ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ងើបឡើងតស៊ូមតិតាមរយៈនៃការធ្វើវេទិកាគ្រប់ទីកន្លែងនៅក្រៅប្រទេស ដើម្បីតវ៉ាឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ឱ្យបាន ព្រោះវាសនាប្រទេសជាតិ គឺស្ថិតលើកណ្ដាប់ដៃរបស់ពលរដ្ឋខ្មែរគ្រប់រូប។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ កញ្ញា នេះថា វេទិកានេះ គឺផ្ដោតលើការជជែកវែកញែកអំពីការដឹកនាំរបស់រដ្ឋាភិបាល ជាពិសេសគម្រោងអភិវឌ្ឍន៍ត្រីកោណ ដើម្បីឱ្យដឹងថាគម្រោងនេះនឹងខាត ឬចំណេញសម្រាប់ជាតិខ្មែរ។
អ្នកស្រី មូរ សុខហួរ លើកឡើងថា ក្នុងដំណាក់កាលនេះ ពលរដ្ឋខ្មែរនៅក្នុងស្រុកមិនអាចធ្វើអ្វីបានទេ ព្រោះកំពុងរងនូវការគំរាមកំហែងពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូច្នេះមានតែពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុកប៉ុណ្ណោះ ដែលមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើកិច្ចការងារនេះសម្រាប់ប្រទេសជាតិ និងទឹកដីរបស់ខ្លួន ដើម្បីពលរដ្ឋរងគ្រោះនៅក្នុងស្រុកផងដែរ។
ប្រធានចលនាខ្មែរនៅក្រៅស្រុករូបនេះបញ្ជាក់ថា ការបង្កើតជាចលនាវេទិកាទាមទារនេះ គឺត្រូវតែធ្វើឡើងដើម្បីប្រមូលគំនិតពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅបង្រួបបង្រួម ដែលជាវត្ថុបំណងរួមតែមួយដើម្បីដាក់ជូនម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យជួយពិនិត្យឡើងវិញនូវការដឹកនាំរបស់រដ្ឋាភិបាលដែលកំពុងអនុវត្តផ្ទុយពីកិច្ចសន្យាអន្តរជាតិមួយនេះ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ ដើម្បីធានាអធិបតេយ្យជាតិ កុំឱ្យមានការរំលោភបំពានពីបរទេសជិតខាង ហើយក៏ដើម្បីជំរុញឱ្យម្ចាស់ហត្ថលេខីទាំងនេះពិនិត្យមើលរបាយការណ៍អង្គការសហប្រជាជាតិ ជុំវិញការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម កំពុងក្លាយជាចំណុចខ្វែងគំនិតគ្នារវាងរដ្ឋាភិបាល និងពលរដ្ឋខ្មែរកាន់តែខ្លាំងឡើងៗនៅពេលនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា បានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះដែរថា នៅពេលនេះ យុវជនខ្មែរកំពុងងើបឡើងយ៉ាងផុសផុលក្នុងការតវ៉ាទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ សូម្បីយុវជនដែលធ្លាប់គាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដោយព្រោះការតវ៉ាទាមទារនេះមិនស្ថិតក្នុងរបៀបវារៈនយោបាយរបស់ក្រុមណាមួយឡើយ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះលើកឡើងថា នៅពេលដែលយុវជនពុះកញ្ជ្រោលក្នុងការការពារផលប្រយោជន៍ជាតិបែបនេះ ទោះបីរដ្ឋាភិបាលកម្ពុជាប្រើវិធីបង្ក្រាបដើម្បីបន្សាបគំនិតស្នេហាជាតិរបស់ពួកគេយ៉ាងណាក៏ដោយ ក៏យុវជនទាំងនោះមិនខ្លាច និងមិនបោះបង់គំនិតជាតិនិយមក្នុងការប្ដេជ្ញាការពារជាតិរបស់ពួកគេដែរ។
លោក សួន រីដា ចាត់ទុកប្រទេសវៀតណាម គឺជាសត្វខ្លា ចំណែកខេត្តទាំង៤ របស់ខ្មែរ ដែលដាក់ក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណជាមួយវៀតណាម គឺជាសាច់។
លោកថា សារធាតុរបស់សត្វខ្លាមិនអាចឈប់ស៊ីសាច់បានទេ។ ជាក់ស្តែង ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់រវាងកម្ពុជា និងវៀតណាម ជុំវិញការបាត់បង់ទឹកដី គឺកើតមានជាហូរហែរហូតដល់ពេលនេះ ដូច្នេះការប្រឆាំងរបស់ពលរដ្ឋ និងយុវជនលើគម្រោងតំបន់ត្រីកោណនេះ គឺជារឿងត្រឹមត្រូវបំផុត។
លោកថា ឱ្យតែលោក ហ៊ុន សែន បើកសមាជជាតិប្រគល់គម្រោងនេះឱ្យពលរដ្ឋសម្រេច នោះគឺគ្មានការតវ៉ាដែលនាំឱ្យខ្វែងគំនិតគ្នាទៀតឡើយ។
គម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ដែលបានសហការគ្នាអស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ កំពុងក្លាយជាប្រធានបទដ៏ចម្រូងចម្រាសរវាងរដ្ឋាភិបាល និងពលរដ្ឋខ្មែរ ព្រោះពលរដ្ឋទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះ ខណៈរដ្ឋាភិបាលទាមទារបន្តអនុវត្តគម្រោងនេះជាមួយវៀតណាម បន្តទៀត ហើយក៏គ្រោងនឹងដាក់ខេត្តព្រះវិហារ បន្ថែមមួយទៀតដែរ។
ជុំវិញភាពចម្រូងចម្រាសនេះ សកម្មជននយោបាយ សកម្មជនសង្គម និងពលរដ្ឋជាច្រើននាក់ដែលរស់នៅក្នុងស្រុក ត្រូវបានរដ្ឋាភិបាលចាប់ដាក់គុកជាបន្តបន្ទាប់ ខណៈអ្នករស់នៅក្រៅស្រុកត្រូវរងនូវការចោទប្រកាន់ពីបទក្បត់ជាតិផងដែរ។
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន គំរាមថា អ្នកដែលរស់នៅក្រៅស្រុកប្រឆាំងនឹងគម្រោងនេះ អាចរួចខ្លួន ប៉ុន្តែសម្រាប់អ្នករស់នៅក្នុងស្រុក គឺត្រូវតែចាប់ដាក់គុកទាំងអស់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

