35 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថា​នាវា​កងទ័ព​ចិន​នៅ​មូលដ្ឋាន​រាម​គឺ​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​នៅ​ពាក់កណ្តាល​ខែ​ឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ បាន​អះអាង​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា នេះ​ថា វត្តមាន​នាវា​កងទ័ព​ចិន ២​គ្រឿង​ដែល​បាន​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​យោធា​ចិន និង​កម្ពុជា លើក​ទី​៦ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែ​ឧសភា ខាងមុខ​នេះ។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​៨ ឧសភា នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​អះអាង​ថា វត្តមាន​នាវា​ចិន​ទាំង ២​គ្រឿង​នេះ​ជា​ការ​ឯកភាព​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ចិន ដើម្បី​រួម​ចំណែក​ធ្វើ​ទំនើបកម្ម​កងទ័ព​ជើងទឹក​កម្ពុជា ដោយ​ចិន​នឹង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ប្រើប្រាស់​នាវា និង​បច្ចេកវិទ្យា​ថ្មីៗ​ផ្សេង​ទៀត​ដល់​កងទ័ព​ជើងទឹក​កម្ពុជា។

លោក ឈុំ សុជាត បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា កម្ពុជា​គ្មាន​ការ​តាំង​មូលដ្ឋាន​ទ័ព​បរទេស​ណា​មួយ​នៅ​លើ​ទឹកដី​ខ្លួន​ឡើយ។ កម្ពុជា​គ្មាន​មហិច្ឆតា គ្មាន​គោល​គំនិត និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ឡើយ ហើយ​ថា​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​ដាក់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​ខ្លួន​ជាដាច់ខាត។

ការ​អះអាង​របស់​លោក ឈុំ សុជាត ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មាន​រូបភាព​ប្រព័ន្ធ​ផ្កាយរណប​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាមេរិក បង្ហាញ​ឱ្យ​ឃើញ​វត្តមាន​នាវាចម្បាំង​របស់​ចិន ២​គ្រឿង​កំពុង​ចត​នៅ​កំពង់ផែ​រាម តាំងពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៣។

រូបភាព​ផ្តល់​ដោយ​ផ្កាយរណប​របស់​អាមេរិក​មួយ​នេះ បាន​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​មាន​មន្ទិល​សង្ស័យ​កាន់តែ​ខ្លាំង​អំពី​ការ​តាំង​មូលដ្ឋាន​ទ័ព​របស់​ចិន នៅ​លើ​ទឹកដី​កម្ពុជា និង​ជា​មូលដ្ឋាន​កងទ័ព​ចិន​ទី​ពីរ​នៅ​លើ​ពិភពលោក។

រដ្ឋាភិបាល​កម្ពុជា​តាំងពី​ជំនាន់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​បន្ត​មក​ដល់​កូនប្រុស​របស់​គាត់ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ហើយ​កម្ពុជា​ក៏​មិន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ជាដាច់ខាត។

ទាក់ទង​នឹង​ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​យោធា​ចិន និង​កម្ពុជា​លើក​ទី​៦ ក្រសួង​ការពារ​ជាតិ​បាន​លើកឡើង​ថា សមយុទ្ធ​នាគ​មាស​គ្រោង​ធ្វើឡើង​រយៈពេល​ពីរ​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការ​ចូលរួម​ពី​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ច្រើន​ជាង​មុន​រហូត​ដល់​ជាង ២​ពាន់​នាក់។

នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កងទ័ព​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​សមយុទ្ធ​នាគ​មាស បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ថា សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន ឆ្នាំ​២០២៤ នេះ មាន​ទំហំ​ធំ​ជាង​ឆ្នាំ​មុនៗ ទាំង​ចំនួន​កងទ័ព និង​ចំនួន​សព្វាវុធ។

ប្រភព​ដដែល​បាន​អះអាង​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៤ នេះ មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា ឬ​បុគ្គល​ណា​មួយ​ឡើយ ពោល​គឺជា​សមយុទ្ធ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​កម្ពុជា​ដែរ។

អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ល្អ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា​តាមរយៈ​សមយុទ្ធ​នានា ហើយ​ថា​វា​រឹតតែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​កម្ពុជា​នៅ​មាន​សមយុទ្ធ​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សមយុទ្ធ​គោព្រៃ​ជាមួយ​យោធា​អូស្ត្រាលី ដែល​អាច​នឹង​ជួយ​ទាញ​ទំនាក់ទំនង​វិស័យ​ការទូត និង​យោធា​កម្ពុជា​ឲ្យ​នៅ​ជា​អព្យាក្រឹត។

សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេលនេះ គឺ​មាន​ចំនួន ៤​លើក​រួច​មក​ហើយ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៦ ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០។ ភាគី​ទាំង​ពីរ​បាន​ផ្អាក​ចំនួន​បី​ដង គឺ​នៅ​ឆ្នាំ​២០១៧ ដោយ​ជាប់​រវល់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ចំណែក​នៅ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ដោយសារតែ​ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស