37 C
Phnom Penh

លោក សម រង្ស៊ី៖ ព្រែកជីក​ហ្វូណន​នឹង​ក្លាយ​ជា​ព្រែក​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​ដូច​ព្រែកជីក​វិញតេ​នា​ពេល​អនាគត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ព្រែកជីក​ហ្វូណន នឹង​ក្លាយ​ជា​ព្រែកជីក​ថ្មី​មួយ​ក្នុង​ការ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ប្រទេស​វៀតណាម ដូច​ព្រែកជីក​វិញតេ ដែរ នៅ​ថ្ងៃ​អនាគត តាម​ការ​ចង់​បាន​របស់​វៀតណាម ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​វៀតណាម ពី​ការ​ឈ្លានពាន​របស់​ចិន តាមរយៈ​ព្រែកជីក​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា អត្ថន័យ​នៃ​ការ​ជីក​ព្រែក​ហ្វូណន​នេះ​មាន​អាថ៌កំបាំង និង​ស៊ីជម្រៅ ដែល​មិនមែន​ត្រឹមតែ​ដើម្បី​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ​នឹង​ប្រើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារៈ​កងទ័ព​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​កងទ័ព​ចិន ដែល​មាន​មូលដ្ឋាន​នៅ​កំពង់ផែ​រាម​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ ដែល​ចិន និង​កម្ពុជា កំពុង​លាក់លៀម​ពី​ភ្នែក​របស់​បរទេស​រហូត​មក។

លោក សម រង្ស៊ី លើកឡើង​ថា វៀតណាម​នឹង​ប្រើ​ហេតុផល​ខាងលើ​ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ​ម្តង​ទៀត លុះ​ដល់​ចុងក្រោយ វៀតណាម​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សង្គ្រាម ប៉ុន្តែ​វៀតណាម​នឹង​កាត់​យក​ទឹកដី​នៅ​តាម​ព្រែកជីក​ហ្វូណន​តេជោ​នេះ​ធ្វើ​ជា​ព្រំប្រទល់ ក្រោម​ហេតុផល​ថា ដោយសារតែ​ព្រែកជីក​នេះ​ជា​មធ្យោបាយ​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន ដូច្នេះ​កងទ័ព​វៀតណាម នឹង​ដាក់​កម្លាំង​កងទ័ព​របស់​ពួកគេ​យាមកាម​តាម​ខេត្ត​ដែល​ជាប់​ព្រែកជីក​នេះ​ជា​ជំហាន​ដំបូង ប៉ុន្តែ​យូរៗ​ទៅ វៀតណាម​នឹង​កាន់កាប់​ខេត្ត​ទាំងនោះ​ផ្ដាច់មុខ​តែម្តង។

លោក សម រង្ស៊ី បញ្ជាក់​ថា ព្រែកជីក​ហ្វូណន​តេជោ​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ដល់​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​ការ​ក្តោប​ក្តាប់​អំណាច​បាន​មួយ​ដង្ហើម​ក៏​ពិត​មែន ប៉ុន្តែ​ព្រែក​នេះ​នឹង​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង និង​បាត់បង់​ទឹកដី​ខ្មែរ​ម្តង​ទៀត។ លោក​បន្ថែម​ថា ការ​បាត់បង់​ទឹកដី​ម្តង​នេះ ក៏​ដោយសារតែ​ការ​ដឹកនាំ​នយោបាយ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន​កុម្មុយនីស្ត ហើយ​ក៏​ជា​ថ្នូរ​ទៅ​នឹង​ការ​រក្សា​មហិច្ឆតា​អំណាច​បន្ត​ពូជ​របស់​លោក ហ៊ុន សែន ដែរ។

គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ឬ «ព្រែកជីក​ហ្វូណន​តេជោ» ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ “សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន” ក្នុង​ទម្រង់ BOT ក្នុង​ទំហំ​ទឹកប្រាក់ ១៧០០​លាន​ដុល្លារ​អាមេរិក កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​នៅ​ពេលនេះ ដែល​គេ​មើល​ឃើញ​ថា ជា​ព្រែក​ដែល​នាំ​គ្រោះថ្នាក់​ដល់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៤ ទៅ​កាន់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា បើ​មិន​ជួយ​ខ្មែរ សូម​កុំ​បំផ្លាញ​ខ្មែរ​បម្រើ​បរទេស ព្រោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី មាន​បំណង​បម្រើ​ផល​ប្រយោជន៍​បរទេស​ជិតខាង និង​ក្នុង​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ប៉ុណ្ណោះ។

បណ្ឌិត គិន ភា លើកឡើង​ថា លោក សម រង្ស៊ី ព្យាយាម​បំភ័យ​ពលរដ្ឋ​ខ្មែរ​ពី​ផល​ប៉ះពាល់​ខាង​ផ្នែក​បរិស្ថាន និង​អេកូឡូស៊ី​ដូច​ដែល​វៀតណាម បាន​លើកឡើង​ដែរ ដូច្នេះ​គឺ​មាន​ន័យ​ថា លោក សម រង្ស៊ី ឈរ​ខាង​វៀតណាម ខ្លាច​បាត់បង់​ផល​ប្រយោជន៍​វៀតណាម និង​ឥទ្ធិពល​របស់​វៀតណាម មក​លើ​កម្ពុជា ហើយ​ការ​បំភ័យ​ដោយ​ភ្ជាប់​ព្រែកជីក​នេះ​ទៅ​នឹង​យុទ្ធសាស្ត្រ​យោធា​ចិន ក៏​ជា​ភាសា​របស់​មហាអំណាច​មួយ​ដែល​កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​រះ​ឡើង​របស់​ចិន កន្លង​មក​ដែរ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា សរុប​សេចក្តី​មក ការ​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដូច​គ្នា​នឹង​ការ​លើកឡើង​ដដែលៗ​របស់​វៀតណាម​ដែរ ដែល​ហាក់ដូចជា​មាន​ចេតនា​រារាំង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដែល​ជា​ការ​រំលោភ​លើ​ឯករាជភាព​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផ្ទៃក្នុង​របស់​កម្ពុជា ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​យ៉ាង​ធ្ងន់ធ្ងរ។

វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) នៃ​ប្រទេស​វៀតណាម បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ដែល​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន មិន​ត្រឹមតែ​ជា​គម្រោង​ដែល​បម្រើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​ក្នុង​ការ​បម្រើ​វិស័យ​យោធា​របស់​ចិន ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំងមូល ស្រប​ពេល​ដែល​ចិន កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នៅ​កម្ពុជា​ស្រាប់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​កម្មវិធី​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ទទួល​អាហារ​សាមគ្គី​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា​ថា លោក​ត្រូវតែ​អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពេល​នេះ​គឺជា​ដំណាក់កាល​ដ៏​អំណោយ​ផល​បំផុត​សម្រាប់​លោក ហ៊ុន សែន ដែល​ត្រូវ​ធ្វើ​រឿង​ពីរ ដើម្បី​បុព្វហេតុ​ជាតិ​ខ្មែរ គឺ​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ខ្មែរ និង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ឲ្យ​បាន ហើយ​ទន្ទឹម​គ្នា​នេះ គាត់​ក៏​ត្រូវ​ប្រើ​មធ្យោបាយ​ដោះ​ខ្លួន​ចេញពី​វៀតណាម ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស