36 C
Phnom Penh

បុណ្យ​ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​ទូទាំង​ប្រទេស​ជាង ១៣​លាន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​កម្ពុជា បង្ហាញ​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល ៣​ថ្ងៃ កម្ពុជា​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង ១៣​លាន​នាក់ (១៣ ៣៥៩ ៣១០​នាក់) លើស​ឆ្នាំ​២០២៣ ប្រមាណ​ជា ២​សែន​នាក់ ខណៈ​តួលេខ​ភ្ញៀវ​ទេសចរ​ថ្ងៃ​ចូលឆ្នាំ​ចុងក្រោយ​មិន​ទាន់​ត្រូវ​បាន​រាប់​បញ្ចូល​នៅឡើយ។

នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថិតិ​ទេសចរណ៍​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​ជាង ១៣​លាន​នាក់ មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៨​ម៉ឺន​នាក់ (៨១ ៧៤៥​នាក់) ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ទូទាំង ២៥​រាជធានី-ខេត្ត​នៃ​ប្រទេស​កម្ពុជា ដូចជា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​វប្បធម៌ តំបន់​ឆ្នេរ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ជាច្រើន​ផ្សេង​ទៀត។

ប្រភព​ដដែល​លើកឡើង​ថា តំបន់​វប្បធម៌​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ជាង ១​លាន​នាក់ (១ ២០៣ ០៥០​នាក់) ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ជាង ១​ម៉ឺន​នាក់ (១៣ ៨៥២​នាក់) ចំណែក​តំបន់​ឆ្នេរ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ជាង ១​លាន ៥​សែន​នាក់ (១ ៥០៤ ៧៥២​នាក់) ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ជាង ១​ម៉ឺន​នាក់​ផង​ដែរ (១៨ ៧០៧​នាក់) ខណៈ​តំបន់​អេកូ​ទេសចរណ៍​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ត្រឹមតែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ (១០៦ ១៩៤​នាក់) ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ក៏​មាន​តែ​ជាង ១​ពាន់​នាក់​ដែរ (១ ៥៧០​នាក់)។

នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​កម្ពុជា​ខាងលើ​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល ៣​ថ្ងៃ​នេះ ខេត្ត​កំពង់ចាម ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​មាន​ភ្ញៀវ​ទេសចរ​ជាង ៣​លាន​នាក់ (៣ ៤៣១ ២២៤​នាក់) ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ជាង ៣០០​នាក់ (៣៥៦​នាក់) ចំណែក​ខេត្ត​កំពង់ស្ពឺ ជាប់​ចំណាត់ថ្នាក់​លេខ​២ គឺ​មាន​ភ្ញៀវ​ទេសចរ​ជាង ១​លាន​នាក់ (១ ២៣៣ ២៩៥​នាក់) ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ជាង ១​ពាន់​នាក់ (១ ២៤៣​នាក់) ដោយឡែក​ខេត្ត​បាត់ដំបង ជាប់​ចំណាត់ថ្នាក់​លេខ​៣ គឺ​មាន​ភ្ញៀវ​ទេសចរ​ជាង ១​លាន​នាក់ (១ ០៧១ ៥៥៥​នាក់) ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​ក៏​មាន​ជាង ១​ពាន់​នាក់​ដែរ (១ ៦៤១​នាក់)។

ទាក់ទិន​នឹង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ពេលនេះ កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រសួង​ទេសចរណ៍​កម្ពុជា​ធ្លាប់​ចេញ​របាយការណ៍​ស្ដីពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែរ​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​សរុប​តែ​ជាង ១៣​លាន ១​សែន​នាក់​ប៉ុណ្ណោះ (១៣​លាន ១​សែន ៨​ម៉ឺន​នាក់) ខណៈ​ភ្ញៀវ​បរទេស​ក៏​មាន​ត្រឹមតែ​ជាង ៥​ម៉ឺន​នាក់​ដែរ។

បើ​យោង​តាម​តួលេខ​ស្ដីពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ​នេះ បញ្ជាក់​ថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​២០២៤ នេះ មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​២០២៣ កន្លង​ទៅ បើ​ទោះបីជា​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​ក៏ដោយ។ ជាង​នេះ​ទៀត ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចុងក្រោយ គឺ​ថ្ងៃទី​១៦ ខែ​មេសា នេះ មិន​ទាន់​ត្រូវ​បាន​បូក​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ​នៅឡើយ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា របាយការណ៍​ស្ថិតិ​ភ្ញៀវ​ទេសចរ​របស់​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​កម្ពុជា​ខាងលើ ជា​របាយការណ៍​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត​បាន ព្រោះ​ថា​ភ្ញៀវ​ទេសចរ​ឆ្នាំ​២០២៤ នេះ មិន​គួរ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០២៣ ដែល​រដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​នោះ​ទេ។

ជាង​នេះ​ទៀត ចរន្ត​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា ក៏​មិន​មាន​ភាព​ល្អ​ប្រសើរ​ដែរ​នៅ​ឆ្នាំ​នេះ គឺ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ស្ទើរតែ​គ្រប់​គ្នា​នៅឡើយ ដូច្នេះ​តួលេខ​ភ្ញៀវ​ទេសចរ​ដែល​មាន​ចំនួន​កើន​ឡើង​ជាង​ឆ្នាំ​មុន​ខាងលើ​នេះ ហាក់ដូចជា​មាន​ទំនោរ​ខាង​នយោបាយ​ជួយ​លើក​មុខមាត់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ជាជាង​ការពិត​ជាក់ស្តែង។

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុង​ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រកាស​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​ដូច​ឆ្នាំ​មុន​ទេ ក្នុង​នោះ មតិ​ខ្លះ​លើកឡើង​ថា ការ​ផ្អាក​នេះ​គឺ​ដោយសារ​រដ្ឋាភិបាល​ខ្វះ​ថវិកា ខណៈ​រដ្ឋាភិបាល​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​ធ្វើ​ពិធី​អង្គរ​សង្ក្រាន្ត​នេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា វិស័យ​ទេសចរណ៍​កម្ពុជា គឺជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ទេសចរណ៍​ល្បែង​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ប៉ុណ្ណោះ មិនមែន​ទេសចរណ៍​ដើរ​លេង​ចាយ​លុយ​ក្នុង​ដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ទេ ដូច្នេះ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា មិន​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​រយៈពេល ៤ ទៅ ៥​ឆ្នាំ​ខាងមុខ​នេះ ហើយ​វិស័យ​មួយ​នេះ​ក៏​មិន​អាច​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ដែរ​បច្ចុប្បន្ន​នេះ។

បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​រោង ឆស័ក ព.ស. ២៥៦៨ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា គ.ស. ២០២៤ វេលា​ម៉ោង ១០.១៧​នាទី និង ២៤​វិនាទី ដែល​ប្រជាជាតិ​ខ្មែរ​ទូទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រៀបចំ​តុបតែង​ពន្លឺ​ភ្លើង​ពណ៌​លម្អ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​អបអរសាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម មហោទរាទេវី ជា​បុត្រី​ទី​៧ របស់​កបិល​មហាព្រហ្ម ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ធ្លាប់​ប្រារព្ធ​ដរាប​រៀង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស