អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ លោក ហ៊ុន សែន មិនអាចកែខ្លួនជាអ្នកដឹកនាំការពារផលប្រយោជន៍ជាតិ និងការពារប្រជាជនបានទេ ព្រោះគាត់បានប្រព្រឹត្តអំពើឧក្រិដ្ឋជាច្រើនហួសហេតុ ដូច្នេះត្រូវតែផ្លាស់ប្ដូររបបដឹកនាំត្រកូលហ៊ុននេះចេញ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៥ កញ្ញា នេះថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានប្រព្រឹត្តបទឧក្រិដ្ឋច្រើនរាប់មិនអស់ចាប់តាំងពីកងទ័ពវៀតណាម បានលើកបន្តុបគាត់ឱ្យដឹកនាំប្រទេសកម្ពុជា ជាថ្នូរនឹងការបម្រើមហិច្ឆតាវៀតណាម ចាប់តាំងពីអំឡុងទសវត្សរ៍១៩៨០ មក។
លោក សម រង្ស៊ី រៀបរាប់ថា ក្នុងចំណោមបទឧក្រិដ្ឋរបស់លោក ហ៊ុន សែន មានដូចជា ការចុះហត្ថលេខាកាត់ទឹកដីប្រទេសកម្ពុជាឱ្យវៀតណាម តាមសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ ឆ្នាំ១៩៨៥ និងសារាចរស្ដីពីការផ្គត់ផ្គង់និគមជនវៀតណាមខុសច្បាប់ដែលឆ្លងដែនចូលទៅរស់នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៨៦ ជាដើម។
លោកថា ជាងនេះទៀត លោក ហ៊ុន សែន បានដឹកនាំផែនការ «ក៥» របស់វៀតណាម ដោយកេណ្ឌពលរដ្ឋខ្មែរពេញវ័យឲ្យទៅស្លាប់រាប់ម៉ឺនរាប់សែននាក់នៅតាមព្រំប្រទល់ដែនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ថែមទៀត។ លើសពីនេះ ក៏មានការសម្លាប់មនុស្សរាប់រយនាក់ក្នុងអំពើរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ និងអំពើភេរវកម្មផ្សេងៗក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០ ផងដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន ក៏បានដឹកនាំឱ្យមានប្រព្រឹត្តអំពើឧក្រិដ្ឋផ្សេងៗទៀត ដូចជា ការប្លន់ដីធ្លី និងផ្ទះសម្បែងរបស់ពលរដ្ឋក្រីក្រ ការបង្ក្រាបប្រជារាស្ត្រដោយការបង្ហូរឈាម ការកាប់បំផ្លាញព្រៃឈើ និងការបើកដៃឲ្យបរទេសពីគ្រប់ទិសទីទៅប្លន់ទ្រព្យសម្បត្តិជាតិគ្រប់បែបយ៉ាង។
លោកអះអាងថា ចុងក្រោយនេះ ទោះជាលោក ហ៊ុន សែន អស់តួនាទីដឹកនាំប្រទេសទៅតាមច្បាប់ហើយក៏ដោយ ក៏គាត់បន្តរំលោភអំណាចកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាម ដោយការអនុវត្តនូវកិច្ចសហការគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV ក្នុងបំណងឱ្យវៀតណាម ប្រែក្លាយកម្ពុជាទៅជាប្រទេសសហព័ន្ធឥណ្ឌូចិន ទៅថ្ងៃមុខ។
ក្នុងពិធីរំលឹកខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីពេលកន្លងទៅ អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោកគ្មានសិទ្ធិកាត់ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រទៅឲ្យវៀតណាម ឡើយ ហើយក៏គ្មានសិទ្ធិយកទឹកដីរបស់វៀតណាម ដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា ទោះលោកកាន់អំណាចក៏ដោយ បើហ៊ានចុះហត្ថលេខាកាត់ទឹកដីខ្មែរឱ្យទៅប្រទេសណាមួយនោះ លោកនឹងជាប់ទោសយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយរដ្ឋាភិបាលវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរមក លោក ហ៊ុន សែន ត្រូវគេដឹងថាបានគប់គិតជាមួយរដ្ឋការក្រុងហាណូយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងឯកសារខុសច្បាប់គ្រប់បែបយ៉ាង។
ហត្ថលេខាទាំងនោះ ត្រូវគេរកឃើញថា សុទ្ធសឹងតែជាលក្ខខណ្ឌកាត់ទឹកដី និងដាក់អធិបតេយ្យភាពរបស់កម្ពុជា ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ទាំងអស់៕