អ្នកវិភាគនយោបាយ លើកឡើងថា មូលនិធិកសាងផ្លូវក្រវាត់ព្រំដែនរបស់រដ្ឋាភិបាលត្រកូលហ៊ុន មិនប្រាកដថាជាមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនទេ ប៉ុន្តែអាចជាផែនការមូលនិធិកសាងខ្សែក្រវាត់ការពារអំណាចរបស់ត្រកូលហ៊ុនតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ សីហា នេះថា ជារឿងចម្លែកពេកហើយដែលរដ្ឋាភិបាលប្រឹងត្រដរខ្យល់ជីកព្រែកហ្វូណនផង និងសាងសង់ផ្លូវក្រវាត់ព្រំដែនផងនៅពេលដែលការប្រមូលពន្ធរបស់កម្ពុជាកំពុងធ្លាក់ចុះ។
លោកសួរថា តើរដ្ឋាភិបាលដែលពោរពេញទៅដោយអំពើពុករលួយ និងផ្ដាច់ការមួយនេះ អាចរំពឹងថានឹងរៃអង្គាសបានលុយប៉ុន្មានពីពលរដ្ឋខ្មែរដ៏ក្រីក្រស្ទើរមួយប្រទេស និងពលរដ្ឋដែលមិនទុកចិត្តខ្លួននោះ?
លោក គឹម សុខ លើកឡើងថា ផ្ទុយទៅវិញ ប្រសិនបើលោក ហ៊ុន សែន ប្រើល្បិចយកលុយពីរដ្ឋាភិបាលវៀតណាម មកសាងសង់ផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនក្រោមរូបភាពមូលនិធិនេះជាថ្នូរនឹងការផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនវៀតណាម ក្នុងគម្រោងអភិវឌ្ឍន៍ ហើយបញ្ចូលជនជាតិវៀតណាម រាប់ម៉ឺននាក់ថែមទៀត ឲ្យទៅរស់នៅលើដីធ្លីសម្បទានតាមបណ្ដោយផ្លូវក្រវាត់ព្រំដែនទាំងនោះ តើទឹកដីខ្មែរនឹងប្រឈមហានិភ័យបែបណា?
លោកថា អំណាចត្រកូលហ៊ុននឹងរលំភ្លាមៗ បើវៀតណាម មិនជ្រោមជ្រែង ដូច្នេះត្រកូលហ៊ុនត្រូវតែប្រឹងរកគ្រប់វិធីលួងចិត្តវៀតណាម ឱ្យជួយការពារអំណាចឱ្យក្រុមគ្រួសាររបស់ពួកគេ។
បើបែបនេះមែន តើផ្លូវដែលហៅថាក្រវាត់ព្រំដែន នឹងក្លាយជាខ្សែក្រវាត់ការពារបរទេសឈ្លានពានព្រំដែនមួយវគ្គទៀតក្នុងរូបភាពអភិវឌ្ឍន៍នេះ?
អ្នកវិភាគរូបនេះលើកជាសំណួរថា តើអាចទៅរួចដែរឬទេនៅពេលសាងសង់ផ្លូវរួចរាល់ រដ្ឋាភិបាលនៃគ្រួសារត្រកូលហ៊ុននឹងចែកដីឲ្យជនជាតិវៀតណាម រាប់ម៉ឺនគ្រួសារដែលរស់នៅលើទឹក ឲ្យទៅរស់នៅលើគោក ហើយផ្តល់កម្មសិទ្ធិដីធ្លីដូចពលរដ្ឋខ្មែរ ព្រោះមេរៀននេះ រដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន បានអនុវត្តនៅខេត្តកំពង់ឆ្នាំង ដោយជោគជ័យម្តងរួចទៅហើយ។
លោករំលឹកថា រដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន បានអះអាងថា ករណីខេត្តកំពង់ឆ្នាំង ជាការចាប់ផ្ដើមសាកល្បង ហើយបើបានជោគជ័យ រដ្ឋាភិបាលនឹងបន្តធ្វើនៅកន្លែងផ្សេងៗទៀត ដូច្នេះគម្រោងបន្ទាប់នឹងអនុវត្តនៅទីណា ឬអនុវត្តតាមបណ្ដោយផ្លូវក្រវាត់ព្រំដែនដែលសង់ថ្មីនេះ? ដូច្នេះបើនេះជាល្បិចរបស់រដ្ឋាភិបាលត្រកូលហ៊ុនមែន ជាតិខ្មែរគឺកំពុងស្ថិតនៅលើមាត់ជ្រោះមរណៈយ៉ាងពិតប្រាកដ។
លោក គឹម សុខ ដាក់ជាចម្ងល់ថា តើយុទ្ធនាការរៃអង្គាសលុយនេះ អាចជាល្បិចដើម្បីឱ្យពលរដ្ឋភ្លេចពីការប្រឆាំងគម្រោង CLV របស់វៀតណាម ដែរឬទេ?
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលអាចសង់ផ្លូវបានសម្រេចទៅតាមគោលដៅទៅចុះ ប៉ុន្តែពលរដ្ឋខ្មែរបែរជាក្រីក្រវេទនា និងធ្វើចំណាកស្រុកគ្រប់ទីកន្លែង រហូតគ្មានពលរដ្ឋខ្មែរទៅរស់នៅតាមផ្លូវដែលសាងសង់ដោយមូលនិធិនេះ ដូច្នេះគឺនៅតែមិនអាចការពារព្រំដែនបានដដែល។
លោក ហ៊ុន ម៉ាណែត ប្រកាសជាផ្លូវការកាលពីថ្ងៃទី២៦ ខែសីហា នេះ អំពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនក្នុងបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន។
លោក ហ៊ុន ម៉ាណែត លើកឡើងថា មូលនិធិនេះក៏ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានរួមចំណែកដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុកសាង និងការពារមាតុភូមិរបស់ខ្លួនដែរ តាមរយៈនៃការបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្ត។
ជុំវិញការរៃអង្គាសលុយនេះ លោក ហ៊ុន ម៉ាណែត បានបង្ហោះទម្រង់ប្រតិបត្តិការផ្ទេរសាច់ប្រាក់អ្នកដែលបានចូលរួមក្នុងមូលនិធិនេះជាបន្តបន្ទាប់នៅថ្ងៃទី២៧ សីហា៕