30.7 C
Phnom Penh

អ៊ីរ៉ង់​បាញ់​មីស៊ីល​បាលិស្ទិក​១៨០​គ្រាប់​លើ​អ៊ីស្រាអែល – នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​សច្ចា​សងសឹក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​យប់​ថ្ងៃ​អង្គារ ទី​១ ខែ​តុលា កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​ស្រោច​មីស៊ីល​ចូល​ទឹកដី​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​ការ​វាយប្រហារ​នេះ​គឺជា​ការ​សងសឹក​ចំពោះ​មរណភាព​មេដឹកនាំ​ហាម៉ាស មេដឹកនាំ​ហេសបូឡា ព្រមទាំង​មេបញ្ជាការ​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​អ៊ីស្រាអែល សម្លាប់។

តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស The Sky News ដែល​ស្រង់​ប្រភព​ព័ត៌មាន​នៃ​កងទ័ព​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​បាលិស្ទីក ១៨០​គ្រាប់ ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល ហើយ​ភាគច្រើន​នៃ​មីស៊ីល​ទាំងអស់​នេះ​ត្រូវ​បាន​ស្ទាក់​បំផ្លាញ​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស ខណៈ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​បាន​ជួយ​បាញ់​ស្ទាក់​បំផ្លាញ​មីស៊ីល​រាប់​សិប​គ្រាប់​របស់​អ៊ីរ៉ង់ ផង​ដែរ។

តែ​យ៉ាងណា ខាង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ អះអាង​ថា ៩០% នៃ​មីស៊ីល​របស់​ខ្លួន​បាន​វាយប្រហារ​ចំ​គោលដៅ ហើយ​ក៏​បាន​បាញ់​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង Fattah ជា​លើកដំបូង​ផង​ដែរ​នៅ​ក្នុង​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល ដើម្បី​ជា​ការ​សងសឹក​ឱ្យ​មេដឹកនាំ​ហាម៉ាស លោក Ismail Haniyeh មេដឹកនាំ​ហេសបូឡា លោក Hassan Nasrallah និង​មេបញ្ជាការ​អ៊ីរ៉ង់ លោក Nilforoshan ដែល​ត្រូវ​បាន​ស្លាប់​ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ នៅ​ថ្ងៃ​ពុធ ទី​២ តុលា នេះ បាន​រាយការណ៍​ថា អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​រហូត​ដល់ ២០០​គ្រាប់​លើ​អ៊ីស្រាអែល ហើយ​ជាមួយ​គ្នា​នេះ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​ដោយ​កំណត់​គោលដៅ​មូលដ្ឋាន​យោធា​ចំនួន​៣ របស់​អ៊ីស្រាអែល នៅ​ជុំវិញ​ទីក្រុង Tel Aviv និង​មូលដ្ឋាន​យោធា​មួយ​ចំនួន​ទៀត។

តែ​យ៉ាងណា អ៊ីស្រាអែល​មិន​បាន​រាយការណ៍​លម្អិត​ពី​ទំហំ​នៃ​ការ​ខូចខាត ឬ​ជនរងគ្រោះ​នោះ​ទេ ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់។

ប្រតិកម្ម​នឹង​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ព្រមាន​ថា អ៊ីស្រាអែល​នឹង​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ស្គាល់​ការ​ឈឺចាប់​ដូច​នឹង​ក្រុម​ហាម៉ាស និង​ក្រុម​ហេសបូឡា ដែល​លួច​វាយប្រហារ​លើ​អ៊ីស្រាអែល។

លោក Benjamin Netanyahu បាន​ព្រមាន​ថា មេដឹកនាំ​អ៊ីរ៉ង់ នឹង​មិន​អាច​រួច​ខ្លួន​បាន​ឡើយ ទោះ​នៅ​ទីណា ក៏​មីស៊ីល​របស់​អ៊ីស្រាអែល អាច​វាយ​ទម្លុះ​បាន​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​នាំពាក្យ​សម្រាប់​កងទ័ព​អ៊ីស្រាអែល ឧត្ដមសេនីយ៍ Daniel Hagari បាន​និយាយ​ថា អ៊ីស្រាអែល​បាន​រៀបចំ​ផែនការ​សងសឹក​រួច​ហើយ​ដោយ​នៅ​រង់ចាំ​ពេលវេលា​ប្រតិបត្តិការ​តែប៉ុណ្ណោះ។

អ៊ីរ៉ង់ ដែល​បើក​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល លើក​ទី​២ នេះ ក៏​ចំ​ពេល​ដែល​កងទ័ព​ជើងគោក​របស់​អ៊ីស្រាអែល បាន​វាយលុក​ចូល​ខាង​ក្នុង​ទឹកដី​លីបង់ ដែល​ជា​ការ​សំដៅ​បោស​សម្អាត​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា នៅ​លើ​ទឹកដី​លីបង់។

