35 C
Phnom Penh

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សច្ចា​វាយបក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ដើម្បី​ការពារ​ខ្លួន ស្រប​ពេល​អាមេរិក​និង​បស្ចិម​ប្រទេស​ឱ្យ​បន្ត​អត់ធ្មត់​ក្ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu សច្ចា​ថា​នឹង​ត្រូវតែ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ វិញ ដែល​ថា​ជា​ការ​វាយ​ការពារ​ខ្លួន។

លោក Netanyahu បាន​បញ្ជាក់​ថា បើ​ទោះ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល មាន​ទាំង​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​បញ្ចុះបញ្ចូល​ឱ្យ​អ៊ីស្រាអែល បន្ត​អត់ធ្មត់​ក៏ដោយ ក៏​វាយបក​វិញ​របស់​អ៊ីស្រាអែល ត្រូវតែ​ធ្វើ ប៉ុន្តែ​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​ការ​វាយបក​វិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ណា ហើយ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​អ្វី​ខ្លះ​នោះ​ទេ។

សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ស្នើ​ឱ្យ​អ៊ីស្រាអែល កុំ​វាយ​សងសឹក​អ៊ីរ៉ង់ អី ពីព្រោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ដ៏​ធំធេង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បង្ក​អស្ថិរភាព​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​តំបន់​មជ្ឈិមបូព៌ា ប៉ុន្តែ​ក្រុម​ប្រទេស​លោក​ខាងលិច​នេះ​សន្យា​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក គឺ​លោក ចូ បៃដិន ដែល​ជា​ប្រធានាធិបតី បាន​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Netanyahu ថា អាមេរិក​នឹង​មិន​ជួយ​អន្តរាគមន៍​ជួយ​អ៊ីស្រាអែល ទៀត​នោះ​ទេ បើ​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Telegraph របស់​អង់គ្លេស។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ហ្សកដានី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ថា ការ​សងសឹក​ណា​មួយ​របស់​អ៊ីស្រាអែល ប្រឆាំង​នឹង​អ៊ីរ៉ង់ អាច​នឹង​រុញច្រាន​តំបន់​ទាំងមូល​ទៅ​កាន់​មាត់ជ្រោះ​នៃ​សង្គ្រាម​ដ៏​បំផ្លិចបំផ្លាញ​មួយ​ដ៏​ធំ​បំផុត។

លោក Ayman Safadi រដ្ឋមន្ត្រី​ការបរទេស​ហ្សកដានី បាន​និយាយ​ថា ប្រទេស​របស់​លោក​បាន​និង​កំពុង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​មហាអំណាច​ធំៗ​ឱ្យ​ជួយ​ទប់ស្កាត់​ការ​ផ្ទុះ​រាលដាល​ជម្លោះ​ដែល​អាច​នឹង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

លោក​បាន​បញ្ជាក់​ថា ហានិភ័យ​គឺ​មាន​ទំហំ​ធំធេង​ណាស់។ វា​អាច​រុញច្រាន​ឱ្យ​តំបន់​ទាំងមូល​ទៅ​កាន់​មាត់ជ្រោះ​នៃ​សង្គ្រាម ដែល​អាច​នឹង​បំផ្លិចបំផ្លាញ​ពួក​យើង​នៅ​ក្នុង​តំបន់ និង​បង្ក​ផលវិបាក​ដល់​បណ្ដា​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ហ្សកដានី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​ចូលរួម​នៅ​ក្នុង​ការ​ជួយ​បាញ់​ទម្លាក់​ដ្រូន និង​មីស៊ីល​អំឡុង​ការ​វាយប្រហារ​សងសឹក​របស់​អ៊ីរ៉ង់ លើ​អ៊ីស្រាអែល ដែល​ហោះ​កាត់​ប្រទេស​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហ្ស៊េរុយសាឡិម កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

កាលពី​រំលង​អាធ្រាត្រ​ថ្ងៃទី​១៣ ចូល​ដល់​ថ្ងៃទី​១៤ មេសា អ៊ីរ៉ង់​បាន​បើក​ការ​វាយប្រហារ​ក្នុង​កម្រិត​សងសឹក​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ដោយ​បាញ់​ដ្រូន និង​មីស៊ីល​ដល់​ទៅ ៣៥០​គ្រាប់ ដែល​នេះ​ជា​ការ​បញ្ជាក់​របស់​កងទ័ព​អាកាស​អ៊ីស្រាអែល។

ការ​វាយប្រហារ​យ៉ាង​សម្បើម​របស់​អ៊ីរ៉ង់ ដូចនេះ គឺ​អ៊ីរ៉ង់ ប្រើប្រាស់​រហូត​ដល់​ទៅ​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM ដោយ​បាញ់​ចំនួន ១២០​គ្រាប់។ មីស៊ីល​នេះ​មាន​ល្បឿន​លឿន​បំផុត​ដែល ១២​នាទី​ប៉ុណ្ណោះ​វា​ហោះ​មក​ដល​លំហ​អាកាស​អ៊ីស្រាអែល ប៉ុន្តែ​អ៊ីស្រាអែល អះអាង​ថា ទាំង​មីស៊ីល ICBM និង​ដ្រូន​របស់​អ៊ីស្រាអែល គឺ​ត្រូវ​បាន​បាញ់​ទម្លាក់​ស្ទើរតែ​ទាំងអស់។ អ៊ីស្រាអែល ថា​បាន​បាញ់​ទម្លាក់​ដល់​ទៅ ៩៩​ភាគរយ។ មិន​តែប៉ុណ្ណោះ សហរដ្ឋ​អាមេរិក​អះអាង​ថា បាន​បាញ់​ស្កាត់​ដ្រូន​របស់​អ៊ីរ៉ង់ ដោយ​បាញ់​ចេញពី​នាវាចម្បាំង​របស់​អាមេរិក គឺ​បាន​ទម្លាក់ ៧៥​គ្រាប់ ហើយ​បាន​បាញ់​ទម្លាក់​មីស៊ីល ICBM របស់​អ៊ីរ៉ង់ ៣​គ្រាប់។

មិន​តែប៉ុណ្ណោះ អង់គ្លេស និង​បារាំង ក៏​បញ្ចេញ​នាវាចម្បាំង​របស់​ពួកគេ​ជួយ​អ៊ីស្រាអែល បាញ់​ទម្លាក់​មីស៊ីល​របស់​អ៊ីរ៉ង់ ផង​ដែរ។

ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ មិន​បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ឬ​មាន​មនុស្ស​ស្លាប់​ក្នុង​ទឹកដី​អ៊ីស្រាអែល នោះ​ទេ ប៉ុន្តែ​អ៊ីស្រាអែល បាន​និយាយ​ថា ខ្លួន​ត្រូវតែ​សងសឹក​ចំពោះ​អ៊ីរ៉ង់ ដើម្បី​ថែរក្សា​ការពារ​ការ​កំញើញ​ទប់ស្កាត់​សត្រូវ​មួយ​នេះ។

តែ​យ៉ាងណា អ៊ីរ៉ង់ នៅតែ​ប្រកាស​ថា ខ្លួន​បាន​ជោគជ័យ។ នៅ​ក្នុង​ពិធី​ព្យុហយាត្រា​មួយ​របស់​កងទ័ព​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​១៧ មេសា ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហីម រ៉ៃស៊ី បាន​ថ្លែង​សរសើរ​កងទ័ព​របស់​អ៊ីរ៉ង់ ដែល​សម្រេច​បាន​ក្នុង​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល ប៉ុន្តែ​ប្រធានាធិបតី​អ៊ីរ៉ង់​រូប​នេះ​បាន​ថ្លែង​ថា អ៊ីរ៉ង់​បាន​វាយប្រហារ​អ៊ីស្រាអែល គឺ​ត្រឹមតែ​ការ​កំណត់​ប៉ុណ្ណោះ ដោយ​មិន​ធ្វើ​ឱ្យ​រីក​រាលដាល​នៃ​ការ​វាយ​សងសឹក​នេះ​ទេ។

តែ​បែប​នេះ​ក្ដី ប្រធានាធិបតី​អ៊ីរ៉ង់​រូប​នេះ​ព្រមាន​វិញ​ថា បើ​អ៊ីស្រាអែល ហ៊ាន​តែ​បើក​ការ​វាយប្រហារ​មក​លើ​អ៊ីរ៉ង់ ពេល​នោះ​គឺ​អ៊ីរ៉ង់​ត្រូវ​វាយប្រហារ​ទៅ​លើ​អ៊ីស្រាអែល​ធ្ងន់​ជាង​នេះ​ច្រើន​ដង​ទៅ​ទៀត ហើយ​ព្រមាន​ថា សង្គ្រាម​វាយលុក​កម្ទេច​អ៊ីស្រាអែល គឺ​ជៀស​ពុំ​រួច​នោះ​ទេ។

ពិភពលោក​កំពុងតែ​ដាក់​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា តំបន់​មជ្ឈិមបូព៌ា​ទំនង​ជៀស​មិន​រួច​ទេ​ពី​ការ​ផ្ទុះ​សង្គ្រាម​អ៊ីស្រាអែល និង​អ៊ីរ៉ង់។ អ៊ីស្រាអែល និង​អ៊ីរ៉ង់ គឺជា​សត្រូវ​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា។ ប្រទេស​ពីរ​នេះ​មិន​មាន​ព្រំដែន​ជាប់​គ្នា​នោះ​ទេ ប៉ុន្តែ​មាន​សក្ដានុពល​យោធា​ប្រហាក់ប្រហែល​គ្នា លើកលែងតែ​អ៊ីរ៉ង់ មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​អ៊ីស្រាអែល ដល់​ទៅ​ជិត ១០​ដង។ វា​មាន​ន័យ​ថា អ៊ីរ៉ង់ មាន​ប្រជាជន​ជិត ៩០​លាន​នាក់ ហើយ​អ៊ីស្រាអែល មាន​ប្រជាជន​ជាង ៩​លាន​នាក់​ប៉ុណ្ណោះ។

អ៊ីរ៉ង់ មាន​ទ័ព​សកម្ម និង​ទ័ព​បម្រុង ១​លាន​នាក់ ចំណែកឯ​អ៊ីស្រាអែល មាន​ទ័ព​សកម្ម និង​ទ័ព​បម្រុង​សរុប​ប្រមាណ​ជា ៦០​ម៉ឺន​នាក់ ប៉ុន្តែ​អ៊ីស្រាអែល មាន​សព្វាវុធ​ដែល​ច្រើន​ជាង​អ៊ីរ៉ង់ តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ​យន្តហោះ​ចម្បាំង។ ក្រៅពី​នេះ អ៊ីរ៉ង់​មាន​សព្វាវុធ​ច្រើន​ជាង​អ៊ីស្រាអែល​ទៅ​ទៀត ប៉ុន្តែ​ប្រទេស​អ៊ីស្រាអែល មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ ៩០​គ្រាប់។ នេះ​បើ​តាម​គេហទំព័រ​នៃ​សារព័ត៌មាន Global Power ចំណែក​អ៊ីរ៉ង់ មិន​ច្បាស់​ថា​មាន​គ្រប់​នុយក្លេអ៊ែរ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស