​លើ​ភាព​ជា​តំណាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នៅ​ពេលនេះ។

លោក​បន្ត​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ប្រមូល និង​បញ្ចេញ​ភស្តុតាង​ឱ្យ​កាន់តែ​ច្បាស់​អំពី​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ថា​តើ​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​គាត់​នៅ​ពេលនេះ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស រួម​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែរ​ឬ​ក៏​អត់។

ចំណែក​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​គណៈកម្មការ​ស្វែងរក​ការពិត​អំពី​កម្ពុជា​លោក ម៉តថុន សក្លា (Morton Sklar) ក៏​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​លើ​សកលលោក ត្រូវ​ចូលរួម​លាតត្រដាង​អំពី​ការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ពលរដ្ឋ​ខ្លួនឯង​ឱ្យ​កាន់តែ​ផុសផុល ព្រោះ​ថា​ការ​ប្រមូល​ភស្តុតាង​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ដាក់​ជា​របាយការណ៍​ជូន​អង្គការ​សហប្រជាជាតិ ត្រួតពិនិត្យ​តាមរយៈ​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ ឬ UPR ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ គឺជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការ​ទាញ​ឱ្យ​ប្រទេស​កម្ពុជា​ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ សមាគម Canterbury Cambodian Khmer Association ប្រចាំ​ប្រទេស​ញ៉ូវហ្សេឡែន និង​សមាគម​ចំនួន ៥ ផ្សេង​ទៀត​ដែល​មាន​សមាជិក​ចូលរួម​ជាង ៦០០​នាក់ (៦៥៥​នាក់) បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ញត្តិ​មួយ និង​ដង្ហែ​យក​ទៅ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញ៉ូវហ្សេឡែន ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ញ៉ូវហ្សេឡែន ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស