31 C
Phnom Penh

ក្នុង​របប​ផ្ដាច់ការ គំនិត​របស់​អ្នក​ដឹកនាំ​គឺ​ដូច​គ្នា ទោះ​អ្នក​នោះ​រៀនសូត្រ​នៅ​បស្ចិម​ប្រទេស​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ព្រមាន​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​បញ្ហា​អស្ថិរភាព​ដល់​ប្រទេស​ជាតិ និង​រំខាន​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ទូទៅ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​សកម្មភាព​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឡើយ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញមតិ​បង្ហាញ​អំពី​ទស្សនៈ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហា​ប្រទេស​ជាតិ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​មិនមែន​ជា​កំហុស​ខុស​អ្វី​នោះ​ទេ ប៉ុន្តែ​ការ​បង្ក​បញ្ហា​អស្ថិរភាព​ដល់​ប្រទេស​ជាតិ គឺ​ជា​សកម្មភាព​ហួស​ព្រំដែន​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ហើយ។

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​របស់​លោក​មាន​កាតព្វកិច្ច​ត្រូវតែ​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម​ជូន​ប្រទេស​ជាតិ និង​ប្រជាជន ហើយ​បើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​លើ​ក្រុម​ដែល​ឆ្លៀត​ឱកាស​លើ​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​អំពី​ទឹកដី ដើម្បី​រុញ​សភាពការណ៍​ឱ្យ​ទៅ​ជា​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ផ្តួល​រំលំ សូម​កុំ​ចោទ​រដ្ឋាភិបាល​ថា​ផ្ដាច់ការ​ឱ្យ​សោះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ក្រុម​អ្នក​ឆ្លៀត​ឱកាស​កំពុង​អនុវត្ត​រូបមន្ត​បាតុកម្ម​នៃ​ប្រទេស​បង់ក្លាដេស រុញ​សភាពការណ៍​ឱ្យ​ទៅ​ជា​ការ​ប្រមូលផ្ដុំ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពី​លើ​ការ​ព្រួយបារម្ភ​អំពី​ប្រទេស​ជាតិ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់។

សេចក្តី​ថ្លែង​ដូច្នេះ បាន​ចោទ​ជា​សំណួរ​ថា តើ​លោក ហ៊ុន ម៉ាណែត ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សម្ដែង​មតិ​អំពី​កង្វល់​រឿង​ទឹកដី​ជាតិ​មាតុភូមិ​ដោយ​ខ្សឹបៗ ស្ងាត់ៗ​នៅ​ក្នុង​ផ្ទះ ឬ​យ៉ាង​ណា? តើ​ប្រទេស​ប្រជាធិបតេយ្យ​ដែល​បង់​ប្រាក់​ឲ្យ​លោក ហ៊ុន ម៉ាណែត ទៅ​រៀន ៤​ឆ្នាំ គេ​បង្រៀន​លោក​អំពី​ការ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របៀប​បែប​នោះ​ឬ?

ចាប់តាំងពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា កម្ពុជា ឡាវ និង​វៀតណាម ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ មក សំឡេង​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​ការ​អភិវឌ្ឍ​រួម​គ្នា​នេះ​កាន់តែ​ច្រើន​ឡើងៗ​រហូត​ដល់​ពេលនេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន និយាយ​បន្លប់​ថា លោក​គ្រាន់តែ​ធ្វើ​កិច្ចសហការ​ជាមួយ​ប្រទេស​យៀកណាម តែប៉ុណ្ណោះ មិន​បាន​យក​ទឹកដី​ខេត្ត​ខ្មែរ​ទាំង​បួន​ទៅ​ដាក់​អភិវឌ្ឍ​ចូល​គ្នា​ជាមួយ​ប្រទេស​ណា​នោះ​ទេ។

នេះ​ចោទ​ជា​ចម្ងល់ និង​សំណួរ​មួយ​ចំនួន​ទៀត​ថា៖ បើ​មិន​អភិវឌ្ឍ​រួម​គ្នា ហេតុ​អ្វី​បាន​ជា​មាន​ផែនការ​ស្ងាត់ៗ​ហៅថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​តាំងពី​ឆ្នាំ​១៩៩៩ ពី​ខេត្ត​ពីរ ដល់​ខេត្ត​បី ដល់​ខេត្ត​បួន?

បើ​ពិត​ដូច​វាចា​លោក​ថ្លាថ្លែង​នោះ ហេតុ​អ្វី​មិន​ចង់​បង្ហាញ​គម្រោង​ផែនការ​នោះ​ជា​រូបភាព ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឃើញ? បើ​គ្រាន់តែ​សម្រួល​ឲ្យ​ទេសចរ​ខ្មែរ លាវ យៀកណាម ចេញ​ចូល​ទៅ​មក​ព្រឹក​ល្ងាច ចាំបាច់​អ្វី​បង្កើត​គម្រោង​ការ​អភិវឌ្ឍ​រួម​គ្នា បើ​គ្រាន់តែ​បើក​ប៉ុស្តិ៍​ច្រក​យាម​តាម​ព្រំដែន​ឆែកឆេរ​លិខិត​ស្នាម​បាន​នោះ?

អ្នក​តាមដាន​ប្រវត្តិសាស្ត្រ​ខ្មែរ​សង្កេត​ឃើញ​ថា ដំបូង​មេដឹកនាំ​យៀកណាម បែង​គំនិត​រៀប​ផែនការ​ហើយ​ជន្ល​ចង់​ដឹង​ថា តើ​មាន​ការ​ជំទាស់​ខ្លាំងក្លា​ដាច់ខាត​ពី​មេដឹកនាំ​ខ្មែរ ឬ​អត់? បើ​គ្មាន​ទេ គេ​រុញ​មួយ​កម្រិត​ថែម​ទៀត រហូត​ដល់​ទី​បញ្ចប់ សម្រេច​គោលដៅ​នៃ​អ្វី​គេ​ចង់​បាន។

ជាក់ស្តែង កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ​ជាង ៣​ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​សេអ៊ូល និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​អូស្ត្រាលី រាប់​ពាន់​នាក់ តវ៉ា​ប្រឆាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ក្រោម​ហេតុផល​ថា គម្រោង​អភិវឌ្ឍន៍​នេះ គឺជា​ល្បិច​ឈ្លានពាន​ទឹកដី​ខ្មែរ​ពី​សំណាក់​វៀតណាម។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​ទទួល​បាន​ការ​ពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។

ចំណែក​មាត្រា​៣៧ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​វាយតម្លៃ​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​នៅ​កម្ពុជា កាលពី​ចុង​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ប្រទេស​មិន​សេរី ឬ Not Free ដែល​គេ​រក​ឃើញ​ថា​មាន​ការ​គាបសង្កត់​លើ​ក្រុម​អ្នក​នយោបាយ​ជំទាស់ និង​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស