ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្ដេជ្ញាប្រកៀកស្មាជាមួយពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់និន្នាការឈរលើគោលការណ៍អហិង្សា តាមដាននីតិវិធីរបស់រដ្ឋសភាឯកបក្សក្នុងការលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ CLV-DTA រហូតដល់អង្គព្រះមហាក្សត្រឡាយព្រះហស្តលេខាលុបចោលគម្រោងនេះ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ បន្តតាមដាន និងជំរុញឱ្យរដ្ឋាភិបាលដកកម្ពុជាទាំងស្រុងពីកិច្ចព្រមព្រៀងពាក់ព័ន្ធនានាដែលគ្មានតម្លាភាព រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងគម្រោងត្រីកោណអភិវឌ្ឍន៍។
ប្រភពដដែលអះអាងថា ខ្លួននឹងបន្តទាមទារឲ្យរបបក្រុងភ្នំពេញទទួលខុសត្រូវប្រកបដោយតម្លាភាពរាល់កិច្ចព្រមព្រៀងទ្វេភាគី និងត្រីភាគី ជាពិសេសជាមួយប្រទេសជិតខាងរួមមានកិច្ចព្រមព្រៀងផ្តល់ដីសម្បទានដល់ក្រុមហ៊ុនដែលកាន់កាប់ដោយកងទ័ព និងរដ្ឋាភិបាលបរទេស ជាដើម។
ជាងនេះទៀត ក៏នឹងបន្តទាមទារឲ្យទទួលខុសត្រូវកិច្ចព្រមព្រៀងផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់អន្តោប្រវេសន៍វៀតណាម កិច្ចព្រមព្រៀងបោះបង្គោលព្រំដែន និងកិច្ចព្រមព្រៀងដទៃផ្សេងទៀត ដែលបង្កឲ្យមានការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិកម្ពុជាដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវពីរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។
KMD លើកឡើងថា កិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងវៀតណាម បាននាំឱ្យមានលំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់រហូតបង្កើតឲ្យមានតំបន់អបគមន៍ ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី និងការឈានទៅដល់ការគ្រប់គ្រងទាំងស្រុងតាមរបៀបអាណានិគមបែបថ្មីផងដែរ។
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ទៅកាន់គណៈកម្មការជំនាញត្រួតពិនិត្យ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ការប្រជុំរបស់រដ្ឋសភានេះ គឺជានីតិវិធីនៃការដកខ្លួនចេញពីការអភិវឌ្ឍតំបន់ត្រីកោណទៅលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះ ខណៈកម្ពុជាបានដកខ្លួនចេញពីតំបន់នេះរួចរាល់អស់ហើយកាលពីខែកញ្ញា កន្លងទៅនោះ។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានលើកឡើងកាលពីពេលថ្មីៗនេះថា គ្មានអ្វីប្រសើរជាងការទទួលស្គាល់ការពិត ហើយរកដំណោះស្រាយរួមគ្នានោះទេ ដើម្បីប្រយោជន៍ជាតិមាតុភូមិ និងសេចក្តីសន្តិភាពពិតប្រាកដសម្រាប់ពលរដ្ឋខ្មែរគ្រប់គ្នា។
កម្ពុជា វៀតណាម និងឡាវ បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កាលពីឆ្នាំ១៩៩៩ ខណៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន ៥ រួមមាន កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-វៀតណាម និងឡាវ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្ដូរទំនិញ និងសេវា ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

