25 C
Phnom Penh

ភរិយា​របស់​តារា​សម្ដែង​លោក ស៊ុក សុភា ថា​ស្វាមី​របស់​ខ្លួន​គ្មាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ឯង​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​តារា​សម្ដែង​ខ្មែរ​មួយ​រូប ចាត់ទុក​ការ​លើកឡើង​របស់​ស្វាមី​របស់​ខ្លួន គឺ​លោក ស៊ុក សុភា ដែល​ថា​សម័យ​នេះ​ហើយ​គ្មាន​បរទេស​ណា​រំលោភ​យក​ទឹកដី​ខ្មែរ គឺ​គ្មាន​ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ជាតិ​ឯង។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sarina Lucky Luy ដែល​គេ​ដឹង​ថា​ជា​របស់​ភរិយា​លោក ស៊ុក សុភា បាន​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​២៣ សីហា ថា អ្នកស្រី​ឈប់​ទៅ​លេង​ប្រទេស​កម្ពុជា​ទៀត​ហើយ លុះត្រា​ណា​តែ​ប្រទេស​នេះ​មាន​យុត្តិធម៌​សង្គម និង​បើក​លំហ​សិទ្ធិ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ។

ប្រភព​ដដែល​លើកឡើង​ថា កុំ​ថា​តែ​អ្នក​ដទៃ សូម្បីតែ​អ្នកស្រី​ជា​ភរិយា ក៏​អ្នកស្រី​មិន​គាំទ្រ​សម្ដី​របស់​លោក ស៊ុក សុភា ដែរ។ អ្នកស្រី​ថា បើ​អ្នកស្រី​មិន​បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​បាត់បង់​ទឹកដី​របស់​ខ្មែរ​ទេ ហើយ​លោក ស៊ុក សុភា សរសេរ​បែប​នេះ អ្នកស្រី​ក៏​មិន​ថា​ដែរ តែ​អ្នកស្រី​បាន​ពន្យល់​ហេតុផល​ល្អិតល្អន់​ច្បាស់ៗ​អស់​ទៅ​ហើយ តែ​បែរ​ជា​លោក ស៊ុក សុភា នៅតែ​សរសេរ​ខុស​ការពិត​បែប​នេះ​ទៀត។

អ្នកស្រី Sarina Lucky Luy និយាយ​ទៅ​កាន់​ប្តី​របស់​ខ្លួន​ថា គេ​ឱ្យ​លុយ​ប៉ុន្មាន អី​ក៏​ខំ​ម្ល៉េះ? អ្នកស្រី​ថា តាម​ដឹង​មិន​ដែល​បាន​លុយ ១​សេន​ទេ ដូច្នេះ​កុំ​ខំ​ពេក។

អ្នកស្រី​បន្ត​ថា ពេល​គេ​ត្រូវការ​ប្រើ​ក្បាល ទើប​មាន​អ្នក​ទាក់ទង​មក តែ​ពេល​គ្មាន​ប្រយោជន៍​សម្រាប់​គេ គ្មាន​អ្នក​អើពើ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គេ​ថែម​ទាំង​ធ្លាប់​ទម្លាក់​កំហុស​លើ​ខ្លួន ធ្វើ​ឱ្យ​រឿង​ស​ប្រែ​ទៅ​ជា​ខ្មៅ ខ្មៅ​ប្រែ​ទៅ​ជា​ស​ទៀត ហេតុ​អ្វី​ក៏​លោក ស៊ុក សុភា មិន​ចេះ​ចាំ​រឿង​ទាំងនេះ។

អ្នកស្រី Sarina Lucky Luy ព្រមាន​ថា ប្រយ័ត្ន​អ្នកស្រី​ទ្រាំ​លែង​បាន អ្នកស្រី​នឹង​ទម្លាយ​រឿង​អាថ៌កំបាំង​ទាំងអស់​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ភាព​អយុត្តិធម៌​លើ​អ្នកស្រី​កន្លង​មក ហើយ​ដោយសារតែ​ភាព​អយុត្តិធម៌​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​លែង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

ភរិយា​តារា​សម្ដែង​រូប​នេះ​ផ្តាំ​ទៅ​ស្វាមី​របស់​ខ្លួន​គឺ​លោក ស៊ុក សុភា ថា សព្វថ្ងៃ​នេះ​លោក​បាន​បំពេញ​តួនាទី​ធ្វើ​ជា​ប្ដី​ល្អ ឪពុក​ល្អ​ហើយ និង​បាន​រស់នៅ​លើ​ទឹកដី​ដែល​មាន​សិទ្ធិ​សេរីភាព មាន​យុត្តិធម៌​ពេញទី ព្រមទាំង​មាន​អ្វីៗ​សព្វគ្រប់​បែប​យ៉ាង​ទៀត ដូច្នេះ​សូម​កុំ​ក្បត់​ឧត្ដមគតិ​ខ្លួនឯង​អី ហើយ​ក៏​មិន​ត្រូវ​ស៊ី​ជោរ​តាម​តែ​គេ​បញ្ជោរ​ដែរ។

កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ តារា​សម្ដែង​ខ្មែរ​លោក ស៊ុក សុភា ដែល​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា អនុស្សាវរីយ៍​នៅ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី។ លោក​ថា សម័យ​នេះ​ហើយ​គ្មាន​ប្រទេស​ណា​មក​យក​ខេត្ត​ខ្មែរ​ងាយៗ​ទេ។

ការ​សរសេរ​របស់​តារា​សម្ដែង​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក​កំពុង​សម្ដែង​ការ​ភ័យ​ព្រួយ​ពី​ការ​បាត់​ទឹកដី បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​៤ របស់​ខ្មែរ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជាមួយ​ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ។

ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ពី​ការ​ដាក់​ខេត្ត​ខ្មែរ​ចំនួន​៤ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម មក ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក ដូចជា អាមេរិក បារាំង អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង កាណាដា បាន​នាំគ្នា​ចេញ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​នេះ​ព្រោងព្រាត។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក ស៊ុក សុភា ដើម្បី​ធ្វើការ​បកស្រាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស