29 C
Phnom Penh

ចលនា KMD ចាត់ទុក​វត្តមាន​លោក ហ៊ុន សែន ក្នុង​វេទិកា​ពិភពលោក​ថា​ស្មើ​នឹង​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ចាត់ទុក​ថា​វត្តមាន​របស់​លោក ហ៊ុន សែន ដែល​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ នៅ​ប្រទេស​កូរ៉េខាងត្បូង នា​ពេលនេះ ស្មើ​នឹង​លើក​ទឹកចិត្ត​ឱ្យ​គាត់​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា អ្នកស្រី​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍​វេទិកា​ចំណេះដឹង​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង នា​ពេលនេះ។

អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ការ​អញ្ជើញ​លោក ហ៊ុន សែន ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​មាន​កិត្តិយស​មួយ​នេះ គឺ​ស្មើ​នឹង​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​របប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​បន្ត​ចាប់​ខ្លួន និង​បំភិតបំភ័យ​ពលរដ្ឋ​ស្លូតត្រង់​កាន់តែ​ខ្លាំង​តាម​ទំនើងចិត្ត​បន្ថែម​ទៀត​តែប៉ុណ្ណោះ។ ជាក់ស្តែង ខ្លួន​អ្នកស្រី​ផ្ទាល់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ដែល​មិន​អាច​ធ្វើ​សកម្មភាព​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន ព្រមទាំង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ថែម​ទៀត ប្រសិនបើ​អ្នកស្រី​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នោះ។

ប្រធាន​ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​រូប​នេះ​អះអាង​ថា ក្រៅពី​គាបសង្កត់​សិទ្ធិ​លើ​អ្នក​នយោបាយ​ប្រឆាំង និង​គណបក្ស​ប្រឆាំង លោក ហ៊ុន សែន ក៏​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម​នានា​យ៉ាង​ព្រៃផ្សៃ​ផង​ដែរ ខណៈ​ការ​រំលោភ​យក​ដីធ្លី ការ​ធ្វើ​ឃាត​អ្នក​នយោបាយ ការ​ប្រើ​អំពើ​ហិង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​គាបសង្កត់​ឆ្លងដែន​លើ​ជនភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ បាន​កើត​មាន​ឡើង​យ៉ាង​អនាធិបតេយ្យ។

ប្រភព​ដដែល​បន្ត​ថា ប្រវត្តិ​របស់​លោក ហ៊ុន សែន តាំងពី​នៅ​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៧ និង​ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្រោម​ការ​លើក​បន្តុប​របស់​វៀតណាម ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០២៣ ត្រូវ​បាន​គេ​កត់ត្រា​ពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ដ៏​ឃោរឃៅ។

អ្នកស្រី មូរ សុខហួរ អំពាវនាវ​ឱ្យ​វេទិកា​ចំណេះដឹង​ពិភពលោក​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ស្តាប់​សំឡេង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដែល​កំពុង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​សេរីភាព​បញ្ចេញមតិ និង​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​ពេលនេះ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាងត្បូង នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២៤ នេះ ដើម្បី​ចូលរួម​ជាមួយ​ពលករ និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ការ​គំរាមកំហែង​បន្ទាប់ពី​ពួកគេ​សម្ដែង​មតិ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។

កាល​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ និង​ដើម្បី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ផង​ដែរ។

នៅ​ថ្ងៃទី​១០ ខែ​កញ្ញា នេះ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ។ លោក​ថា ប្រធាន​រដ្ឋសភា​កូរ៉េ បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ដ៏​យូរ ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​សុខ​សន្តិភាព និង​ការ​រីកចម្រើន​រហូត​មក។

យ៉ាងណាក៏ដោយ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺជា​ការ​ដឹកនាំ​ដោយ​ការ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន អួត​សព្វថ្ងៃ​នេះ គឺជា​សន្តិភាព​ក្លែងក្លាយ និង​ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ លោក​បន្ត​ថា ការ​បោះឆ្នោត​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​រហូត​ឈាន​ដល់​ការ​តែងតាំង​កូន​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី ក៏​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ខណៈ​ការ​អភិវឌ្ឍ​ដែល​មាន​អគារ​ធំៗ​សព្វថ្ងៃ​នេះ ក៏​ជា​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ដែរ ព្រោះ​ជា​ការ​អភិវឌ្ឍ​ក្រោម​បំណុល​ចិន​វ័ណ្ឌក​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស