29.6 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​មិន​ផ្ដល់​ជំនួយ​យោធា​និង​កងទ័ព​ដល់​អ៊ុយក្រែន​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​លោក ហ៊ុន សែន បដិសេធ​ថា កម្ពុជា​មិន​បាន​ផ្តល់​ជំនួយ​យោធា និង​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នោះ​ទេ ព្រោះ​ការ​បញ្ជូន​ទ័ព​ទៅ​ក្រៅ​ប្រទេស​នា​ពេល​កន្លងមក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​រក្សា​សន្តិភាព​តែប៉ុណ្ណោះ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​សាកលវិទ្យាល័យ​វេស្ទើន (Western) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មករា នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ជួយ​បណ្តុះបណ្តាល​លើ​ការ​បោស​សម្អាត​មីន​ដល់​ប្រទេស​អ៊ុយក្រែន ជា​ការងារ​មនុស្សធម៌។

លោក​បញ្ជាក់​ថា កម្ពុជា​មិន​បាន​បញ្ជូន​កងទ័ព និង​យោធា ព្រមទាំង​គ្រូ​ដោះ​មីន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ឡើយ។ លោក​ស្នើ​កុំ​ឲ្យ​យក​កម្ពុជា​ចូល​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា​នៅ​អ៊ុយក្រែន ដោយ​ថា​កម្ពុជា​គ្មាន​សមត្ថភាព​ក្នុង​ការ​បញ្ជូន​យោធា និង​កងទ័ព​ដល់​ប្រទេស​អ៊ុយក្រែន ដូច​ការ​លើកឡើង​របស់​មតិ​មួយ​ចំនួន​នា​ពេល​កន្លងមក​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ច្រានចោល​ចំពោះ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​ឈ្មោះ Demografiya upala ដែល​ថា​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។

ជាមួយ​គ្នា​នោះ ក្រសួង​ក៏​បាន​ទទូច​ឲ្យ​ប្រព័ន្ធ​តេឡេក្រាម​ឈ្មោះ Demografiya upala កែតម្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​នោះ​វិញ ដោយ​ថា​ការ​ចាត់​ចូល​កម្ពុជា​ទៅ​ក្នុង​ក្រុម​ប្រទេស​ដែល​ផ្តល់​ការ​គាំទ្រ​ខាង​យោធា​ឱ្យ​អ៊ុយក្រែន បែប​នេះ មិន​ត្រឹមតែ​មិន​ពិត​នោះ​ទេ តែ​ថែមទាំង​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​កម្ពុជា​ដែល​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព និង​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ការបរទេស​អព្យាក្រឹត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​បច្ចេកទេស​ស៊ីម៉ាក់​ចំនួន ៣​នាក់ ដើម្បី​ជួយ​បង្រៀន​បច្ចេកទេស ឬ​ជំនាញ​ដោះ​មីន​នៅ​ប្រទេស​អ៊ុយក្រែន។

បើ​តាម​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ធ្លាប់​លើកឡើង​ថា មន្ត្រី​ទាំង ៣​រូប​ទៅ​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​គ្នា​ជាមួយ​ប្រទេស​អ៊ុយក្រែន នា​ដើម​ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដោយ​ទៅ​ក្នុង​នាម​ជា​គ្រូ​ហ្វឹកហ្វឺន​បច្ចេកទេស​បោស​សម្អាត​មីន​ដល់​មន្ត្រី​អ៊ុយក្រែន។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​នា​ថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស