ដោយ៖ ខៀវ សុភា
លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន ត្រូវបានរកឃើញជាថ្មីជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹត ឆបោករូបិយប័ណ្ណគ្រីបតូក្នុងតម្លៃទឹកប្រាក់រហូតដល់ជាង ៤៩ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១ មក។
លោក ហ៊ុន តូ តាមរយៈក្រុមហ៊ុន Huione Group របស់លោក បានឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ ដោយទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
កម្មវិធីនេះ អនុញ្ញាតឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់។
ចំណែកក្រុមអ្នកវិភាគនយោបាយ ថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជាកំពុងឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរ៉េខាងជើង ក្រោយពីអសមត្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករកលុយចិញ្ចឹមក្បាល និងក្រពះដ៏ធំរីកប៉ោងនៃរដ្ឋាភិបាលក្បាលធំខ្លួនតូច។
ក្រុមអ្នកស្រាវជ្រាវរូបិយប័ណ្ណគ្រីបតូ Chainalysis កាលពីចុងខែសីហា ឆ្នាំ២០២៤ បានចង្អុលមុខក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោករូបិយប័ណ្ណគ្រីបតូ ព្រមទាំងបានពាក់ព័ន្ធនឹងទីផ្សារឆបោករូបិយប័ណ្ណគ្រីបតូដ៏ខ្មៅងងឹត ក្នុងតម្លៃទឹកប្រាក់រហូតដល់ជាង ៤៩ពាន់លានដុល្លារអាមេរិកតាំងពីឆ្នាំ២០២១ មក។
ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក» (Elliptic) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) រកឃើញថា កម្មវិធីទីផ្សារអនឡាញឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) បង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុនចិននៅកម្ពុជាឈ្មោះ «ហួយវ័ន គ្រុប» ដែលក្រុមហ៊ុននេះប្រតិបត្តិការអាជីវកម្មទូទាត់ និងប្តូរប្រាក់ឈ្មោះ «ហួយវ័ន ផេ» (Huione Pay) ដែលលោក ហ៊ុន តូ គឺជានាយកនៃក្រុមហ៊ុន ហួយវ័ន ផេ។ ក្រុមហ៊ុននេះកំពុងត្រូវបានក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា។
កម្មវិធីនេះ អនុញ្ញាតឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់។ យ៉ាងហោចណាស់ ទឹកប្រាក់ជាង ៤៩ពាន់លានដុល្លារត្រូវបានគេចចរាចរតាមរយៈកម្មវិធីនេះ។
របាយការណ៍ឧក្រិដ្ឋកម្មគ្រីបតូរបស់ Chainalysis បានរកឃើញថា ក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ បានប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ ដោយទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។
តាមការវិភាគរបស់ Chainalysis ក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មានសកម្មភាពទៅលើរូបិយប័ណ្ណគ្រីបតូ Ethereum ក្នុងរង្វង់ទឹកប្រាក់ ១,៩ពាន់លានដុល្លារ ហើយនៅលើរូបិយប័ណ្ណគ្រីបតូ TRON មានរង្វង់ទឹកប្រាក់ច្រើនជាង ៤៧ពាន់លានដុល្លារ ក្នុងចំណោមរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃរហូតដល់ ៤៩ពាន់លានដុល្លារ។
របាយការណ៍របស់ Chainalysis បញ្ជាក់ថា ក្រុមហ៊ុន Huione បានទទួល និងផ្ញើមូលនិធិទៅកាន់គណនីមួយចំនួនតាមរយៈការបោកប្រាស់ ការលួចយកមូលនិធិ ការក្លែងបន្លំសម្ភារៈ និងការរំលោភបំពានផ្លូវភេទលើកុមារ ប្រតិបត្តិការកាស៊ីណូ និងតាមរូបភាពផ្សេងៗទៀត។
ក្រុមហ៊ុន Huione បានធ្វើប្រតិបត្តិការជាមួយក្រុមឆបោកដ៏ល្បីក្នុងប្រទេសភូមា និងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាលពីថ្ងៃទី១០ កក្កដា កន្លងមក ក្រុមហ៊ុនវិភាគកាក់ឌីជីថលរបស់អង់គ្លេសឈ្មោះថា Elliptic ក៏បានចេញផ្សាយរបាយការណ៍ថា លោក ហ៊ុន តូ មានពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតដោយជួយសម្រួលដល់ការបោកប្រាស់តាមអ៊ីនធឺណិត ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះថែមទាំងជួយសម្រួលដល់សកម្មភាពលាងលុយកខ្វក់ដែលទទួលបានពីការបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោកថែមទៀតផង។ ចាប់តាំងពីឆ្នាំ២០២១ ទីផ្សារអនឡាញដ៏កខ្វក់នេះបានប្រតិបត្តិការដោយរកចំណូលបានយ៉ាងហោចណាស់ ១១ពាន់លានដុល្លារ។
បន្ទាប់មក នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា សារព័ត៌មាន DL News ដែលមានមូលដ្ឋានក្នុងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានរាយការណ៍ថា ហែកគ័រកូរ៉េខាងជើងបានផ្ទេរសាច់ប្រាក់ជាង ៣៥លានដុល្លារក្នុងចំណោមទឹកប្រាក់ ៣០៥លានដុល្លារចូលក្នុងក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ។ ទឹកប្រាក់ ៣០៥លានដុល្លារអាមេរិក គឺជាការលួចរបស់ក្រុមហែកគ័រកូរ៉េខាងជើង ពីគណនីរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin)។
សារព័ត៌មាន DL News បានឲ្យដឹងថា មានទឹកប្រាក់ជាង ៣៥លានដុល្លារអាមេរិកក្នុងចំណោមទឹកប្រាក់ ៣០៥លានដុល្លារនៃរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin) ត្រូវបានផ្ទេរចូលក្រុមហ៊ុន Huione Guarantee របស់លោក ហ៊ុន តូ។ ការផ្ទេរទឹកប្រាក់នេះ ធ្វើឡើងក្រោយពេលរូបិយប័ណ្ណឌីជីថលជប៉ុន (DMM Bitcoin) ត្រូវបានក្រុមអនាមិកលួចចូលកាលពីអំឡុងចុងខែឧសភា ដែលគេសង្ស័យជាក្រុមហ៊ុន Lazarus Group របស់កូរ៉េខាងជើង។
ការលើកឡើងរបស់សារព័ត៌មាន DL News ស្ដីពីការផ្ទេរប្រាក់ជាង ៣៥លានដុល្លារចូលក្នុងក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ពេលនេះ គឺគាប់ជួនគ្នានឹងការលើកឡើងរបស់ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះ Elliptic ដោយលាតត្រដាងអំពីឧក្រិដ្ឋកម្មធំៗដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Huione។
ចំណែកទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ហួយវ័ន ផេ ថា ក្រុមហ៊ុនពុំបានដឹងថាខ្លួនបានទទួលលុយដោយប្រយោលពីក្រុមចោរព័ត៌មានវិទ្យានោះទេ ដោយសារតែប្រតិបត្តិការផ្ទេរប្រាក់នោះត្រូវបានគេធ្វើឡើងច្រើនដង។
ក្រុមហ៊ុន ហួយវ័ន ផេ បញ្ជាក់ថា អភិបាលរបស់ក្រុមហ៊ុនលោក ហ៊ុន តូ គឺមិនពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បញ្ជាក់ថា ខ្លួនពុំមានភស្តុតាងដែលបញ្ជាក់ថា លោក ហ៊ុន តូ ឬក្រុមគ្រួសារត្រកូល «ហ៊ុន» បានដឹងឮអំពីប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ឬគ្រីបតូទាំងនេះឡើយ។
យោងតាមអត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន The Cambodia Daily កន្លងមកបានរកឃើញថា លោក ហ៊ុន តូ ដែលមានងារជាអ្នកឧកញ៉ា ធ្លាប់ត្រូវគេចោទថាបានឈរឈ្មោះបង្កើតក្រុមហ៊ុនជាច្រើនជាមួយជនជាតិចិន ជាប់ពាក់ព័ន្ធបណ្ដាញប្រព្រឹត្តបទឧក្រិដ្ឋ និងលាងលុយកខ្វក់ជាច្រើន ដូចជា៖
- ក្រុមហ៊ុន PANDA COMMERCIAL BANK PLC
- ក្រុមហ៊ុន XH BRIDGE INVESTMENT CO., LTD (អិចអេច ប្រ៊ីដ អ៊ិនវេសម៉ិន ឯ.ក)
- ក្រុមហ៊ុន LIXIN DEVELOPMENT CO., LTD (លីស៊ីន ឌីវេឡុបម៉ិន ឯ.ក)
- ក្រុមហ៊ុន HENG HE CAMBODIA COMMERCIAL BANK PLC ដែលក្រុមហ៊ុននេះជាប់សង្ស័យថាជាបណ្ដាញឧក្រិដ្ឋកម្មឆបោក និងជួញដូរមនុស្សនៅកម្ពុជា ដែលសហការជាមួយឧក្រិដ្ឋជនជនជាតិចិន
- ក្រុមហ៊ុន ហួយវ័ន ឡាយហ្វ៍ អ៊ិនសួរេន ម.ក (HUIONE LIFE INSURANCE PLC)
- ក្រុមហ៊ុនធានារ៉ាប់រងមួយទៀតដែលមានឈ្មោះថា ហួយវ័ន អ៊ិនសួរេន ម.ក (HUIONE INSURANCE PLC.)
- ក្រុមហ៊ុនឈ្មោះ HUIONE PAY PLC
- ក្រុមហ៊ុន អិលអិលអេចអេច អ៊ិនវេសម៉ិន ឯ.ក (LLHH INVESTMENT CO., LTD)
- ក្រុមហ៊ុន អូលែរ អ៊ីមផត អិចផត ឯ.ក (OLAIR IMPORT EXPORT CO., LTD)
- នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ដែលពុំទាន់មានអ្នកវិនិយោគចិន ចូលមកច្រើននៅក្នុងប្រទេសកម្ពុជា លោកឧកញ៉ា ហ៊ុន តូ បានបង្កើតក្រុមហ៊ុនមួយឈ្មោះ អេច.ធី.ធី.ខេ (H.T.T.K. CO., LTD)
- ក្រុមហ៊ុនឈ្មោះ អិល.អេច.អ អាស៊ាន អ៊ិនវេសមេន (L.H.R ASEAN INVESTMENT CO., LTD)។
អ្នកវិភាគនយោបាយ លោក គឹម សុខ បានឲ្យដឹងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជាកំពុងឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរ៉េខាងជើង ក្រោយពីអសមត្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច និងក្នុងស្ថានភាពជំនួញលាងលុយកខ្វក់តាមរយៈគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង កាស៊ីណូ និងការបោកប្រាស់របស់ក្រុមហ៊ុនដែលស្និទ្ធនឹងគ្រួសារហ៊ុន នៅតែមិនគ្រប់ចំណាយដើម្បីចិញ្ចឹមអំណាច។
លោក គឹម សុខ អះអាងថា របបគ្រួសារហ៊ុនបច្ចុប្បន្នលែងទុកចិត្តសមត្ថភាពប្រមូលលុយចិញ្ចឹមអំណាចពីការដឹកនាំសេដ្ឋកិច្ចហើយ ព្រោះកំពុងធ្លាក់ក្នុងវិបត្តិផ្ដាច់ការស្ទើរដាច់អស់នូវជំនួយអនុគ្រោះពាណិជ្ជកម្មពីបស្ចិមប្រទេស ហើយសេដ្ឋកិច្ចកំពុងរអិលចូលក្នុងវិបត្តិ។
ប្រភពដដែលអះអាងថា ទោះបីរដ្ឋាភិបាលប្រឹងគាបប្រជាពលរដ្ឋប្រមូលលុយពន្ធ ក៏នៅតែមិនគ្រប់ផែនការ ដូច្នេះពិតជាពិបាករកលុយបើកប្រាក់ខែឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកាន់តែយ៉ាប់ទៀតនោះ គឺពិបាករកលុយចិញ្ចឹមក្បាល និងក្រពះដ៏ធំរីកប៉ោងនៃរដ្ឋាភិបាល និងគ្រប់ស្ថាប័ន។
អ្នកវិភាគរូបនេះបន្ថែមថា គ្រួសារហ៊ុនអាចនឹកឃើញឲ្យអ្នកឧកញ៉ា ហ៊ុន តូ បង្កើតបណ្ដាញលួចលុយ និងលាងលុយជាអន្តរជាតិ ជាពិសេសជាមួយបណ្ដាញមនុស្សនៅកូរ៉េខាងជើង ដើម្បីទុកជាមធ្យោបាយរកលុយជំនួយក្នុងការប្រមូលលុយទប់ទល់ចំណាយរដ្ឋាភិបាល។
លោកថា អាចកត់សម្គាល់ករណីនេះដោយផ្អែកលើប្រព័ន្ធស៊ើបអង្កេតអន្តរជាតិជាច្រើនដែលរាយការណ៍ពីអ្នកឧកញ៉ា ហ៊ុន តូ អំពីការស្ទាត់ជំនាញរបស់លោកទាក់ទងនឹងបណ្ដាញលាងលុយអន្តរជាតិ ហើយក្រុមហ៊ុន Huione ដែលអ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធនោះ មានសេចក្ដីរាយការណ៍ថាមានទំនាក់ទំនងបណ្ដាញអ្នកលួចលុយអន្តរជាតិនៅប្រទេសកូរ៉េខាងជើង ផង។
លោក គឹម សុខ អះអាងថា ប្រភពចំណូលធំរបស់កូរ៉េខាងជើង សព្វថ្ងៃ គឺបានពីក្រុមអ្នកជំនាញបច្ចេកទេស online ហែកចូល (hack) ទៅលួចលុយពីប្រព័ន្ធធនាគារធំៗនៅបរទេស។ រដ្ឋាភិបាលគ្រួសារហ៊ុន អាចរៀនយកតម្រាប់តាមក្បួននេះដែរ ពីព្រោះក្នុងពេលនេះ គ្រួសារហ៊ុនសាកល្បងសមត្ថភាពរបស់ពួកអ្នកជំនាញឌីជីថល (Digital) ឲ្យសាកល្បងបង្កើត App ផ្សេងៗ និងបន្តបង្ហាញកណ្ដាប់ដៃផ្ដាច់ការលើពលរដ្ឋ ដោយមិនខ្វល់ពីការស្ដារសេដ្ឋកិច្ចឡើយ គឺដូចទម្លាប់ប្រព្រឹត្តនៅកូរ៉េខាងជើង ដែរ។
នៅក្នុងឆ្នាំ២០១២ ជីដូនមួយនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ត្រូវបានប៉ូលិសអូស្ត្រាលី សង្ស័យពីបទជួញដូរហេរ៉ូអ៊ីន និងលាងលុយកខ្វក់ចូលប្រទេសអូស្ត្រាលី តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាជំនាន់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ច្រានចោល និងចាត់ទុកថាជារឿងមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោក ហ៊ុន តូ ក៏ដូចជាការវាយប្រហារលើនាយករដ្ឋមន្ត្រី និងប្រទេសកម្ពុជា។
ក្រៅតែអំពីគ្រប់គ្រងជំនួញធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក្មួយប្រុសរបស់លោក ហ៊ុន សែន ចាប់ផ្តើមល្បីឈ្មោះរឿងអាស្រូវទុច្ចរិតជាថ្មីនៅក្នុងប្រទេសអូស្ត្រាលី តាមរយៈការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដែលបានធ្វើការលាតត្រដាងថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងបណ្ដាញប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន និងការលាងលុយកខ្វក់រវាងកម្ពុជា និងអូស្ត្រាលី។
សារព័ត៌មាន ឌឹ អូស្ត្រាលាន (The Australian) បានចេញផ្សាយអត្ថបទជាបន្តបន្ទាប់កន្លងមកពាក់ព័ន្ធនឹងសែស្រឡាយកូនចៅអ្នកធំខ្មែរ និងគណបក្សប្រជាជនកម្ពុជា បានលាងលុយកខ្វក់ និងពង្រីកឥទ្ធិពលនយោបាយនៅលើទឹកដីអូស្ត្រាលី។
អង្គការតម្លាភាពអូស្ត្រាលី បានចេញផ្សាយរបាយការណ៍មួយស្ដីពីការបញ្ឈប់ការលាងលុយកខ្វក់ក្នុងប្រទេសអូស្ត្រាលី និងកម្ពុជា។ ក្នុងរបាយការណ៍នោះ អង្គការតម្លាភាពអូស្ត្រាលី រកឃើញថា មានការលាងលុយកង្វក់ចេញពីកម្ពុជាទៅកាន់អូស្ត្រាលី ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៨០០លានដុល្លារអាមេរិកនៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ការលាងលុយកខ្វក់ក្នុងទំហំទឹកប្រាក់ដ៏ច្រើនបែបនេះ ភាគច្រើនធ្វើឡើងក្រោមរូបភាពវិនិយោគលើផ្នែកអចលនទ្រព្យ និងប្រតិបត្តិការហិរញ្ញវត្ថុស្របច្បាប់។
អង្គការតម្លាភាពអូស្ត្រាលី និងក្រុមហ៊ុនផ្តល់ការប្រឹក្សា និងវិនិយោគ Korda Mentha រកឃើញការផ្ទេរប្រាក់ពីកម្ពុជាទៅអូស្ត្រាលី តាមរយៈធនាគារក្នុងទំហំទឹកប្រាក់ប្រមាណ ២៧២៧លានដុល្លារអូស្ត្រាលី ឬជាង ១៨០០លានដុល្លារអាមេរិក និងការដឹកជញ្ជូនលុយសុទ្ធឆ្លងប្រទេសមានប្រមាណ ៤៦លានដុល្លារអូស្ត្រាលី ឬជិត ៣០លានដុល្លារអាមេរិកក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។
បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលសរសេរក្នុងរបាយការណ៍របស់អង្គការតម្លាភាពអូស្ត្រាលី គឺមានអចលនទ្រព្យចំនួន ១១៨កន្លែង សរុបទឹកប្រាក់ប្រមាណ ៧២លានដុល្លារអាមេរិក ត្រូវបានទិញ និងកាន់កាប់ដោយជនជាតិខ្មែរគិតចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ជនជាតិខ្មែរទាំងនោះភាគច្រើនជាមន្ត្រីក្នុងជួររដ្ឋាភិបាល អ្នកនយោបាយជាន់ខ្ពស់ និងអ្នកជំនួញល្បីៗមួយចំនួនទៀត។
ផ្អែកតាមទិន្នន័យរបស់រដ្ឋាភិបាលអូស្ត្រាលី (Austrac) បុគ្គលដែលជាប់ពាក់ព័ន្ធភាគច្រើន គឺជាក្រុមគ្រួសារ និងមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងនោះមានដូចជា៖
- លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលមានទ្រព្យសម្បត្តិនៅប្រទេសអូស្ត្រាលី ប្រមាណ ១,៣លានដុល្លារ។
- លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកពន្ធដារ ធ្លាប់មានអចលនទ្រព្យប្រមាណជាង ១៤លានដុល្លារនៅអូស្ត្រាលី។
- ចំណែកកូនប្រុសលោក ជា សុផារ៉ា គឺលោក ផារ៉ា មង្គល ក៏ធ្លាប់ទិញដី និងផ្ទះទំហំ ៣០០០ម៉ែត្រការ៉េក្នុងតម្លៃ ៧,២លានដុល្លារក្នុងឆ្នាំ២០១៦ ប៉ុន្តែនៅឆ្នាំ២០២៣ លោកបានលក់ចេញវិញក្នុងតម្លៃជាង ២១លានដុល្លារអាមេរិក។
- ដោយឡែកលោក ឌី វិជ្ជា កូនប្រសាលោក ហ៊ុន សែន ធ្លាប់កាន់កាប់អាជីវកម្មមួយដែលមានតម្លៃជិត ១លានដុល្លារ និងបានទិញដីមួយកន្លែងទៀតក្នុងទំហំទឹកប្រាក់ជាង ៩០ម៉ឺនដុល្លារ តែនៅឆ្នាំ២០១៨ លោកបានលក់ចេញវិញក្នុងតម្លៃជាង ៣,៣លានដុល្លារ។
- ចំណែកលោក ហ៊ុន តូ ដែលត្រូវជាក្មួយលោក ហ៊ុន សែន ក៏មានអចលនទ្រព្យនៅប្រទេសអូស្ត្រាលី ក្នុងតម្លៃជិត ១លានដុល្លារផងដែរ៕