អ្នកឃ្លាំមើលលើកឡើងថា វិធានការបង្ក្រាបសកម្មជននយោបាយ និងមន្ត្រីបក្សប្រឆាំងដែលតវ៉ារឿងទឹកដីជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រនយោបាយរបស់លោក ហ៊ុន សែន លួងលោមបរទេសឈ្លានពានឱ្យជួយគាំទ្រអំណាចត្រកូលហ៊ុនបន្តទៀតទៅថ្ងៃមុខ។
សកម្មជនក្នុងសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិច លោក សារ៉ូ សូវិជ័យ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៨ មេសា នេះថា លោក ហ៊ុន សែន កំពុងប្រើចរន្តតវ៉ារឿងទឹកដីរបស់បក្សប្រឆាំងបង្ហាញទៅកាន់បរទេសឈ្លានពានទឹកដីខ្មែរឱ្យឃើញថា បើក្រុមប្រឆាំងឡើងកាន់អំណាច នោះពួកគេនឹងតវ៉ាទាមទារយកទឹកដីដែលបាត់បង់ត្រឡប់មកវិញជាមិនខាន។
លោក សារ៉ូ សូវិជ័យ លើកឡើងថា តាមរយៈនៃការតវ៉ាទាមទារពីបញ្ហាទឹកដី ដូចជា កោះត្រល់ កោះក្រចកសេះ ទឹកដីកម្ពុជាក្រោម កោះគុត ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងដែនសមុទ្រត្រួតស៊ីគ្នា ជាដើម ជាពិសេសការតវ៉ាឱ្យដកខេត្តខ្មែរទាំង៤ ក្នុងតំបន់ត្រីកោណកាលពីពេលកន្លងទៅនោះ រឹតតែធ្វើឱ្យបរទេសឈ្លានពានទាំងនោះជឿជាក់ថា បើត្រកូលហ៊ុនមិនបន្តអំណាចដឹកនាំប្រទេសទេ ទឹកដីដែលពួកគេប្លន់បានពីខ្មែរកន្លងមកនោះ ច្បាស់ជានឹងបាត់បង់ទៅវិញយ៉ាងពិតប្រាកដ។
សកម្មជនក្នុងសហគមន៍ខ្មែររូបនេះបញ្ជាក់ថា ក្នុងដំណាក់កាលនេះ បក្សប្រឆាំងមិនទាន់អាចតវ៉ារឿងទឹកដីជាមួយប្រទេសជិតខាងបានទេ ព្រោះការធ្វើបែបនេះ គឺជាការជួយលោក ហ៊ុន សែន ឱ្យទទួលបានការការពារ និងគាំទ្រនយោបាយរបស់គាត់ពីប្រទេសជិតខាងទៅវិញប៉ុណ្ណោះ។
លោក សារ៉ូ សូវិជ័យ គូសបញ្ជាក់ថា បក្សប្រឆាំងត្រូវបង្ហាញជំហរនយោបាយការទូតរបស់ខ្លួនទៅកាន់ប្រទេសជិតខាងឱ្យល្អជាងបក្សកាន់អំណាច ដើម្បីបញ្ជាក់ថា នៅពេលដែលពួកគេឈ្នះឆ្នោតដឹកនាំប្រទេស អ្នកទាំងនោះរឹតតែមានផលប្រយោជន៍ក្នុងកិច្ចសហការទាំងនយោបាយការទូត និងសេដ្ឋកិច្ចសម្រាប់គ្នាទៅវិញទៅមក ទើបពួកគេទទួលបានការគាំទ្រពីប្រទេសទាំងនោះក្នុងដំណើរនយោបាយរបស់ខ្លួនទៅថ្ងៃមុខ។
ចាប់តាំងពីអំឡុងឆ្នាំ១៩៨០ ដែលលោក ហ៊ុន សែន ត្រូវបានកងទ័ពវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែររហូតបន្តអំណាចឱ្យលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់នៅពេលនេះ គាត់នៅតែព្រមានចាប់ខ្លួនអ្នកដែលតវ៉ាទាមទារអំពីបញ្ហាទឹកដីដែលបាត់បង់ទៅប្រទេសជិតខាងដាច់អហង្ការ ទាំងខាងប្រទេសវៀតណាម និងប្រទេសថៃ។
ក្នុងខួប ៥០ឆ្នាំនៃជ័យជម្នះខាងបក្សពលករ ឬបក្សកុម្មុយនីស្តយៀកណាម ឈ្នះសង្គ្រាមយៀកណាមជាមួយសហរដ្ឋអាមេរិក មេដឹកនាំអាមេរិកាំងមិនបានបញ្ជូននរណាម្នាក់ទៅចូលរួមទេ។ ខាងខ្មែរមានលោក ហ៊ុន សែន ជាតំណាងប្រទេសកម្ពុជា។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានលើកឡើងអំពីការបង្កើតច្បាប់ដើម្បីដាក់អ្នកនយោបាយជំទាស់នៅក្រៅប្រទេសដែលតែងតវ៉ាទាមទារអំពីបញ្ហាទឹកដីទៅជាក្រុមភេរវករផងដែរ ក្រោមហេតុផលថា ដើម្បីរក្សាភាពស្ងៀមស្ងាត់នយោបាយរបស់ប្រទេស។
គួរបញ្ជាក់ថា៖ មជ្ឈដ្ឋានខ្មែរខ្លះនៅក្រៅស្រុកបានចាត់ទុកសង្គមខ្មែរសព្វថ្ងៃថាជាសង្គមដុះលូតលាស់បែបរុក្ខជាតិប្រទាលផ្ញើប្រាណ ដើមប៉ប្រក ដែលរស់អត់គេមិនបាន ដូច្នេះត្រូវរៀនសម្របរៀននិយាយថា អាក្រក់ជាល្អ ខ្មៅជាស សជាខ្មៅ ខ្លៅជាប្រាជ្ញ ចោរកំណាចថាមនុស្សរាបសា អ្នកដឹងអ្នកនិយាយការពិតជាតិនិយម ថាពួកឧទ្ទាមជ្រុលនិយម អ្នកលក់អ្នកក្បត់ប្រយោជន៍ជាតិ ថាអ្នកស្នេហាជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