កងកម្លាំង​ហេសបូឡា ក៏​ជា​ក្រុម​កម្លាំង​ដ៏​ធំ​មួយ​ដូច​ពួក​ហាម៉ាស​ផង​ដែរ ដែល​ប្រទេស​អ៊ីរ៉ង នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក អាយ៉ាតូឡាខាមេនី គាំទ្រ​យ៉ាង​ខ្លាំង។

កងទ័ព​អ៊ីស្រាអែល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សឹក​ក្រោយពី​បាន​កំណត់​គោលដៅ​ជាក់លាក់ ដោយ​ផ្អែកលើ​ការ​ស៊ើបការណ៍​ច្បាស់ៗ ប្រឆាំង​នឹង​ក្រុម​ហេសបូឡា​នៅ​តាម​ភូមិ​ក្នុង​តំបន់​ភាគ​ខាងត្បូង​លីបង់ ជាប់​បណ្តោយ​ព្រំដែន​ដែល​អាច​បង្ក​ការ​គំរាមកំហែង​ភ្លាមៗ​ចំពោះ​សហគមន៍​ប្រជាជន​អ៊ីស្រាអែល នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីស្រាអែល។

កងទ័ព​អាកាស​អ៊ីស្រាអែល បញ្ជាក់​ថា យន្តហោះ​ចម្បាំង​កំពុង​គាំទ្រ​ប្រតិបត្តិការ​របស់​កងកម្លាំង​ជើងគោក។

ការ​វាយលុក​របស់​កងទ័ព​អ៊ីស្រាអែល ចូល​ក្នុង​ប្រទេស​លីបង់ បាន​រុញ​ឱ្យ​មាន​ការ​កើន​ឡើង​ជម្លោះ​កាន់តែ​ខ្លាំង​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​រវាង​អ៊ីស្រាអែល និង​ក្រុម​ចលនា​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​ចាប់ផ្តើម​ផ្ទុះ​ឡើង​ដំបូង​ក្រោយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​បើក​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​យ៉ាង​ប្រល័យ​ចូល​ភាគ​ខាងត្បូង​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ហើយ​បង្ក​ទៅ​ជា​សង្គ្រាម​នៅ​ឯ​តំបន់​ហ្កាហ្សា។

ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា បាន​ហក់​ឡើង​យ៉ាង​គំហុក​អំឡុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ នៅ​ពេល​ដែល​អ៊ីស្រាអែល ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​ឧបករណ៍​ទាក់ទង​រាប់​ពាន់​គ្រឿង​របស់​ក្រុម​ហេសបូឡា ហើយ​ក្រោយ​មក​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ឥត​សំចៃ​ដៃ​នៅ​លីបង់។

ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល បាន​ផ្ដាច់​ជីវិត​មេបញ្ជាការ​ហេសបូឡា ជាច្រើន​នាក់ ហើយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក៏​បាន​សម្លាប់​មេដឹកនាំ​ហេសបូឡា គឺ​លោក Hassan Nasrallah ដែល​នាំ​ឱ្យ​អ៊ីរ៉ង់ សរុប​ការ​សងសឹក​ជា​លើក​ទី​២ ម្ដង​ទៀត​នេះ។

ការ​វាយប្រហារ​របស់​អ៊ីរ៉ង បាន​កំពុង​បង្ក​ការ​ភ័យ​កាន់តែ​ខ្លាំង​ក្នុង​ការ​អូសទាញ​សហរដ្ឋ​អាមេរិក​ចូល​ពាក់ព័ន្ធ​ផ្ទាល់​ជួយ​អ៊ីស្រាអែល បើ​អ៊ីស្រាអែល​ត្រូវ​ប្រតិបត្តិការ​សងសឹក​លើ​អ៊ីរ៉ង់ ដែល​វា​អាច​នាំ​ទៅ​រក​សង្គ្រាម​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។

នៅ​ពេលនេះ សហរដ្ឋ​អាមេរិក​បង្កើន​វត្តមាន​ទ័ព​នៅ​តំបន់​មជ្ឈិមបូព៌ា​ហក់​ឡើង ៥​ម៉ឺន​នាក់ ជាមួយ​នឹង​នាវាចម្បាំង​ជាង ២០​គ្រឿង និង​នាវា​ផ្ទុក​យន្តហោះ ២​គ្រឿង កំពុង​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​នៃ​មជ្ឈិមបូព៌ា។

នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ី​បាលិស្ទីក​របស់​អ៊ីរ៉ង់ កាលពី​យប់​ថ្ងៃ​អង្គារ ទី​២ ខែ​តុលា សហរដ្ឋ​អាមេរិក​បាន​បាញ់​មីស៊ីល​ទប់ស្កាត់​មីស៊ីល​អ៊ីរ៉ង បាន​បាញ់​ទម្លាក់​រាប់​សិប​គ្រាប់​ដែល​ហោះ​ឆ្ពោះ​ទៅ​លើ​លំហ​អាកាស​នៃ​ប្រទេស​អ៊ីស្រាអែល។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ហៅ​សកម្មភាព​របស់​អ៊ីរ៉ង់ ថា​កំពុង​រុញ​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ខណៈ​លោក បៃដិន សច្ចា​ជួយ​អ៊ីស្រាអែល៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស