28.5 C
Phnom Penh

លោក ហ៊ុន សែន ថា​កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់ និង​គោរព​នូវ​គោលការណ៍​ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា​ជានិច្ច ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​សព្វថ្ងៃ។

លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌឹមីត្រូ គូលេបា (Dmytro Kuleba) នៅ​ថ្ងៃ​ពុធ សប្តាហ៍ នេះ​ថា កម្ពុជា​នៅតែ​រក្សា​ជំហរ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ប្រឆាំង​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​ហិង្សា​មក​លើ​អធិបតេយ្យភាព​ជាតិ បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការ​ទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​ធ្លាប់​ទទួល​រង​នូវ​ការ​ឈ្លានពាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ដែរ ដូច្នេះ​កម្ពុជា​យល់​ពី​អារម្មណ៍​របស់​ពលរដ្ឋ​អ៊ុយក្រែន​យ៉ាង​ច្បាស់​ជុំវិញ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ពេលនេះ ដែល​ដែន​អធិបតេយ្យ​របស់​ខ្លួន​ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ចំពោះ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​បាន​ផ្ទុះឡើង​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ ដែល​គេ​រិះគន់​ថា​ជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន ចាប់តាំងពី​រុស្ស៊ី​ប្រកាស​សង្គ្រាម​កាលពី​ដើម​ឆ្នាំ​២០២២ មក។

នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា នេះ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌឹមីត្រូ គូលេបា (Dmytro Kuleba) បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ជួប​ជាមួយ​លោក ហ៊ុន សែន តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ម្តង​រួច​មក​ហើយ ក្នុង​នោះ​ប្រធានាធិបតី​អ៊ុយក្រែន បាន​អរគុណ​កម្ពុជា​ដែល​បាន​ប្រកាន់​ជំហរ​របស់​ខ្លួន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន នៅ​អង្គការ​សហប្រជាជាតិ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ។

ជុំវិញ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន និង​មេដឹកនាំ​កម្ពុជា​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ ជំនួយការ​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​លោក អ៊ាង សុផល្លែត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក ឌឹមីត្រូ គូលេបា (Dmytro Kuleba) បាន​សម្ដែង​នូវ​ការ​រំភើប និង​អបអរ​ចំពោះ​កម្ពុជា​ដែល​បាន​ឆ្លងកាត់​ភ្លើង​សង្គ្រាម​ខ្ទេចខ្ទាំ ការ​កាប់​សម្លាប់​ប្រល័យ​ពូជសាសន៍​ក្នុង​អតីតកាល តែ​មក​ដល់​ពេលនេះ កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ឆាប់​រហ័ស ដែល​ជា​ការ​ប្រាថ្នា​ចង់​បាន​របស់​ប្រជាជន​អ៊ុយក្រែន​គ្រប់​រូប​សម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ពេលនេះ។

ទោះជា​បែប​នេះ​ក្តី ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ទេ គ្រាន់តែ​គ្មាន​សង្គ្រាម​ប៉ុណ្ណោះ ប៉ុន្តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​កម្ពុជា​ដែល​គេ​ច្រឡំ​ថា​មាន​សន្តិភាព​នោះ។

លោក គឹម សុខ បញ្ជាក់​ថា កម្ពុជា​ពិត​មែន​តែ​គ្មាន​សង្គ្រាម ប៉ុន្តែ​កម្ពុជា​បាន​ចំហ​ដែន​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ឱ្យ​បរទេស​ជិតខាង​ឈ្លានពាន​ខ្លួន​ដោយ​ស្ងាត់ៗ ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​នោះ ជា​អ្នក​ជួយ​សម្រួល​គ្រប់​បែប​យ៉ាង​ចំពោះ​ការ​ឈ្លានពាន​នេះ ដូចជា​ការ​បន្ត​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ឱ្យ​វៀតណាម​នា​ពេល​កន្លងមក រហូត​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ពលរដ្ឋ​ខុស​ច្បាប់​វៀតណាម​ឱ្យ​រស់នៅ​ដោយ​ស្រប​ច្បាប់​លើ​ទឹកដី​កម្ពុជា​នៅ​ពេលនេះ​ថែម​ទៀត។

លោក គឹម សុខ ជំរុញ​ឱ្យ​លោក ហ៊ុន សែន គួរ​រៀនសូត្រ​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដែល​មាន​ឧត្តមគតិ​ជាតិ​ខ្ពស់​សម្រាប់​ជាតិ​មាតុភូមិ​របស់​គេ សូម្បី​ការ​ព្រមាន​សម្លាប់​ពី​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី ក៏​គេ​នៅតែ​មិន​ខ្លាច មិនមែន​ដូច​លោក ហ៊ុន សែន មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ នៅតែ​ខ្លាច​អំណាច​ឈ្លានពាន​របស់​វៀតណាម​រហូត​ជួយ​បើក​ផ្លូវ​ឱ្យ​គេ​ឈ្លានពាន​ប្រទេស​ជាតិ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ទេ។

ក្រោយ​ការ​ឈ្លានពាន​របស់​រុស្សី កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ កម្ពុជា​បាន​បោះឆ្នោត​នៅ​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយក្រែន ជាមួយ​ប្រទេស​ចំនួន ១៤០ ទៀត កាលពី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២២ កម្ពុជា​បាន​បោះឆ្នោត​អនុប្បវាទ​ជាមួយ​ប្រទេស​ជាង ៥០ ផ្សេង​ទៀត​ផង​ដែរ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ (UNGA) ក្នុង​ការ​បោះឆ្នោត​ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស