តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា វៀតណាមនឹងកាត់យកដីខ្មែរទំហំ ៥១គីឡូម៉ែត្រការ៉េក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាខេត្តត្រូវបានរដ្ឋាភិបាលបានដាក់ចូលក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) សព្វថ្ងៃនេះ ជាកម្មសិទ្ធិរបស់ពួកគេក្រោយពីបានធ្វើចម្ការ និងសាងសង់សំណង់រឹងជាបន្តបន្ទាប់យ៉ាងច្រើនស្អេកស្កះដោយមិនអនុញ្ញាតឱ្យខ្មែរអាចចេញចូលបាន។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកញ្ញា នេះថា វៀតណាមកំពុងកាន់កាប់តំបន់ដាក់ដាំ ដាក់ហ៊ូត ឬអូហ៊ុច នោះទាំងស្រុង ដោយការប្រើប្រាស់ជាដីកសិកម្មធ្វើចម្ការ និងសាងសង់សំណង់រឹងជាបន្តបន្ទាប់យ៉ាងច្រើនស្អេកស្កះ ខណៈវៀតណាម ក៏នឹងមិនឲ្យតំបន់ដែលពួកគេបានកាន់កាប់ទាំងនេះមកខ្មែរវិញដែរ។
លោកថា លើកលែងតែរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ (ICJ) ប៉ុណ្ណោះ ទើបខ្មែរមានសង្ឃឹមបានដីទាំងនោះត្រឡប់មកកាន់កាប់វិញ។
លោក អ៊ុំ សំអាន លើកឡើងថា សព្វថ្ងៃនេះ តំបន់ទាំងនោះមិនទាន់បោះបង្គោលកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម នៅឡើយទេ ខណៈពលរដ្ឋខ្មែរក៏មិនអាចចេញចូលតំបន់ទាំងនោះបានដែរ លើកលែងតែប្រើប្រាស់លិខិតឆ្លងដែន ឬលិខិតអនុញ្ញាតពីភាគីវៀតណាម។
លោកថា ត្រង់ចំណុចនេះ គឺមានន័យថា វៀតណាមបានចាត់ទុកតំបន់នោះជាទឹកដីរបស់ពួកគេរួចជាស្រេចទៅហើយ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះអះអាងថា លោក ហ៊ុន សែន ក៏បានទទួលស្គាល់ដែរថា ដីខ្មែរប្រមាណ ៥១គីឡូម៉ែត្រការ៉េនៅតំបន់ដាក់ដាំ និងដាក់ហ៊ូត ដែលស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានវៀតណាមកាន់កាប់ផ្ដាច់មុខតែម្នាក់ឯង។
លោក អ៊ុំ សំអាន បញ្ជាក់ថា ទោះរដ្ឋាភិបាលវៀតណាម បានគ្រប់គ្រងតំបន់ទាំងនោះហើយក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជានៅតែអះអាងថា នឹងបន្តចរចាទ្វេភាគីជុំវិញបញ្ហានេះទៀត ដោយមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឡើយ ដូច្នេះគឺអាចបញ្ជាក់បានថា កម្ពុជាគ្មានសង្ឃឹមថានឹងបានដីទំហំ ៥១គីឡូម៉ែត្រការ៉េក្នុងតំបន់ដាក់ដាំ ដាក់ហ៊ូត ត្រឡប់មកកាន់កាប់វិញឡើយ។
កាលពីដើមខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយវីដេអូរបស់លោក ហ៊ុន សែន ដែលបានបកស្រាយអំពីបញ្ហាព្រំដែនកាលពីអំឡុងខែសីហា ឆ្នាំ២០១២ ឡើងវិញ ដោយក្នុងវីដេអូនោះ លោក ហ៊ុន សែន បញ្ជាក់ថា ភូមិដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាមួយឃុំខ្វាងជិក ស្រុកដាក់ឡាក់ ខេត្តដាក់ឡឹប ខាងវៀតណាម មិនទាន់ឯកភាពគ្នានៅឡើយទេ ដែលមានផ្ទៃក្រឡាប្រមាណជា ៥០គីឡូម៉ែត្រការ៉េ ដែលភាគីនៃប្រទេសទាំងពីរសម្រេចបន្តពិភាក្សាគ្នាបន្តទៀត។
លោក ហ៊ុន សែន លើកឡើងថា មូលហេតុដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា គឺដោយសារកម្ពុជាសម្រេចយកតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ក្នុងឆ្នាំ១៩១៤ ដែលបញ្ជាក់ថាខ្សែព្រំដែនតំបន់នេះត្រូវលាតសន្ធឹងតាមព្រែកដាក់ហ៊ូត រហូតដល់ប្រភពព្រែកមួយនេះ។
លោកថា ចំណែកភាគីវៀតណាម បានទាមទារយកខ្សែព្រំដែនដែលលាតសន្ធឹងតាមព្រែកដាក់ដាំ ដោយប្រើផែនទីក្រុមភូមិសាស្ត្រឥណ្ឌូចិនខ្នាត ១/១០០០០០ និងការកាន់កាប់ជាក់ស្តែងរបស់ប្រជាជនវៀតណាម ដែលកំពុងរស់នៅតាមតំបន់នោះទៅវិញ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅស្រុកអូរាំង ជាប់ព្រំដែនកម្ពុជា-វៀតណាម ធ្លាប់ប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលកន្លងទៅថា វៀតណាមបានគ្រប់គ្រងតំបន់ដាក់ដាំ និងដាក់ហ៊ូត ដែលមិនទាន់ឯកភាពគ្នាបាត់ទៅហើយ ដែលមិនត្រឹមតែគ្រប់គ្រងដីក្នុងតំបន់នោះ ៦០% ដូចការស្នើទៅកាន់លោក ហ៊ុន សែន កន្លងមកនោះទេ គឺវៀតណាម បានគ្រប់គ្រងទាំងស្រុងតែម្តង។
វៀតណាម បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្សារ ផ្ទះ ធ្វើថ្នល់តាមព្រែកដាក់ដាង ដែលជាអតីតព្រំដែនខ្មែរកាលពីមុន ជីកស្រះ និងសង់ប៉ុស្តិ៍យោធាតាមកំណាត់ព្រំដែនខ្លះទៀតផង។
ប្រភពដដែលបញ្ជាក់ថា វៀតណាមមានសិទ្ធិចេញចូល និងមានសិទ្ធិសម្រេចក្នុងតំបន់ដាក់ដាំ ដាក់ហ៊ូត ដោយសេរី ចំណែកកម្ពុជាមិនត្រូវបានវៀតណាមអនុញ្ញាតឲ្យចេញចូលក្នុងតំបន់នេះឡើយ បើគ្មានលិខិតអនុញ្ញាតពីវៀតណាម ទេនោះ៕