ប្រធានចលនាយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល ប្រកាសធ្វើមហាបាតុកម្មលើទឹកដីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលលោកសង្ឃឹមថានឹងមានអ្នកចូលរួមរាប់ម៉ឺននាក់ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីការអភិវឌ្ឍរួមគ្នាលើគម្រោងត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម។
លោក មាស ពិសាល លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ កក្កដា ថា វៀតណាមគឺជាចោរឈ្លានពានទឹកដីក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរ ដូច្នេះការដាក់ខេត្តខ្មែរអភិវឌ្ឍរួមគ្នាជាមួយវៀតណាម មិនមែនជាគំនិតល្អសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។
ប្រភពខាងលើអះអាងថា ការធ្វើបាតុកម្មនៅពេលនេះមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងច្រើនពីសំណាក់ពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកថា បាតុកម្មនេះមិនមែនជាបាតុកម្មក្នុងស្មារតីនិន្នាការនយោបាយទេ គឺជាការធ្វើបាតុកម្មដែលកើតចេញពីការព្រួយបារម្ភពីការបាត់ទឹកដីរួមរបស់ពលរដ្ឋខ្មែរ ដូច្នេះសូម្បីអ្នកដែលមិនធ្លាប់ខ្វល់ខ្វាយពីកិច្ចការប្រទេសជាតិពីមុនមក ក៏ស្ម័គ្រចិត្តចូលរួមធ្វើបាតុកម្មនេះដែរ។
ប្រធានចលនាយុវជនសង្គ្រោះជាតិរូបនេះលើកឡើងថា ពលរដ្ឋខ្មែរបានទទួលស្គាល់គ្រប់គ្នាហើយថាការដាក់ខេត្តខ្មែរក្នុងគម្រោងអភិវឌ្ឍន៍ ៣ប្រទេសនេះ មិនមែនជាការកាត់ទឹកដីឱ្យប្រទេសវៀតណាម ទេ ប៉ុន្តែគ្រាន់តែពលរដ្ឋមិនទុកចិត្តរដ្ឋាភិបាលថាអាចការពារទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់វៀតណាម ក្នុងគម្រោងនេះបានឬក៏អត់ប៉ុណ្ណោះ។
លោក មាស ពិសាល បញ្ជាក់ថា ស្លាកស្នាមប្រវត្តិសាស្ត្រនៃការឈ្លានពានទឹកដីពីប្រទេសវៀតណាម លើទឹកដីខ្មែរមិនទាន់រលុបបាត់នៅឡើយទេ ហើយមហិច្ឆតារបស់វៀតណាម ឈ្លានពានទឹកដីខ្មែរក៏មិនទាន់រលាយបាត់ដែរ។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា លោកសូមអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក ចេញធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយឡាវ និងវៀតណាម ឱ្យខាងតែបាន ដើម្បីរក្សាការពារទឹកដីរបស់ខ្លួនកុំឱ្យធ្លាក់ទៅក្នុងការឈ្លានពានរបស់បរទេសបន្តទៀត។
លោក សារ៉ូ សូវិជ័យ បញ្ជាក់ថា បើទោះបីជារដ្ឋាភិបាលមិនកាត់ទឹកដីរបស់ខ្លួនឱ្យបរទេសក៏ដោយ ប៉ុន្តែផ្អែកតាមជំហរនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងនាមបក្សដឹកនាំរដ្ឋាភិបាលដែលផ្តល់ការសម្បទានគ្រប់បែបយ៉ាងឱ្យរដ្ឋាភិបាលវៀតណាម សព្វថ្ងៃនេះ ពិបាកនឹងឱ្យពលរដ្ឋទុកចិត្តថាមេដឹកនាំកំពូលរបស់បក្សនេះនឹងមិនជាប់ផលប្រយោជន៍ជាមួយបរទេសជិតខាងខ្លាំងណាស់។
ជុំវិញការតវ៉ាទាមទារឱ្យរដ្ឋាភិបាលខ្មែរដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍នេះ ពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសជាច្រើន បានចេញមុខជំរុញឱ្យមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដកខ្លួនចេញពីតំបន់ត្រីកោណនេះជាបន្តបន្ទាប់ ដូចជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ប្រទេសបារាំង និងសហរដ្ឋអាមេរិក ជាដើម។
ក្នុងកិច្ចប្រជុំកំពូលលើកទី១០ រវាងប្រទេសទាំង៣ អំឡុងឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាម បានស្នើដាក់ប្រទេសកម្ពុជាទាំងមូលរួមជាមួយវៀតណាម និងឡាវ ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះវៀតណាម មានបំណងបង្កើតឱ្យទៅជាសហព័ន្ធឥណ្ឌូចិន ដែលនឹងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ គឺរដ្ឋាភិបាលវៀតណាម។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងស្នើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ឱ្យដាក់ខេត្តព្រះវិហារ ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះបន្ថែមទៀត៕