29 C
Phnom Penh

លោក ហ៊ុន សែន ឌឺដង​អ្នក​ជំទាស់​រឿង CLV ដោយ​ចាំ​មើល​តើ​ពួកគេ​ចូលរួម​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ឬ​អត់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​អ្នក​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ប្រទេស​វៀតណាម ដើម្បី​ចង់​ដឹង​ថា តើ​ពួកគេ​បាន​ចូលរួម​ក្នុង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដែរ​ឬ​ក៏​អត់ ប្រសិនបើ​ពួកគេ​ខ្លាច​បាត់បង់​ទឹកដី​មែន​នោះ។

លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២៦ ខែ​សីហា នេះ​ថា ការ​លើកឡើង​របស់​លោក​បែប​នេះ មិនមែន​ជា​ការ​ដេញ​ទាន់​ជាន់​កែង​មិន​ឲ្យ​ជាតិ​ខ្មែរ​សាមគ្គី​គ្នា​ការពារ​ទឹកដី​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​បង្ហាញ​ថា ពួកគេ​ខ្លាច​បាត់បង់​ទឹកដី​មែន ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក ហ៊ុន សែន លើកឡើង​ថា មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ស្មារតី​សាមគ្គី​ការពារ​ជាតិ​ពិតប្រាកដ​ពី​សំណាក់​ប្រជាជាតិ​ខ្មែរ ពិសេស​តាមរយៈ​មូលនិធិ​នេះ​ក៏​នឹង​អាច​ដឹង​បាន​ថា អ្នក​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​កាត់​ដី​ខ្មែរ ៤​ខេត្ត ឬ​ច្រើន​ជាង​នេះ​ទៅ​ឲ្យ​វៀតណាម ពួកគេ​បាន​ចូល​លុយ​ក្នុង​មូលនិធិ​នេះ​ឬ​ក៏​អត់។

លោក​ថា ប្រសិនបើ​ក្រុម​អ្នក​បាតុកម្ម​ខ្លាច​បាត់​ដី​ខ្មែរ​មែន វា​ជា​ពេលវេលា​ដ៏​សមស្រប​សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​ដើម្បី​កសាង​ផ្លូវថ្នល់ កសាង​សាលារៀន មន្ទីរពេទ្យ អណ្ដូងទឹក នៅ​តាម​ភូមិ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​នឹង​ចែក​ដី​ជូន​ប្រជាជន​ដែល​គ្មាន​ដី​នៅ​ទីនោះ ដើម្បី​ឱ្យ​ពួកគេ​រស់នៅ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​រំពឹង​ទុក​ប្រជាជន​ដែល​គ្មាន​ដី គឺ​ទទួល​បាន​ដី​សម្រាប់​បង្កបង្កើនផល​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ជា​ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ព្រោះ​ខឿន​ការពារ​ជាតិ​ត្រូវតែ​ពង្រឹង​តាមរយៈ​ប្រជាជន​ដែល​នៅ​រស់នៅ​តាម​ព្រំដែន ដែល​ជា​ព្រំដែន​រស់ ហើយ​វា​មាន​ភាព​រឹងមាំ​ជាង​របង​បេតុង ឬ​ដែក​ច្រើន​ជាន់ និង​ល្អ​ជាង​ការ​ពង្រាយ​កងទ័ព និង​អាវុធ​ដើម្បី​ការពារ​ទៅ​ទៀត។

កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ប្រកាស​ដំណើរការ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ថា មូលនិធិ​នេះ​គឺ​សំដៅ​ដល់​ការ​រួម​គ្នា​ជា​ធ្លុង​មហា​សាមគ្គី​ជាតិ​ខ្មែរ ដើម្បី​ថែរក្សា​សុខ​សន្តិភាព អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ឱ្យ​កាន់តែ​រឹងមាំ និង​ប្រកប​ដោយ​ចីរភាព​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ សីហា នេះ​ថា គោលបំណង​នៃ​ការ​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន គឺ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក អាច​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន និង​ដើម្បី​លើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច និង​ជីវភាព​របស់​ពលរដ្ឋ ក៏ដូចជា​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​ការពារ​មាតុភូមិ​ក្នុង​ចំណោម​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់។

ប៉ុន្តែ​លោក​មិន​នឹកស្មាន​ថា មាន​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ចំនួន​បែរ​ជា​មិន​យល់​ពី​បំណង​របស់​រាជរដ្ឋាភិបាល ថែមទាំង​ឆ្លៀត​ប្រើប្រាស់​គំនិត​ផ្ដួចផ្ដើម​នេះ​សំដៅ​វាយប្រហារ​ពលរដ្ឋ​ដែល​មាន​គំនិត​ផ្ទុយ និង​ពលរដ្ឋ​ស្នេហា​ជាតិ​ដែល​បារម្ភ​ពី​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច សង្គម នយោបាយ និង​លំហូរ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម នៅ​តាម​បណ្តា​ខេត្ត​នៃ​ភូមិភាគ​ឦសាន​របស់​កម្ពុជា ដោយ​គ្រាន់តែ​អនុវត្តិ​សិទ្ធិ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ។

លោក សេង វណ្ណលី លើកឡើង​ថា ពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត រួម​ទាំង​អ្នក​ដែល​មាន​គំនិត​ផ្ទុយ និង​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​នេះ គេ​មិន​ចាំបាច់​អួត​ប្រាប់​អ្នក​ដទៃ​ដូច​ពួក​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​នោះ​ទេ ហើយ​បើ​មន្ត្រី​ទាំងនោះ​ចង់​ចូលរួម​ប៉ុន្មាន​ក៏​ចូល​ទៅ ហេតុ​អ្វី​ចាំបាច់​ដៀមដាម​ទៅ​កាន់​ពលរដ្ឋ​ដែល​គ្នា​គ្មាន​ថវិកា​ដែល​រក​តែ​បាយ​ហូប​គ្មាន និង​អ្នក​មាន​គំនិត​ផ្ទុយ​បែប​នេះ។

លោក​ថា ឬ​មួយ​ក៏​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​គិត​ថា​មូលនិធិ​នេះ​បង្កើត​ឡើង​ក្នុង​គោលដៅ​ត្រឹមតែ​បញ្ឈឺ​ពលរដ្ឋ​ក្រីក្រ និង​អ្នក​មាន​គំនិត​ផ្ទុយ​ទេ ដូច្នេះ​សូម​ផ្តាំ​ទៅ​លោក ហ៊ុន ម៉ាណែត ថា ពេល​ខ្លះ​មិនមែន​ពលរដ្ឋ​មិន​យល់​ពី​បំណង​ល្អ​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​មូលហេតុ​អាច​ដោយសារតែ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក គឺ​មាន​គំនិត​ផ្ទុយ​ពី​រូបលោក ដូច​ឧទាហរណ៍​ជាក់ស្តែង​នៅ​ពេលនេះ​ស្រាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស