27 C
Phnom Penh

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ប្រកាស​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នៅ​ដើម​ខែ​ធ្នូ​ក្នុង​ទីក្រុង​ឡងប៊ិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​ធ្នូ ចុង​ឆ្នាំ​២០២៤ នេះ ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (PPA)។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ថា ពិធី​សមាជ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ឡងប៊ិច សហរដ្ឋ​អាមេរិក ចាប់ពី​ម៉ោង ២​រសៀល រហូត​ដល់​ម៉ោង ៦​ល្ងាច។

ការ​ប្រកាស​ធ្វើ​ពិធី​សមាជ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​នេះ ធ្វើ​ឡើង​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ក្នុង​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រុម​ប្រឆាំង​ខំ​នាំគ្នា​បង្កើត​ចលនា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ក្រៅ​ស្រុក ស្រប​ពេល​ដែល​សមាជិក​របស់​ពួកគេ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​បង្កើត​ចលនា​ជា​បន្តបន្ទាប់​របស់​ពួកគេ​នៅ​ពេលនេះ គឺ​គ្រាន់តែ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ដើរ​ចេញពី​ខ្លួន​ប៉ុណ្ណោះ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិធី​សមាជ​ដែល​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​គ្រោង​នឹង​បង្កើត​នៅ​ពេល​ខាងមុខ​នេះ គឺជា​វេទិកា​មួយ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ក្រុមប្រឹក្សា​ជាតិ​មួយ ដែល​មាន​ឈ្មោះ​ថា ក្រុមប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា។

អ្នកស្រី មូរ សុខហួរ អះអាង​ថា ការ​ជួបជុំ​នេះ គឺជា​វេទិកា​ដ៏​ធំ​មួយ​ដែល​បង្រួបបង្រួម​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេស​នានា ដូចជា ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ជប៉ុន អាមេរិក អូស្ត្រាលី បារាំង និង​កាណាដា ជាដើម ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ចេញមតិ​ក្នុង​ការ​តវ៉ា​ទាមទារ​ជុំវិញ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជាតិ​នេះ​នឹង​ក្លាយ​ជា​តំណាង​ឆន្ទៈ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់ ដើម្បី​តវ៉ា​ទាមទារ​ទៅ​កាន់​អន្តរជាតិ​ឱ្យ​ជួយ​ពិនិត្យ​ឡើងវិញ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ពិនិត្យ​រាល់​សំណើ​នានា​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដាក់​ជូន​បរទេស​ទាំងនោះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់ បាន​បង្កើត​វេទិកា​មួយ​កាលពី​ពាក់កណ្តាល​ខែ​តុលា កន្លង​ទៅ ដើម្បី​សម្ដែង​មតិ​ស្ដីពី​កង្វល់​នានា​របស់​ពលរដ្ឋ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្នុង​បំណង​ឆ្ពោះ​ទៅ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា។

ក្រុមប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នេះ គឺជា​ចលនា​នយោបាយ​ថ្មី​មួយ​របស់​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ដើម្បី​តស៊ូ​មតិ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​រក​ការ​គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ផ្សះផ្សា​ជាតិ​ឡើងវិញ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ប្រជាជាតិ​ខ្មែរ​ទាំងមូល​កំពុង​រង​នូវ​ការ​បែកបាក់​សាមគ្គី​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស