លោក Dmytro Kuleba នៅថ្ងៃពុធ ទី៤ កញ្ញា នេះ បានដាក់ពាក្យសុំលាលែងពីតំណែងពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចំពេលលោក ហ្សេឡេនស្គី ចាប់ផ្ដើមរុះរើសមាជិកគណៈរដ្ឋមន្ត្រីដ៏ធំបំផុតជាលើកដំបូងនៅចំពោះមុខសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី ដែលចូលដល់ខែទី៣០ ហើយ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ការលាលែងពីតំណែង និងការតែងតាំងរដ្ឋមន្ត្រី ត្រូវគេរំពឹងទុកនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសំណុំរឿងនេះក្រោយពីរដ្ឋមន្ត្រី ៦នាក់បាននាំគ្នាលាលែងពីតួនាទីកាលពីថ្ងៃអង្គារ ទី៣ កញ្ញា។
មន្ត្រីជំនិតជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា ជាការចាប់ផ្តើមនៃដំណើរការរៀបចំរដ្ឋាភិបាលឡើងវិញនៅមុនរដូវរងាមកដល់ខាងមុខនេះ។
ប៉ុន្តែអ្នកសង្កេតការណ៍ថាការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំនេះ គឺជាគោលការណ៍ដើម្បីចង់ដឹងបញ្ញវន្តណាខ្លះចង់បានតំណែងក្នុងគណៈរដ្ឋមន្ត្រី ហើយជាបញ្ញវន្តក្លាហាន និងស្នេហាជាតិជួយប្រទេសក្នុងគ្រាអាសន្នឈ្លានពានពីរុស្ស៊ី។
លោក ហ្សេឡេនស្គី បាននិយាយថា នៅពេលប៉ុន្មានខែខាងមុខ គឺមានសារសំខាន់ជាខ្លាំងសម្រាប់អ៊ុយក្រែន ដូច្នេះហើយត្រូវមានការផ្លាស់ប្ដូរដើម្បីឱ្យអ៊ុយក្រែន អាចសម្រេចបានគោលដៅមួយ គឺកម្លាំងផ្ទៃក្នុងរឹងមាំ និងសាមគ្គីគ្នាដ៏ខ្លាំង។
តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង គឺលោក Dmytro Kuleba លាលែងពីតំណែងពីរដ្ឋមន្ត្រីបរទេសដ៏សកម្មក្នុងកាលៈទេសៈប្រទេសធ្លាក់ក្នុងសង្គ្រាម។
ការលាលែងរបស់លោក Dmytro Kuleba ចំពេលលោកប្រធានាធិបតី ហ្សេឡេនស្គី កំពុងជួបវិបត្តិដោយសាររដ្ឋមន្ត្រី ៦រូបលាលែងពីតំណែង ហើយក៏ចំពេលលោក ហ្សេឡេនស្គី ស្វែងរកការផ្ដល់ជំនួយថែមទៀតពីពួកបស្ចិមប្រទេស ជាពិសេសលោកចង់បានការបើកផ្លូវខៀវពីសហរដ្ឋអាមេរិក អង់គ្លេស បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទឹកដីរុស្ស៊ី ដែលទ័ពអ៊ុយក្រែន វាយឈរជើងនៅក្នុងខេត្ត Kursk នៃទឹកដីរុស្ស៊ី។
នៅក្នុងរដូវត្រជាក់ខាងមុខនេះ ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ គឺជារឿងចាំបាច់ ព្រោះត្រូវវាយទប់ស្កាត់ការរុលរបស់កងទ័ពរុស្ស៊ី។ គេរំពឹងថា យ៉ាងតិចជាងពាក់កណ្ដាលនៃរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់លោក ហ្សេឡេនស្គី នឹងត្រូវដោះដូរ។
ក្នុងវ័យ ៤៣ឆ្នាំ អ្នកការទូតដ៏សកម្មនៃប្រទេសអ៊ុយក្រែន ដែលបញ្ជូនពាក្យសុំលាលែងពីរដ្ឋមន្ត្រីការបរទេស មិនបាននិយាយយោងពីមូលហេតុនៃការស្នើសុំលាលែងនោះទេ។
លោក Dmytro Kuleba បានបញ្ចប់ថ្នាក់បណ្ឌិតច្បាប់អន្តរជាតិ ហើយបានកាន់តំណែងជាច្រើនពាក់ព័ន្ធកិច្ចការបរទេសតាំងពីឆ្នាំ២០០៣។ កាលពីខែកក្កដា លោកបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ដែលជាលើកដំបូងហើយអ្នកការទូតជាន់ខ្ពស់បំផុតអ៊ុយក្រែន រូបនេះជាន់ទឹកដីមហាអំណាចនៅអាស៊ី ដែលមិនចូលរួមថ្កោលទោសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
លោក Dmytro Kuleba បានកាន់មុខតំណែងជារដ្ឋមន្ត្រីការបរទេសនៅក្នុងខែមីនា ឆ្នាំ២០២០ ជាឆ្នាំដែលអ៊ុយក្រែន រៀបចំសង្គ្រាម និងកំពុងចាប់ផ្ដើមជម្លោះការទូតជាមួយរុស្ស៊ី ពាក់ព័ន្ធអ៊ុយក្រែន ដាក់ពាក្យសុំជាសមាជិកអង្គការសម្ព័ន្ធភាពយោធាណាតូ (NATO) ហើយក្រុងមូស្គូ គំរាមយ៉ាងខ្លាំង។ លោក Dmytro Kuleba ដើរតួនាទីសំខាន់ណាស់ក្នុងការកៀរគរកម្លាំងបរទេសទប់ទល់ការឈ្លានពានពីប្រទេសរុស្ស៊ី។
បើនិយាយទៅ លោក Dmytro Kuleba គឺជារដ្ឋមន្ត្រីជាន់ខ្ពស់ដែលបានសុំលាលែងពីតំណែងចំពេលរដ្ឋាភិបាលលោក ហ្សេឡេនស្គី រុះរើសមាសភាព និងដោះដូររដ្ឋមន្ត្រីលក្ខណៈទ្រង់ទ្រាយធំ។
ចំពោះស្ថានការណ៍សឹកវិញ កងកម្លាំងរបស់រុស្ស៊ី កំពុងតែបន្តរុលឆ្ពោះទៅមុខនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែន បានបញ្ជូនកងកម្លាំងខ្លួនបើកការវាយលុកយ៉ាងខ្លាំងចូលទៅក្នុងតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ រុស្ស៊ីក៏បានបង្កើនការវាយប្រហារដោយប្រើយន្តហោះដ្រូន និងមីស៊ីលទៅលើអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី៣ កញ្ញា ដោយបានសម្លាប់មនុស្សជាង ៥០នាក់ និងជាង ២៧០នាក់រងរបួស។ ការបាញ់ដោយមីស៊ីលបាលីស្ទិករុស្ស៊ី នៅទីក្រុង Poltava ភាគកណ្តាល ហើយថ្ងៃពុធ នេះ បានផ្តាច់ជីវិត ៧នាក់ទៀតនៅទីក្រុង Lviv ភាគខាងលិច។ កាលពីថ្ងៃទី២៦ ខែសីហា រុស្ស៊ីបាញ់ស្រោចមីស៊ីលជិត ១៣០គ្រាប់ និងដ្រូនជាង ១០០គ្រឿងលើទឹកដីអ៊ុយក្រែន ទៅក្នុងខេត្ត-ក្រុងចំនួន ១៥។
ក្នុងស្ថានភាពនេះ រដ្ឋាភិបាលលោក ហ្សេឡេនស្គី បានសុំសហរដ្ឋអាមេរិក និងអង់គ្លេស អនុញ្ញាតជាបន្ទាន់ផ្ដល់សិទ្ធិឱ្យអ៊ុយក្រែន បាញ់ប្រហារដោយគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយទៅលើទឹកដីរុស្ស៊ី តែសហរដ្ឋអាមេរិក កំពុងពិចារណាសំណើរបស់អ៊ុយក្រែន ខណៈអង់គ្លេស ថាខ្លួនដើរតាមសហរដ្ឋអាមេរិក៕