29 C
Phnom Penh

មេដឹកនាំ​ណាតូ​ថា​អ៊ុយក្រែន​នៅតែ​អាច​ឈ្នះ​សង្គ្រាម ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​ភាគ​ខាងកើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា វា​មិន​ទាន់​យឺត​ពេល​ពេក​នោះ​ទេ​ដើម្បី​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម បើ​ទោះជា​អ៊ុយក្រែន កំពុង​ខ្វះ​សព្វាវុធ​ចំពោះ​មុខ​ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី ក៏ដោយ។

បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក Stoltenberg ធ្វើការ​កត់សម្គាល់​ដូច​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា នា​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ទីក្រុង​គៀវ និង​ចំ​ពេល​កងទ័ព​រុស្ស៊ី អះអាង​ពី​ជ័យជម្នះ​ក្នុង​ការ​វាយ​ដណ្ដើម​បាន​ភូមិ​ជាច្រើន​នៅ​ក្នុង​តំបន់​ដុនបាស​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Zelenskyy លោក Stoltenberg ថ្លែង​ថា អ៊ុយក្រែន​បាន​កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះ​គ្រាប់​កាំភ្លើង​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ដោយ​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​យ៉ាង​សន្សំ​សំចៃ ប៉ុន្តែ​វា​មិន​ទាន់​យឺត​ពេល​ពេក​នោះ​ទេ​ដើម្បី​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជ័យជម្នះ។

លោក Stoltenberg បន្ថែម​ថា ការ​ពន្យារ​ពេល​នៃ​ការ​ផ្គត់ផ្គង់​អាវុធ​របស់​លោក​ខាងលិច ជាពិសេស​ពី​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន បាន​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​កងទ័ព​អ៊ុយក្រែន។ តែ​ទោះជា​បែប​នេះ​ក្ដី ប្រមុខ NATO នៅតែ​ទទូច​ថា ការ​បន្ថែម​អាវុធ​របស់​លោក​ខាងលិច​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន។

ប្រទេស​អ៊ុយក្រែន ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ជំនួយ​យោធា​ពី​លោក​ខាងលិច ជាពិសេស​សហរដ្ឋ​អាមេរិក ដើម្បី​អាច​ទប់ទល់​នឹង​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី។

រុស្ស៊ី មាន​ផែនការ​វាយ​យក​ឱ្យ​បាន​តំបន់​ដុនបាស​ពី​អ៊ុយក្រែន នៅ​អំឡុង​ខែ​មិថុនា ហើយ​យ៉ាងហោចណាស់​វាយ​យក​ឱ្យ​បាន​ខេត្ត​ដូណែត។ តំបន់​ដុនបាស ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​មាន​ផ្ទៃដី​ជាង ៥​ម៉ឺន ៣​ពាន់​គីឡូម៉ែត្រ​ក្រឡា។ ដុនបាស មាន​ខេត្ត​ដូណែត និង​លូហាន់។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP កទ័ព​អ៊ុយក្រែន កំពុង​ប្រយុទ្ធ​ទប់​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី ដែល​មាន​ចំនួន​ដ៏​ច្រើន។

ទ័ព​អ៊ុយក្រែន កំពុង​ដកថយ​ចេញពី​ទីតាំង​នានា​នៅ​ក្នុង​ផ្នែក​ខ្លះ​ក្នុង​ខេត្ត​ដូណែត ខណៈ​កងទ័ព​រុស្ស៊ី វាយ​រុល​កាន់តែ​ខ្លាំង។ នេះ​បើ​តាម​លោក​ឧត្ដមសេនីយ៍​អ៊ុយក្រែន Oleksandr Syrskyi ជា​អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ មេសា។

លោក​ឧត្ដមសេនីយ៍ Syrskyi បាន​និយាយ​ទៀត​ថា កងទ័ព​អ៊ុយក្រែន​មួយ​ចំនួន​បាន​ដក​ត្រឡប់​ចេញពី​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ដូណែត ជា​ទីកន្លែង​ដែល​រុស្ស៊ី បាន​ដាក់​ពង្រាយ​កងទ័ព​ដ៏​ច្រើន​សម្បើម​វាយលុក​លើ​ភូមិ​ទាំងនោះ។

លោក​ឧត្ដមសេនីយ៍​បាន​សរសេរ​សារ​របស់​លោក​តាម​តេឡេក្រាម​ថា ស្ថានភាព​នៅ​ឯ​សមរភូមិ​មាន​សភាព​អាក្រក់​បំផុត។ តំបន់​ដែល​ពិបាក​បំផុត គឺ​តំបន់​ដែល​រុស្ស៊ី​ត្រួតត្រា​នៅ​ភាគ​ខាងលិច​ភូមិ Maryinka និង​ក្រុង Avdiivka ស្ថិត​ក្នុង​ខេត្ត​ដូណែត ដែល​ជា​ទីក្រុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី កាលពី​ខែ​កុម្ភៈ។

កងទ័ព​អ៊ុយក្រែន ប្រឈមមុខ​នឹង​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៅ​ផ្នែក​ខាងកើត​ប្រទេស ខណៈ​ដែល​រង់ចាំ​ការ​ផ្តល់​អាវុធ​របស់​សហរដ្ឋ​អាមេរិក បន្ទាប់ពី​បាន​ទទួល​ការ​អនុម័ត​ដោយ​សភា​សហរដ្ឋ​អាមេរិក​នូវ​កញ្ចប់​ជំនួយ​ជិត ៦១​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន កាលពី​ខែ​ថ្ងៃទី​២០ ខែ​មេសា។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Jens Stoltenberg ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskyy ក៏​បាន​ទទូច​ដល់​សម្ព័ន្ធមិត្ត​ឱ្យ​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស Patriot កាន់តែ​ច្រើន​ឡើង​ថែម​ទៀត គឺ​ឱ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដែល​លោក​ថា​អ៊ុយក្រែន កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក់​រុស្ស៊ី ដែល​បាញ់​មីស៊ីល​ស្រោច​វាយប្រហារ​លើ​ទីតាំង​សំខាន់ៗ​របស់​អ៊ុយក្រែន។

សមរភូមិ​មុខ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​តំបន់​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ នៅ​ពេល​ដែល​កងទ័ព​រុស្ស៊ី ស្វះស្វែង​បង្កើន​ការ​ត្រួតត្រា​សមរភូមិ​មុខ​ប្រវែង​ជាង ១​ពាន់​គីឡូម៉ែត្រ។

អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​ថ្លែង​ទទួលស្គាល់​ថា ប្រទេស​លោក​ខាងលិច​ពិត​ជា​មិន​បាន​ធ្វើ​ដូច​តាម​ការ​សន្យា​ក្នុង​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក ដែល​និយាយ​ថា នឹង​ជួយ​បំពេញ​ការ​ខ្វះខាត​អ៊ុយក្រែន ត្រូវការ​រយៈពេល​ដល់​ទៅ ៦​ខែ ទើប​អាច​មាន​ការ​អនុម័ត​ការ​ផ្ដល់​ជំនួយ​នេះ។

ជំនួយ​ជិត ៦១​ពាន់​លាន​ដុល្លារ​នៃ​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន បើ​ទោះបីជា​សភា​ប្រទេស​មហាអំណាច​នេះ​បាន​អនុម័ត​ឱ្យ​ក៏ដោយ តែ​ធ្វើ​ឱ្យ​អ៊ុយក្រែន ខកខាន​ខ្លាំង​ក្នុង​ការ​វាយ​ទប់​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី ធ្វើ​ឱ្យ​ស្ថានការណ៍​សឹក​នៅ​លើ​សមរភូមិ​មាន​ការ​ប្រែប្រួល​ជា​ខ្លាំង ហើយ​ទ័ព​រុស្ស៊ី កំពុង​មាន​ប្រៀប​ជាង​កងទ័ព​អ៊ុយក្រែន។

តែ​អគ្គលេខាធិការ​អង្គការ NATO នៅតែ​ជឿជាក់​ថា អ៊ុយក្រែន​នឹង​វាយលុក​វិញ ហើយ​អាច​ឈ្នះ​សង្គ្រាម​ទៀត​ផង ឱ្យ​តែ​សព្វាវុធ និង​គ្រាប់កាំភ្លើង​បាន​មក​ដល់​ដៃ​កងទ័ព​អ៊ុយក្រែន មាន​ចំនួន​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស