30 C
Phnom Penh

អ្នក​ឃ្លាំមើល​ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី​ទៅ​វៀតណាម​ខ្លាំង​ជាង​សម័យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​វៀតណាម ជាង​សម័យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ទៀត ព្រោះ​លោក ហ៊ុន សែន មាន​ផែនការ​ជួយ​វៀតណាម ឱ្យ​ឈ្លានពាន​ទឹកដី​ខ្មែរ​ចាប់តាំងពី​វៀតណាម លើក​បន្តុប​មក។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៤ កក្កដា នេះ​ថា ស្តេច​ជ័យជេដ្ឋាទី២ គ្មាន​បំណង​ប្រគល់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ទេ គឺ​ដោយសារតែ​កម្លាំង​ការពារ​ជាតិ​របស់​ខ្មែរ​ចុះ​ទន់ខ្សោយ មិន​អាច​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម បាន​ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ព្រះបាទ​ជ័យជេដ្ឋាទី២ មិន​ចង់​មាន​មហេសី​ជា​ជនជាតិ​វៀតណាម ទេ គឺ​ដោយសារ​ព្រះបិតា​របស់​ព្រះអង្គ​បង្ខំ។ ជាង​នេះ​ទៀត ព្រះអង្គ​ក៏​មិន​ចង់​ឱ្យ​វៀតណាម ខ្ចី​ដី​ខ្មែរ​ទាំង ៣​ខេត្ត​នោះ​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​បង្ខំ តែ​ទោះជា​យ៉ាងនេះ​ក្តី ព្រះអង្គ​បាន​អនុញ្ញាត​ឱ្យ​វៀតណាម ខ្ចី​តែ ៥​ឆ្នាំ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ដោយសារ​កម្លាំង​ឈ្លានពាន​របស់​កងទ័ព​វៀតណាម ខ្លាំង​ពេក ក៏​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​រហូត​ដល់ ២១​ខេត្ត។ យ៉ាងណាក៏ដោយ ស្តេច​ជ័យជេដ្ឋាទី២ ធ្លាប់​ទាមទារ​ទឹកដី​របស់​ខ្លួន​មក​វិញ​ដែរ ប៉ុន្តែ​ដោយសារ​កម្លាំង​នយោបាយ​ខ្មែរ​ចុះ​ខ្សោយ ទើប​ធ្វើ​ឱ្យ​ទឹកដី​ទាំងនោះ​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម រហូត​ដល់​ពេលនេះ​តែម្តង។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា សម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​នឹង​បង្ក​គ្រោះថ្នាក់​សម្រាប់​កម្ពុជា​ជាង​សម័យ​ព្រះបាទ​ជ័យជេដ្ឋាទី២ នោះ គឺ​នៅ​ត្រង់​ថា កិច្ចសហការ​តំបន់​ត្រីកោណ​នេះ គឺ​មិន​មាន​រយៈពេល​កំណត់​ទេ ដែល​មាន​ន័យ​ថា នឹង​បន្ត​ជា​រៀង​រហូត ដែល​បើក​ផ្លូវ​ឱ្យ​ជនជាតិ​វៀតណាម ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត។

លោក​ថា បើ​និយាយ​ពី​ខាង​សេដ្ឋកិច្ច​វិញ វៀតណាម​បាន​ដាក់​ក្រុមហ៊ុន​របស់​គេ​ចូល​ក្នុង​តំបន់​នេះ​យ៉ាង​ច្រើន​លើសលប់ ព្រមទាំង​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ទាំង​លើ​ដី និង​ក្នុង​ដី ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម ដោយ​សេរី ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​នោះ បែរ​ជា​គ្មាន​ការងារ​ធ្វើ និង​រង​នូវ​ការ​រំលោភ​ដីធ្លី​យ៉ាង​អនាធិបតេយ្យ​ថែម​ទៀត។

លោក គឹម សុខ បញ្ជាក់​ថា វៀតណាម​កំពុង​ចរចា​ដាក់​ខេត្ត​របស់​កម្ពុជា និង​ឡាវ បន្ថែម​ទៀត ដើម្បី​ឱ្យ​តំបន់​នេះ​រីក​កាន់តែ​ធំ​ទៅ​ជាប់​នឹង​ទឹកដី​ថៃ ដូច្នេះ​ហើយ​បាន​ជា​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ​បាន​ចាប់ផ្តើម​ចុះ​កិច្ចព្រមព្រៀង​សហការ​គ្នា​តាំងពី​ឆ្នាំ​១៩៩៩ មក ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ នៅ​តែ​មិន​ទាន់​ធ្វើ​សមាហរណកម្ម​អនុវត្ត​ជា​ផ្លូវការ​នៅឡើយ។

លោក​ថា បើ​តំបន់​នេះ​កាន់តែ​លាតសន្ធឹង​ជាប់​នឹង​ទឹកដី​ថៃ កាន់តែ​ធំ វៀតណាម​ក៏​អាច​ពង្រីក​ឥទ្ធិពល​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន​ទៅ​តាម​នោះ​ដែរ ដូច្នេះ​ចំណុច​គ្រោះថ្នាក់​បំផុត​ពី​តំបន់​ត្រីកោណ​នេះ គឺ​មិនមែន​សម្រាប់​តែ​កម្ពុជា និង​ឡាវ ទេ គឺ​គ្រោះថ្នាក់​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជុំ​ទិស​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម នៅ​ពេលនេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា​នេះ​ថា វៀតណាម​កំពុង​ជំរុញ​ឱ្យ​មេដឹកនាំ​ខ្មែរ​ធ្វើ​កិច្ចសហការ​នានា​ជាមួយ​វៀតណាម ឱ្យ​កាន់តែ​ឆាប់ មុន​ពេល​ដែល​លោក ហ៊ុន សែន លែង​មាន​ជីវិត​រស់នៅ ដើម្បី​ឱ្យ​ពួកគេ​អាច​កាត់​យក​ដី​ខ្មែរ​ទាំង ៤​ខេត្ត​នេះ និង​ប្រែ​ក្លាយ​តំបន់​នេះ​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន​ឱ្យ​បាន​កាន់តែ​ឆាប់។

លោក អ៊ុំ សំអាន លើកឡើង​ថា ខេត្ត​ខ្មែរ​ទាំង ៤ ដែល​បាន​ដាក់​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម កាន់កាប់​ស្ទើរតែ​អស់​ទៅ​ហើយ​តាមរយៈ​នៃ​ការ​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​ចម្ការ​កៅស៊ូ។

លោក​ថា ចម្ការ​ទាំងនេះ អាជ្ញាធរ​ខ្មែរ​មិន​អាច​ចូល​បាន​ទេ ដែល​មាន​ន័យ​ថា ផ្នែក​ខ្លះ​នៃ​ខេត្ត​ខ្មែរ​ក្នុង​តំបន់​នេះ​បាន​ក្លាយ​ជា​តំបន់​អបគមន៍​របស់​វៀតណាម រួច​ទៅ​ហើយ។

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស (លីកាដូ) បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្បទាន​ដី​ក្នុង​ខេត្ត​ទាំង ៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ចំនួន ២៤​ម៉ឺន​ហិកតា ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ហើយ​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនេះ​គេ​នៅ​មិន​ទាន់​គិត​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ម៉ាឡេស៊ី នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ គេ​រក​ឃើញ​ថា ក្នុង​ទំហំ​ដី ១​ហិកតា ក្រុមហ៊ុន​វៀតណាម បាន​ដាក់​កម្មករ​វៀតណាម ឱ្យ​ធ្វើការ​យ៉ាងតិច ៣​នាក់ ដូច្នេះ​បើ​គិត​សរុប​ទាំង ២៤​ម៉ឺន​ហិកតា គឺ​មាន​កម្មករ​វៀតណាម រហូត​ដល់​ជាង ៧៣​ម៉ឺន​នាក់​ឯណោះ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​តំបន់​ត្រីកោណ​នេះ។

ប៉ុន្តែ​បើ​គិត​សរុប​ទូទាំង​ប្រទេស​វិញ កម្មករ​វៀតណាម មាន​ចំនួន​ដល់​ទៅ​ជាង ១​លាន ៨​ម៉ឺន​នាក់​ឯណោះ កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ក្រុមហ៊ុន​វៀតណាម ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដែល​មាន​ទំហំ​ជាង ៣៦​ម៉ឺន​ហិកតា លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង ៥៥​កន្លែង ខណៈ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ម៉ាឡេស៊ី មិន​បាន​រាប់​បញ្ចូល​ក្នុង​តួលេខ​នេះ​ទេ។

កម្ពុជា វៀតណាម និង​ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កាលពី​ឆ្នាំ​១៩៩៩ ដោយ​ការ​ដាក់​ខេត្ត​បញ្ចូល​គ្នា​សរុប​ចំនួន​៧ ជំហាន​ដំបូង ក្នុង​នោះ កម្ពុជា​បាន​ដាក់​ខេត្ត​២ គឺ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី បន្ទាប់​មក​នៅ​ឆ្នាំ​២០០៤ បន្ត​ដាក់​ខេត្ត​១ ទៀត គឺ​ខេត្ត​មណ្ឌលគិរី ហើយ​ចុងក្រោយ បាន​បន្ថែម​ខេត្ត​ក្រចេះ មួយ​ទៀត។

បច្ចុប្បន្ន តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មាន​ខេត្ត​ចំនួន​១៣ ក្នុង​នោះ ខេត្ត​៤ របស់​កម្ពុជា មាន​ពលរដ្ឋ​សរុប​ជាង ៥០​ម៉ឺន​នាក់។ ចំណែក​ខេត្ត​៤ របស់​ឡាវ មាន​ប្រជាជន​សរុប​ជាង ៧០​ម៉ឺន​នាក់ ដោយឡែក​ខេត្ត​៥ របស់​វៀតណាម មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង ៧​លាន​នាក់​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស