31 C
Phnom Penh

សេចក្ដី​រាយការណ៍​ភាគ​២៖ ប្រៀបធៀប​ទំហំ​ដី​ខេត្ត​ខ្មែរ​បួន​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​ដែនដី​ជ្រោយ​គ្រីមៀ (Crimea)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ៖ ហាស់ សាន

ក្នុង​សេចក្តី​រាយការណ៍​ភាគ​ទី​២ នេះ លោក ហាស់ សាន ពិនិត្យ​លទ្ធភាព​ថា​តើ​ទឹកដី​ខ្មែរ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ភាគី​ណា​ចំណេញ​អ្វី ភាគី​ណា​ខាត​អ្វី​នា​ពេល​បច្ចុប្បន្ន ហើយ​ការ​ធ្វើ​សម្បទាន​ទឹកដី នឹង​បាន​មក​ខ្មែរ​វិញ​ទេ​ទៅ​អនាគតកាល?

ខេត្ត​ទាំង​៥ ខាង​ប្រទេស​យៀកណាម គឺ​ខេត្ត​កន់ទុម ចាឡាយ ដាក់ឡាក់ ដាក់ណុង និង​ប៊ិញហ្វឹក មាន​ពលរដ្ឋ​សរុប​ប្រមាណ ៥​លាន ៥​សែន​នាក់។

តើ​ពលរដ្ឋ​យៀកណាម នឹង​ចំណេញ​អ្វី​ពី​ទឹកដី​សុវណ្ណ​ភូមិ​ខ្មែរ?

ក្រុមហ៊ុន​យៀកណាម ឈ្មោះ Hoang Anh Gia Lai (HAGL) ក្រោយពី​កាប់​ឈើ​ប្រណីត​ខ្មែរ​ពាយ​នៅ​ខេត្ត​ភាគ​ឦសាន គេ​បាន​ប្រើ​ដីធ្លី​ខ្មែរ​ទំហំ​ប្រមាណ ៥​ពាន់​ហិកតា​ក្នុង​ខេត្ត​រតនគិរី ដាំ​ចេក​ដឹក​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ក្នុង​មួយ​ឆ្នាំៗ​យ៉ាងតិច ២​សែន ៤​តោន។ នាយក​ក្រុមហ៊ុន​ឈ្មោះ Doan Nguyen Duc ប្រាប់​កាសែត​ខ្មែរ​ថែមស៍ ផ្សាយ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ ថា៖ គេ​បាន​ដឹក​ចេក​ពី​ស្រុក​ខ្មែរ​កាត់​ស្រុក​យៀកណាម ទៅ​កាន់​ទីផ្សារ​ស្រុក​ចិន បាន​ចំណូល ៤២​លាន​ដុល្លារ។ Doan Nguyen Duc អះអាង​ទៀត​ថា ពលរដ្ឋ​ចិន បរិភោគ​ចេក​ក្នុង​មួយ​ឆ្នាំៗ ១៥​លាន​តោន

ក្រៅពី​ធ្វើ​ចម្ការ​ដាំ​ចេក ក្រុមហ៊ុន​យៀកណាម ធ្វើ​ចម្ការ​កៅស៊ូ​នៅ​តំបន់​ដី​ក្រហម ដែល​ផែនការ​បក្ស​ពលករ​យៀកណាម កំណត់​ឲ្យ​រដ្ឋការ​ក្រុង​ហាណូយ រក​ដី​ឲ្យ​បាន​ទំហំ ១​លាន​ហិកតា​ពី​ឆ្នាំ​២០០៧។ ក្នុង​ចំណោម​ខេត្ត​ខ្មែរ​ទាំង​៤ ខេត្ត​ពីរ​ស្ថិត​ក្នុង​តំបន់​ព្រៃឡង់ គឺ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​សម្បូរ​ទៅ​ដោយ​ឈើ​ប្រណីតៗ មាន​ដូចជា គ្រញូង បេង ម៉ៃស័ក ច្រេស រាំងភ្នំ ជាដើម។ល។ ក្រៅ​ពី​នោះ ខេត្ត​ស្ទឹងត្រែង មាន​ធ្យូងថ្ម​ដ៏​មាន​គុណភាព។

ខេត្ត​រតនគិរី និង​មណ្ឌលគិរី ក៏​សម្បូរ​ឈើ​ប្រណីតៗ​ដែរ។ លើស​ពី​ធនធាន​លើ​ដី ខេត្ត​ខ្មែរ​ទាំង​៤ មាន​រ៉ែ សំណ ស្ពាន់ ស័ង្កសី មាស ថ្មក្រានីត ថ្ម​ដែក ថ្ម​ត្បូង ថ្ម​ពពាល ឬ​ថ្មកែវ អាលុយមីញ៉ូម បុកស៊ីត ដីឥដ្ឋ។ល។

សារព័ត៌មាន The Cambodia Daily បាន​រាយការណ៍​លម្អិត​អំពី​ក្រុមហ៊ុន​បរទេស​រកស៊ី​រាវ​រ៉ែ​នៅ​ភាគ​ឦសាន មាន​ដូចជា ក្រុមហ៊ុន​យៀកណាម អូស្ត្រាលី កូរ៉េ ចិន ជាដើម ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ៖

  • Oxian/OZ Mineral រាវ​រក​រ៉ែ​ដែក​នៅ​មណ្ឌលគិរី;
  • Liberty Mining International រាវ​រក​រ៉ែ​ថ្ម​ដែក​នៅ​មណ្ឌលគិរី និង​ព្រះវិហារ;
  • Southern Gold រាវ​រក​រ៉ែ​មាស និង​ថ្ម​ដែក​នៅ​មណ្ឌលគិរី ក្រចេះ រតនគិរី;
  • Alumina រាវ​រក​រ៉ែ​អាលុយមីញ៉ូម និង​បុកស៊ីត នៅ​រតនគិរី;
  • Indochina Resources រាវ​រក​រ៉ែ​មាស ស្ពាន់ ថ្ម​ដែក​នៅ​រតនគិរី;
  • Summer Gold Investment រាវ​រក​រ៉ែ មាស និង​ថ្ម​ដែក​នៅ​រតនគិរី និង​មណ្ឌលគិរី;
  • Hoang Anh Gia Lai រាវ​រក​រ៉ែ​ដែក​នៅ​រតនគិរី;
  • An Mady Group រាវ​រក​រ៉ែ ធ្យូងថ្ម​នៅ​ស្ទឹងត្រែង;
  • Xing Yuan Kanng Yeak រាវ​រក​រ៉ែ​មាស​នៅ​ក្រចេះ;
  • The Stung Treng Mineral Joint Venture (ហ៊ុន​គ្នា​រវាង​ក្រុមហ៊ុន​យួន VINACOMIN ក្រុមហ៊ុន​រ៉ែ ទ្រី ភាព និង​ក្រុមហ៊ុន MOM Good Luck Mining) រាវ​រក​រ៉ែ​ថ្ម​ដែក​នៅ​ស្ទឹងត្រែង;
  • Sun Hill Minerals រាវ​រក​រ៉ែ​ថ្ម​ដែក​នៅ​មណ្ឌលគិរី;
  • Cambodian LEL Mine Resources Development រាវ​រក​រ៉ែ​ថ្ម​ដែក​នៅ​មណ្ឌលគិរី;
  • An Mady Group រាវ​រក​រ៉ែ​ធ្យូងថ្ម​នៅ​ក្រចេះ។

រីឯ​មន្ត្រី​ខ្មែរ គិត​តែ​ខំប្រឹង​បូម​ស៊ីសំណូក​ចែក​គ្នា។

មាន​សេចក្តី​រាយការណ៍​នៅ​ឆ្នាំ​២០១៨ ថា ប្រទេស​កម្ពុជា​ដឹក​ដី​ខ្សាច់​លក់​ឲ្យ​ប្រទេស​សិង្ហបុរី ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៧៥២​លាន​ដុល្លារ ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល កត់​ដាក់​បញ្ជី​ចូល​រដ្ឋ​តែ ៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

តើ​រឿង​ទាំងអស់​នេះ ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ដឹង​ឬ​ទេ​ថា​បរទេស​គេ​ចូល​មក​ហែក​ទឹកដី​ចែក​គ្នា​ទាញ​ផល​គ្រប់ៗ​គ្នា ប្រៀប​បាន​នឹង​ហ្វូង​សត្វ​ខ្លា​ដំបង​ចាប់​ហែក​ស៊ី​កូន​ឈ្លូស?

Source: Wikipedia

ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ អ្នក​ដឹកនាំ​ខ្មែរ ទាំង​ស្តេច ទាំង​រាស្ត្រ មិន​ដែល​មាន​គំនិត​មាន​ប្រៀប​លើ​ជនជាតិ​យៀកណាម ម្តង​ណា​ឡើយ ពោល​គឺ​ចាញ់​បញ្ញា ចាញ់​ល្បិច​កល​គេ​ជានិច្ច​តាំងពី​រជ្ជកាល​រាជវង្ស ង្វៀង ពី​ឆ្នាំ​១៨០២ ដល់​ឆ្នាំ​១៨៨៣ រហូត​មក​ដល់​សម័យ​កកើត​ចលនា​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ពួក​យៀកមិញ បាន​ជ័យជម្នះ​លើ​អាណានិគម​និយម​បារាំងសែស និង​រំលាយ​រាជវង្ស​ទាំងស្រុង​នៅ​ឆ្នាំ​១៩៤៥។ សម័យ​កាល​នោះ ជនជាតិ​យៀកណាម គេ​ហៅ​ស្រុក​ភូមិ ខេត្ត-ក្រុង​ខ្មែរ​តាម​ភាសា​សរសេរ​អក្សរ​បែប​រ៉ូម៉ាំង គួក ងូ ដូចតទៅ​នេះ

  • ភ្នំពេញ គឺ​ណាមវ៉ាង ឬ​ណាមយ៉ាង;
  • ស្រីសន្ធរ ខេត្ត​កំពង់ចាម គឺ​គីតូ ឬ​ថូយតូ;
  • រំដួល ខេត្ត​ស្វាយរៀង គឺ​តាំដូន ឬ​តាំជុន;
  • ស្វាយរៀង គឺ​ទុយឡាប់ ឬ​ស៊ុយរ៉ាប់ ឬ​ឡយឡាប់;
  • ពាមរក៍ ឬ​ពាមមានជ័យ ខេត្ត​ព្រៃវែង គឺ​បាណាម ឬ​បាកាវណាម;
  • បារាយណ៍ ខេត្ត​កំពង់ធំ គឺ​បាឡាយ ឬ​បាឡៃ;
  • កំពង់សៀម ខេត្ត​កំពង់ចាម គឺ​ប៊ិញសៀម ឬ​បុងសៀម;
  • ព្រៃកប្បាស ខេត្ត​តាកែវ គឺ​ខាបាត់ ឬ​ឡយអ៊ីបាត់;
  • ល្វាឯម ខេត្ត​កណ្តាល គឺ​ឡូវៀន ឬ​ឡូយ៉េម ឬ​លូអាន;
  • កំពង់ស្វាយ ខេត្ត​កំពង់ធំ គឺ​ហៃដុង ឬ​បុងស៊ុយ;
  • ស្រុក​សំបូរ ខេត្ត​ក្រចេះ គឺ​សុងបុក;
  • ខេត្ត​កំពង់ស្ពឺ គឺ​តាំវូ ឬ​ម៉ាតឡាំវូ;
  • ខេត្ត​កោះកុង គឺ​ខៃប៊ៀន;
  • ខេត្ត​ពោធិ៍សាត់ គឺ​ហាយតៃ ឬ​ភូឡាត់;
  • លង្វែក ខេត្ត​កំពង់ឆ្នាំង គឺ​ឡូវៀត;
  • តំបន់​ខាងជើង​ខេត្ត​កំពង់ឆ្នាំង គឺ​អ៊ីយី ឬ​ហ៊្វុហ៊្វុ;
  • តំបន់​ភ្នំពេញ​ខាងជើង គឺ​ឡុងតុន;
  • តំបន់​ខាងជើង​ភ្នំពេញ​ជាប់​ខេត្ត​កំពង់ចាម គឺ​ចាន់តាយ ឬ​ចាន់ឡឺ;
  • ខេត្ត​កំពត គឺ​គ្វាងបៀន;
  • ខេត្ត​ក្រចេះ ស្រុក​ឆ្លូង ឃុំ-ភូមិ​កញ្ជរ/ព្រែក​ចម្លាក់ គឺ​កាន់ដ ឬ​កាន់ចេ។

ជាតិ​សាសន៍​ខ្មែរ​មិនមែន​មិន​ធ្លាប់​ស្គាល់​ជាតិ​សាសន៍​យៀកណាម នោះ​ទេ ដូច្នេះ​ការ​ភ័យ​ព្រួយ​មុន​ជា​ធម្មជាតិ​របស់​មនុស្ស​ជា​ជាតិ​សាសន៍​មួយ មិន​ថា​មាន​តែ​ខ្មែរ​នោះ​ទេ។ ព្រោះ​តែ​ការ​ភ័យ​ព្រួយ​នេះ​ហើយ បាន​ជា​អតីត​សម្តេច​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ធ្លាប់​ប្រកាស​ប្រាប់​អន្តរជាតិ​មុន​ឆ្នាំ​១៩៧០ ថា ព្រះអង្គ​ខិតខំ​ព្យាយាម​ដើរ​លើ​បន្ទាត់​នយោបាយ​ក្រៅ​ប្រទេស​មួយ​បែប​ដើម្បី​ឲ្យ​រដ្ឋការ​យៀកណាម​ខាងជើង​កុម្មុយនីស្ត​ដឹងគុណ​ព្រះអង្គ​នា​អនាគតកាល នៅ​ពេល​សហរដ្ឋ​អាមេរិក​ដក​ទ័ព​ចេញពី​ឥណ្ឌូចិន។

គោលនយោបាយ​ក្រៅ​ប្រទេស​របស់​ព្រះអង្គ​នោះ គឺ​ចុះ​កិច្ចព្រមព្រៀង​មួយ​អនុញ្ញាត​ឲ្យ​ទឹកដី​ខ្មែរ​ទៅ​ទ័ព​ព្រៃ​កុម្មុយនីស្ត​យៀកមិញ-យៀកកុង លាក់​ខ្លួន ប្រើប្រាស់​ធ្វើ​ជា​ទីតាំង​ធ្វើ​ចម្បាំង​ឆ្លងដែន ផ្គត់ផ្គង់​ស្បៀងអាហារ អាវុធ​គ្រាប់រំសេវ​នាំ​ពី​ប្រទេស​ចិន ឆ្លងកាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ ទៅ​ឲ្យ​ទ័ព​ព្រៃ​តាម​ផ្លូវ​លំ សីហនុ ត​ភ្ជាប់​ទៅ​ផ្លូវលំ​ហូជីមិញ ក្នុង​ទឹកដី​ខ្មែរ​នា​ទសវត្ស​១៩៦០។

គោលនយោបាយ​របស់​ព្រះអង្គ​គ្រា​នោះ ប្រៀប​បាន​នឹង​បំប៉ន​ចំណី​ក្រពើ ពស់ថ្លាន់ ឬ​កញ្ជ្រោង​ក្នុង​ទ្រុង​មាន់​ឲ្យ​ធំធាត់ ហើយ​សង្ឃឹម​ថា​សត្វ​ទាំងនោះ​ដឹងគុណ​ម្ចាស់​វា នឹង​មិន​រឹតរួត​លេប​មាន់ ទាំង​មេ​ទាំង​កូន​ក្នុង​ទ្រុង​នោះ​អ៊ីចឹង។

ដែនដី​កម្ពុជា​ក្រោម គេ​កាន់កាប់​ទាំងស្រុង​ស្រប​ច្បាប់​មិន​ដល់ ១០០​ឆ្នាំ​ទេ!!

ចំណែកឯ​គោលនយោបាយ​រាជរដ្ឋាភិបាល​នៃ​រាជាណាចក្រ​កម្ពុជា​ទី​២ ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បង្កើត​ដោយ​អ្នក​ដឹកនាំ​កុម្មុយនីស្ត​យៀកណាម ដែល​មាន​មេដឹកនាំ​ដូចជា​លោក ហ៊ុន សែន ជាដើម ជំពាក់​គុណ​យៀកណាម តាំងពី​ដើមទី ហើយ​ដឹកនាំ​គ្មាន​តម្លាភាព ចុះ​កិច្ចព្រមព្រៀង​ស្ងាត់ៗ​ជាមួយ​បរទេស​នោះ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ព្រួយ​កាន់តែ​ខ្លាំង​ថែម​ទៀត។

រឿង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV គឺ​មិន​ខុស​ពី​យក​ខេត្ត​ខ្មែរ​ទាំង​បួន ឬ​ប្រាំ ដែល​សម្បូរ​ធនធាន​ធម្មជាតិ មាន​ពលរដ្ឋ​តិច ទៅ​ចិញ្ចឹម​ពលរដ្ឋ​នៃ​ប្រទេស​យៀកណាម នោះ​ទេ។ ល្គឹកណា​ពលរដ្ឋ​គេ​ច្រើន​ជាង គេ​មាន​សមត្ថភាព មាន​ទុន​ច្រើន​ជាង គេ​នឹង​មក​តាំង​ទីលំនៅ​ក្នុង​ទឹកដី​ខ្មែរ​ប្រកប​អាជីវកម្ម​គ្រប់​បែប​យ៉ាង​កាន់តែ​ច្រើន​ទៅៗ ហើយ​មិន​យូរ​ទេ គេ​នឹង​បោះឆ្នោត​រើស​តំណាង​របស់​គេ​ជា​មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយ​ខេត្ត​គ្នា​គេ​ទាំងអស់ ដោយ​គ្រាន់តែ​ដូរ​ឈ្មោះ ឬ​មិន​បាច់​ដូរ​ឈ្មោះ។ ទឹកដី​ទីនោះ នឹង​ក្លាយ​ជា​របស់​គេ ដូច​ពាក្យ​ខ្មែរ​ថា សម្បទាន ឬ​ដូច​តំបន់​គ្រីមៀ ដែល​រុស្ស៊ី យក​កាន់កាប់ ហើយ​ជាតិ​សាសន៍​តាតទើរ៍ ម្ចាស់​ទឹកដី​គ្មាន​ដី​រស់នៅ​ដូច្នោះ​ដែរ។

ពលរដ្ឋ​ខ្មែរ​គួរតែ​នាំគ្នា​តាមដាន​សិក្សា​ស្រាវជ្រាវ​រក​ហេតុផល​ពិតប្រាកដ ថា​តើ​មាន​រឿង​អ្វី​លាក់លៀម​ពីក្រោយ​ខ្នង​មិន​ឲ្យ​ខ្មែរ​ដឹង ដែល​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ស្រូតរូត​ជីក​ព្រែក​ហ៊្វូណន និង​ប្រញាប់ប្រញាល់​អភិវឌ្ឍ​ខេត្ត​ខ្មែរ​បួន/ប្រាំ​ជាមួយ​រដ្ឋការ​យៀកណាម នៅ​ពេលនេះ។

តើ​នរណា​បង្ខំ​នរណា បម្រើ​ប្រយោជន៍​នរណា? តើ​អនាគតកាល ស្រុក​ខ្មែរ​អាច​នឹង​ពុះ​ចែក​ជា​ពីរ ខាងកើតខាងលិច​ទន្លេមេគង្គ​ឬ​ទេ?

មាន​ខ្មែរ​ខ្លះ​ថា ទៅ​មិន​រួច​ទេ​សម័យកាល​នេះ។ ប៉ុន្តែ​អ្វី​ដែល​យើង​យល់​ថា​មិន​អាច​ទៅ​រួច​នោះ វា​កើត​មាន​ឡើង​រួច​ទៅ​ហើយ​នៅ​គ្រប់​ទ្វីប​នា​បច្ចុប្បន្ន​នេះ ហើយ​សុទ្ធតែ​ពុំ​មាន​នរណា​ស្មាន​ដល់។ នេះ​មក​តែ​ពី​មនុស្ស​ម្នាក់ៗ​ធ្វេសប្រហែស ភ្លេច​ខ្លួន មិន​ព្យាករ​ទៅ​មុខ​វែងឆ្ងាយ​ប្រកប​ដោយ​ទម្លាប់​រៀន​គិត ពិចារណា និង​វិភាគ​គន់គូរ​គ្រប់​ជ្រុងជ្រោយ។

ផ្ទុយទៅវិញ មនុស្ស​ជាច្រើន​បណ្តែតបណ្តោយ​តាម​ព្រេងវាសនា ផ្ញើ​ជីវិត​របស់​ខ្លួន​ទៅ​លើ​អ្នក​ដឹកនាំ​តែ​មួយ​ផ្លូវ​ប៉ុណ្ណោះ មិន​ព្រម​ស្រុះ​គ្នា​ឲ្យ​សកម្ម​សម្រេច​វាសនា​ជាតិ​សាសន៍​ខ្លួន​ដោយ​ខ្លួនឯង អង់គ្លេស​ហៅថា self-determination នោះ​ទេ។ ក្នុង​សង្គម​ខ្មែរ​គេ​តែងតែ​ឮ​ពាក្យ​ពោល​ថា ហួស​ពេល​ហើយ! ពុំ​មាន​នរណា​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បាន​ជា​បណ្តោយ​ឲ្យ​ហួស​ពេល ហើយ​បន្ទោស​អ្នក​ដទៃ?

ជាតិ​សាសន៍​ខ្មែរ​គ្រប់​ទិសទី គួរតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ក្លាហាន​ស្រុះ​គ្នា ដែល​ពិភពលោក​នឹកស្មាន​មិន​ដល់ ដូច​ដូនតា​របស់​ខ្លួន​ពី​សម័យ​បុរាណ មិន​គួរ​បណ្តែតបណ្តោយ​ឲ្យ​បាត់បង់​ទឹកដី​ម្តាយ (មាតុភូមិ) របស់​ខ្លួន​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​សតវត្ស​ទី​២១ នេះ ហើយ​គិតតែ​ពី​អង្គុយ​ភ័យ​ព្រួយ​ខ្លាច​ដូចជា​កម្ពុជា​ក្រោម និង​គិតតែ​ចង់​ឲ្យ​បរទេស​ជួយ​នោះ​ឡើយ។ នេះ​ជា​រឿង​អាម៉ាស់​សម្រាប់​ជាតិ​សាសន៍ គ្មាន​អ្វី​ប្រៀប​ឡើយ។

ទស្សនវិទូ​ចិន ខុង ជឺ ឬ ខុង ជីវ (៥៥១-៤៧៩ មុន​គ.ស.) ដាស់តឿន​មនុស្ស​ថា៖ “សិក្សា​អំពី​អតីតកាល បើ​អ្នក​ចង់​កំណត់​អត្ថន័យ​អនាគតកាល​ឲ្យ​ត្រឹមត្រូវ។”

ទស្សនវិទូ​បារាំង លោក Michel de Montaigne (១៥៣៣-១៥៩២) រំឭក​ថា៖ “បុរស​ម្នាក់​ដែល​ភ័យ​ខ្លាច​នឹង​ការ​ឈឺចាប់ (អត់​តស៊ូ) គេ​កំពុងតែ​ទទួល​រង​ការ​ឈឺចាប់​ពី​អ្វី​គេ​ភ័យខ្លាច​នោះ​រួច​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស