លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឱ្យមានវិនិយោគិនខ្មែរទៅអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) កាន់តែច្រើន ពីព្រោះមិនត្រឹមតែបម្រើដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ សង្គម និងលើកស្ទួយកម្រិតជីវភាពរបស់ពលរដ្ឋនៅក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្ហាញផងដែរថា ខ្មែរមិនអាចបាត់បង់ទឹកដីឱ្យទៅនរណាទាំងអស់។
ថ្លែងក្នុងកម្មវិធីរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត ថាកំណើនវិនិយោគិនខ្មែរក្នុងប្រទេសទៅអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដើម្បីបម្រើដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។
លោក ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានទាក់ទាញបរទេសជាច្រើន ដូចជាអូស្ត្រាលី ជប៉ុន និងចិន ជាដើម ឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីកម្ពុជាតាមរយៈផែនការអភិវឌ្ឍន៍នៅតំបន់ព្រំដែននៃខេត្តទាំង៤ របស់ខ្មែរជាប់ជាមួយប្រទេសជិតខាង ឡាវ និងវៀតណាម។
លោកអះអាងថា ដើម្បីទាក់ទាញកំណើនវិនិយោគិន រដ្ឋាភិបាលកំពុងប្រែក្លាយព្រំដែនខ្លួនទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ដោយត្រូវដកកងទ័ពចេញ និងបើកច្រកឆ្លងដែនអន្តរជាតិ ព្រមទាំងបង្កើនសកម្មភាពសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ពលរដ្ឋ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានមតិខ្មែរមួយចំនួនលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) រួចងាកទៅអភិវឌ្ឍខេត្តទាំង៤ របស់កម្ពុជា គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដោយខ្លួនឯង។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ សីហា នេះថា លោកឯកភាពនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថាចង់ឲ្យមានការអភិវឌ្ឍប្រទេសដោយខ្លួនឯង ពីព្រោះកម្ពុជាមិនមែនមានវៀតណាម ទើបអាចអភិវឌ្ឍប្រទេសបាននោះទេ។
លោកថា មានប្រទេសជាច្រើនដែលបំណងសហការអភិវឌ្ឍជាមួយកម្ពុជា មិនមែនមានតែវៀតណាម មួយនោះទេ។ លោកថា បញ្ហានៅត្រង់ថា តើកម្ពុជាខ្លួនឯងអាចធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់របស់ខ្លួន ដើម្បីឲ្យវិនិយោគិនងាយស្រួលក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដែរឬទេ ជាពិសេសគឺបញ្ហាពុករលួយនេះតែម្តង។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ដោយសារតែពលរដ្ឋខ្មែរមើលឃើញគ្មានផលចំណេញពីគម្រោងវិនិយោគជាមួយវៀតណាម ទើបពួកគេទាមទារឱ្យបញ្ឈប់ការអភិវឌ្ឍរួមគ្នាក្នុងតំបន់ត្រីកោណនេះ។
យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អភិវឌ្ឍខេត្តទាំង៤ ក្នុងតំបន់ត្រីកោណដោយខ្លួនឯង កុំដាក់បញ្ចូលរួមគ្នាជាមួយឡាវ និងវៀតណាម ព្រោះការអភិវឌ្ឍរួមគ្នាចាប់តាំងពីឆ្នាំ១៩៩៩ មក កម្ពុជាមានតែខាតបង់ មិនទទួលបានចំណេញអ្វីទេ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ថា ការអភិវឌ្ឍដោយរដ្ឋាភិបាលខ្មែរផ្ទាល់ គឺមានលក្ខណៈប្រសើរជាងការអភិវឌ្ឍរួមគ្នាជាមួយប្រទេសជិតខាង ដែលធ្លាប់មានប្រវត្តិលេបត្របាក់ទឹកដីកម្ពុជាកន្លងមក ហើយកម្ពុជាក៏នឹងអាចថែរក្សាការពារធនធានធម្មជាតិ រួមទាំងទឹកដីរបស់ខ្លួនបានគង់វង្សសម្រាប់ជាកេរដំណែលកូនចៅជំនាន់ក្រោយដែរ៕