35 C
Phnom Penh

ប្រទេស​កម្ពុជា​ប្រើ​ពាក្យ សង្ក្រាន្ត ដែល​មាន​ឫសគល់​ចេញពី​ភាសា​សំស្ក្រឹត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌ អប់រំ បាន​អះអាង​ថា ពាក្យ​សង្ក្រាន្ត (Sangkran) មាន​ឫសគល់​ចេញពី​ភាសា​សំស្ក្រឹត​ថា សង្ក្រាន្តិ ប៉ុន្តែ​ពាក្យ សង្ក្រាន្ត នេះ មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​ប្រើ សូម្បី​ប្រទេស​ថៃ ក៏​ប្រើ​ពាក្យ​នេះ​ដែរ ប៉ុន្តែ​ហៅ និង​សរសេរ​ពាក្យ​នេះ​ខុសពី​កម្ពុជា​ទាំងស្រុង គឺ​អាន និង​សរសេរ​ថា សុង្ក្រាន្ត (Songkran)។

ពាក្យ សង្ក្រាន្ត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មាន​ដើមកំណើត​ចេញពី​ភាសា​សំស្ក្រឹត ដែល​គេ​ហៅថា សង្ក្រាន្តិ ប៉ុន្តែ​មាន​ការ​កំណត់​អត្ថន័យ​ខុស​គ្នា​ខ្លះៗ​ទៅ​តាម​ជំនឿ និង​ហេតុផល​របស់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​ប្រជាជន​ឥណ្ឌា ដែល​ប្រើប្រាស់​ភាសា​សំស្ក្រឹត បាន​កំណត់​ការ​ប្រើ​ពាក្យ សង្ក្រាន្តិ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ដែរ ប៉ុន្តែ​គេ​កំណត់​ត្រឹម​រយៈពេល ១​ខែ ដោយ​ជ្រើសរើស​យក​ខែ​ណា​មួយ​ក្នុង​ចំណោម​ខែ​ទាំង​១២ ក្នុង​នោះ​មាន​ពេល​ខ្លះ​គេ​ហៅថា ធ្នូ​សង្ក្រាន្តិ ឬ​មករា​សង្ក្រាន្តិ ឬ​មេសា​សង្ក្រាន្តិ ជាដើម។

ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ បាន​កំណត់​ការ​ប្រើប្រាស់​ពាក្យ សង្ក្រាន្ត គឺ​ត្រឹម​រយៈពេល ១​ឆ្នាំ ដោយ​កំណត់​យក​ខែ​ទី​៤ នៃ​សុរិយគតិ គឺ​ខែ​មេសា ដែល​ត្រូវ​នឹង​ខែ​ទី​១២ នៃ​ចន្ទគតិ គឺ​ខែ​ចែត្រ ជា​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឬ​ហៅថា សង្ក្រាន្ត ៣​ថ្ងៃ ក្នុង​នោះ ថ្ងៃទី​១ គេ​ហៅថា ថ្ងៃ​ចូលឆ្នាំ ឬ​ថ្ងៃ​សង្ក្រាន្ត ចំណែក​ថ្ងៃទី​២ គេ​ហៅថា ពារ​កណ្តាល ឬ​ថ្ងៃ​កណ្តាល ឬ​ថ្ងៃ​ខ្វាក់ ដែល​គេ​និយម​ហៅថា ថ្ងៃ​វ័នបត និង​ថ្ងៃទី​៣ គេ​ហៅថា ថ្ងៃ​ឡើង​ស័ក ដែល​នឹង​ត្រូវ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​តែម្តង។

យ៉ាងណាក៏ដោយ បើ​ទោះបីជា​មាន​ការ​កំណត់​ការ​ប្រើប្រាស់​ពាក្យ​ថា សង្ក្រាន្ត ឬ​សង្ក្រាន្តិ នេះ​ទៅ​តាម​ពេលវេលា​នៃ​ទំនៀមទម្លាប់​របស់​ប្រជាជាតិ​នីមួយៗ​ក៏ដោយ ប៉ុន្តែ​អត្ថន័យ​ជា​រួម​នៃ​ពាក្យ​នេះ គឺ​មាន​ន័យ​ថា ជា​ដំណើរ​ផ្លាស់​ទី​របស់​ព្រះអាទិត្យ​មួយ​ជុំ​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ន័យ​ថា ព្រះអាទិត្យ​បាន​ធ្វើ​ដំណើរ​បាន​មួយ​ជុំ​ផែនដី ដែល​កំណត់​ថា​មាន​រយៈពេល ១​ឆ្នាំ​សម្រាប់​ប្រជាជាតិ​នីមួយៗ​នៅ​លើ​ពិភពលោក​ដូច​គ្នា​ទាំងអស់។

យោង​តាម​ខ្លឹមសារ​ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា ពាក្យ​ថា សង្ក្រាន្ត គឺជា​ដំណើរ​ដែល​ព្រះអាទិត្យ​វិល​បាន​មួយ​ជុំ​នៃ​រាសិចក្រ និង​ជា​ដំណើរ​ខាង​ដើម និង​ខាង​ចុង​នៃ​រាសិចក្រ​ជួប​គ្នា គម្រប់​ពេញ​មួយ​ឆ្នាំ ខណៈ​ការ​បកប្រែ​ឱ្យ​កាន់តែ​ងាយ​យល់​ថា គឺជា​ដំណើរ​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ចំណែក​ភាសា​អង់គ្លេស​ហៅថា ហ្សូឌីយ៉ាខល (Zodiacal) ឬ​ប្រែ​ជា​ខ្មែរ​ថា «មួយ​ជុំ» ដែល​មាន​ន័យ​ស្មើ​នឹង​ពាក្យ Round ឬ Circle។

ពាក្យ​សង្ក្រាន្ត ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​សិលាចារឹក​ជាច្រើន​របស់​ខ្មែរ ក្នុង​នោះ​គេ​បាន​រក​ឃើញ​ក្នុង​សិលាចារឹក​ប្រាសាទបុរាណ​ដែល​ចាស់​ជាង​គេ​មួយ គឺ​ក្នុង​សិលាចារឹក​ប្រាសាទ​ភិមានអាកាស ប៉ែក​ខាងជើង ដែល​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ប្រើ​ពាក្យ សង្ក្រាន្ត នេះ​នៅ​ឆ្នាំ​៩១០ នៃ​គ្រឹះ​សករាជ ក្នុង​រជ្ជកាល​ព្រះបាទ សហ្សវ័រ្មនទី១។ ការ​ចារ​ពាក្យ​សង្ក្រាន្ត នៅ​លើ​សិលាចារឹក​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​បែប​នេះ ដោយសារ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ទទួល​រង​នូវ​ឥទ្ធិពល​សាសនា​ពីរ ពី​ប្រទេស​ឥណ្ឌា នា​សម័យ​នោះ គឺ​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា។

បុព្វបុរស​ខ្មែរ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​នៅ​ក្នុង​ខែ​មេសា ដែល​ជា​ពេល​ទំនេរ​រួចរាល់​ពី​ការងារ​ប្រមូល​ផល ដើម្បី​រីករាយ​អបអរ​ឆ្នាំ​ថ្មី និង​បញ្ជាក់​ពី​ក្តី​គោរព​ស្រឡាញ់​ដឹងគុណ​ដល់​បុព្វបុរស​ផង​ដែរ។

នៅ​អំឡុង​ពេល​ប្រារព្ធ​ក្នុង​ខែ​មេសា ឬ​ខែ​ចេត្រ នេះ គឺ​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​មនុស្សម្នា​ជាច្រើន​តែងតែ​ស្រោច​ទឹក​ដាក់​គ្នា​ឲ្យ​ត្រជាក់ ប្រៀប​បីដូចជា​ការ​ជូនពរ​គ្នា​ទៅវិញ​ទៅមក​ដូច្នោះ​ដែរ ប៉ុន្តែ​បែរ​ជា​មាន​ការ​យល់​ច្រឡំ​ថា សង្ក្រាន្ត ឬ​បុណ្យ​ចូលឆ្នាំ គឺជា​ការ​លេង​កម្សាន្ត​ដោយ​ការ​ជះ​ទឹក​ដាក់​គ្នា​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះពុទ្ធរង្ស៊ី ក្នុង​ទីក្រុង​វួរហី (Voorhees) នៃ​រដ្ឋ​ញូវជើសស៊ី (New Jersey) ព្រះភិក្ខុ រ័ត្ន មុនី ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ថ្ងៃ​ចូលឆ្នាំ​ទី​១ គេ​ហៅថា ថ្ងៃ​សង្ក្រាន្ត ឬ​ថ្ងៃ​ចុង​ឆ្នាំ​ចាស់ ចំណែក​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ គេ​ហៅថា ថ្ងៃ​វ័នបត ដែល​ជា​ថ្ងៃ​ចន្លោះ​ឆ្នាំ​ចាស់ និង​ឆ្នាំ​ថ្មី ហើយ​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ គេ​ហៅ​ថ្ងៃ វរឡើងស័ក គឺជា​ថ្ងៃទី​១ នៃ​ឆ្នាំ​ថ្មី ប៉ុន្តែ​ថ្ងៃ​ទាំង ៣ នេះ គេ​ហៅ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក៏​បាន ឬ​ហៅថា ថ្ងៃ​ចូលឆ្នាំ​ថ្មី​ក៏​បាន។

ព្រះភិក្ខុ រ័ត្ន មុនី ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​បន្ត​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​យល់​កាន់តែ​ច្បាស់​ពី​ពាក្យ​សង្ក្រាន្ត​នេះ ថា​មិនមែន​ជា​ពាក្យ​របស់​ប្រទេស​ថៃ នោះ​ទេ។ ជាក់ស្តែង ដូចជា​ភ្លេង​បុរាណ​ខ្មែរ គឺ​ភ្លេង​ពិណពាទ្យ ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​ខ្មែរ​មិន​សូវ​បាន​ដឹង​ពី​ប្រវត្តិ​ភ្លេង​បុរាណ​របស់​ខ្លួន បែរ​ជា​នាំគ្នា​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ថា​ជា​ភ្លេង​សៀម​ទៅវិញ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ការ​ដឹកនាំ​ពលរដ្ឋ​របស់​ខ្លួន​ថែរក្សា​នូវ​ប្រពៃណី​វប្បធម៌​របស់​ខ្លួន ដើម្បី​កុំ​ឱ្យ​បាត់បង់​នៅ​ថ្ងៃ​អនាគត។

ទាក់ទិន​នឹង​បញ្ហា​នេះ សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លើ​ទឹកដី​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ប្រារព្ធ​សង្ក្រាន្ត​ក្រុង​ឡងប៊ិច នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ទីក្រុង Long Beach City College ដើម្បី​រីករាយ​អបអរ​ឆ្នាំ​ថ្មី​ផង ដើម្បី​ថែរក្សា​ប្រពៃណី​ផង ដើម្បី​បញ្ជាក់​ពី​ក្តី​គោរព​ស្រឡាញ់​ដឹងគុណ​ផង និង​ដើម្បី​បង្ហាញ​ពិធី​សង្ក្រាន្ត​តាម​បែប​ប្រពៃណី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ផង ហើយ​ពិធី​សង្ក្រាន្ត​ក្រុង​ឡងប៊ិច នេះ នឹង​ត្រូវ​ប្រារព្ធ​រយៈពេល​ពេញ ១​ខែ​ក្នុង​ខែ​មេសា ឆ្នាំ​២០២៤ នេះ។

កម្មវិធី​សង្ក្រាន្ត​ក្រុង​ឡងប៊ិច នឹង​មាន​ពិធីបុណ្យ​រាប់បាត្រ​ព្រះសង្ឃ ពិធី​ទេពធីតា​សង្ក្រាន្ត ដោយ​ការ​ដង្ហែ​ព្រះសិរ​កបិលមហាព្រហ្ម ពិធី​ពូន​ភ្នំ​ខ្សាច់ ពិធី​ស្រង់​ព្រះ កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ (លេង​ឈូង ទាញព្រ័ត្រ បោះ​អង្គញ់ ឬ​ស្តេច​ចង់) កម្មវិធី​លេង​សប្បាយ​សម្រាប់​កុមារ ការ​សម្ដែង​ជា​ក្រុម​ធំៗ និង​មាន​មហោស្រព​តន្ត្រី (Concert) ផង​ដែរ។

យ៉ាងណា​ក៏ដោយ នៅ​ប្រទេស​កម្ពុជា កម្មវិធី​អង្គរ​សង្ក្រាន្ត ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រារព្ធ​អស់​រយៈពេល ១០​ឆ្នាំ​កន្លង​មក​នោះ ត្រូវ​បាន​ផ្អាក​ប្រារព្ធ​ទាំងស្រុង​នៅ​ឆ្នាំ​២០២៤ នេះ ដោយ​គ្មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ខណៈ​មតិ​ខ្លះ​លើកឡើង​ថា ការ​ផ្អាក​នេះ​គឺ​ដោយសារ​រដ្ឋាភិបាល​ខ្វះ​ថវិកា ចំណែក​មតិ​ខ្លះ​ថា ដោយសារ​ប្រទេស​ថៃ បាន​យក​ពាក្យ​សុង្ក្រាន្ត​របស់​គេ​ទៅ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ (UNESCO) កាលពី​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

ពិធី​អង្គរ​សង្ក្រាន្ត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្រារព្ធ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៣ លើ​ទឹកដី​ខេត្ត​សៀមរាប ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ​ដែល​ហៅថា សង្ក្រាន្ត​ឆ្នាំ​ថ្មី ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​ណែនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួច​ហើយ​ឱ្យ​រៀបចំ​ឯកសារ​ដាក់​ពាក្យ «សង្ក្រាន្ត​នៅ​កម្ពុជា» ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស