30 C
Phnom Penh

ខួប ៥​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​៥ នៃ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ បន្ទាប់ពី​វប្បធម៌​អរូបី​មួយ​នេះ​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ។

ល្ខោនខោល ដែល​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​យូណេស្កូ សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រល្វីស នៃ​សាធារណរដ្ឋ​ម៉ូរីស កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ ដូច្នេះ​បើ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ គឺ​មាន​រយៈពេល ៥​ឆ្នាំ​ហើយ។

ការ​ដាក់​បញ្ចូល «ល្ខោនខោល» ទៅ​ក្នុង​បញ្ជី​អរូបី​នៃ​មនុស្ស​ជាតិ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​មួយ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា កាន់តែ​ទទួលស្គាល់​នៅ​លើ​ពិភពលោក ហើយ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​តួអង្គ​កាន់តែ​លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ខ្លី​នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា អបអរ​សាទរ​ខួប​លើក​ទី​៥ ល្ខោនខោល ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ព័រល្វីស សាធារណរដ្ឋ​ម៉ូរីស បាន​អនុម័ត​យល់ព្រម​បញ្ចូល​ល្ខោនខោល​របស់​កម្ពុជា​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ បន្ទាប់ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​របស់​កម្ពុជា បាន​បញ្ជូន​ឯកសារ​ស្ដីពី​ល្ខោនខោល​ទៅ​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ ក៏​មាន​ការ​ប៉ះទង្គិច​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ផង​ដែរ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ គ្រោង​យក​របាំ​ល្ខោន​ពាក់​របាំងមុខ ឬ​ល្ខោនខោល (Khon Masked Dance) ទៅ​ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ ដោយ​សំអាង​ថា​ជា​របាំ​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្នុង​ការ​បញ្ជី​ទាំងស្រុង​ក្រោយពី​ការ​តវ៉ា​របស់​កម្ពុជា។

សៀវភៅ​លោក ពេជ្រ ទុំក្រវិល រៀបរាប់​ថា ល្ខោនខោល​គឺជា​ល្ខោន​មួយ​ដែល​មាន​អាយុកាល​ចំណាស់​ជាងគេ និង​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​សង្គម​ខ្មែរ​នា​សម័យ​បុរាណ ដោយ​ដកស្រង់​ចេញពី​រឿង​រាមកេរ្តិ៍​ដែល​បង្ហាញ​តាម​រូប​ចម្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា ដូចជា ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​បន្ទាយស្រី ជាដើម។

ចំណែក​សិលា​ចារិក​ខ្លះ បញ្ជាក់​ថា ទម្រង់​ល្ខោន​ភាណី និង​ទម្រង់​ល្ខោនខោល គឺជា​ទម្រង់​ល្ខោន​តែ​មួយ ដែល​មាន​ន័យ​ថា ពោល ឬ​និយាយ​ជំនួស​អ្នក​សម្ដែង ខណៈ​តួអង្គ​ទាំងអស់​គឺជា​មនុស្ស​ដែល​ពាក់​មុខ​ខ្មុក ដូចជា មុខ​រូបតំណាង​ព្រះរាម មុខ​រូបតំណាង​ព្រះ​លក្សណ៍ មុខ​រូបតំណាង​យក្ស មុខ​រូប​តំណាង​ស្វា និង​មុខ​រូប​តំណាង​ព្រះ​មុនី​ឥសី ជាដើម ហើយ​ល្ខោន​នេះ​គេ​តែង​សម្ដែង​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​មហាក្សត្រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក ពិធី​ចូលឆ្នាំ និង​ពិធី​ផ្សេងៗ​ជាច្រើន​ទៀត។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សម្បត្តិ​វប្បធម៌​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជាបន្តបន្ទាប់ ដូចជា របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ រឿង​រាមកេរ្តិ៍​តាគ្រុឌ ល្បែង​ទាញព្រ័ត្រ ចាប៉ីដងវែង គុន​ល្បុក្កតោ រឿង​អ៊ីណាវបុស្បា និង​ល្ខោនខោល ផង​ដែរ។

ជាង​នេះ​ទៀត មាន​ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រាសាទ​កោះកេរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង និង​សម្បត្តិ​វប្បធម៌​មួយ​ចំនួន​ទៀត​ផង​ដែរ ក្នុង​នោះ កម្ពុជា​ក៏​កំពុង​រៀបចំ​ឯកសារ​ត្រៀម​ស្នើ​ដាក់​សម្បត្តិ​វប្បធម៌​មួយ​ចំនួន​ទៀត​ទៅ​អង្គការ​យូណេស្កូ​បន្ថែម​ដែរ ដូចជា នំបញ្ចុក បុណ្យ​អុំទូក តំបន់​ការពារ​សត្វ​ផ្សោត និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ មយូរា​ទឹកកក សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​រូប​តួអង្គ​ហនុមាន នៅ​ថ្ងៃ​ខួប ៥​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ថា មិនមែន​ស្រាបៀ​ទេ សូម​កុំ​ច្រឡំ ដែល​លោក​ទំនង​ជា​ចង់​សំដៅ​ទៅ​ដល់​ស្រាបៀ​មួយ​ប្រភេទ​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា ស្រាបៀ ហនុមាន ព្រោះ​ថា​ស្រាបៀ​នេះ​ដាក់​រូប​សម្គាល់​របស់​ខ្លួន​ដូច​គ្នា​ស្ទើរតែ ១០០% ទៅ​នឹង​រូប​ស្វា​ដែល​ជា​តួអង្គ​នៃ​ល្ខោនខោល។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា បេតិកភណ្ឌ​វប្បធម៌​ទាំង​អរូបី និង​រូបី​របស់​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​រូបតំណាង​របស់​ក្រុមហ៊ុន​ស្រាបៀ​ផង​ដែរ ដូចជា ស្រាបៀ​អង្គរ បាន​ដាក់​សញ្ញា​សម្គាល់​រូប​ប្រាសាទ​អង្គរវត្ត និង​ស្រាបៀ​ហនុមាន ដាក់​សញ្ញា​សម្គាល់​រូប​ហនុមាន ដែល​ជា​តួអង្គ​នៃ​ល្ខោនខោល ជាដើម។ ជាង​នេះ​ទៀត ឈ្មោះ​របស់​ប្រទេស​កម្ពុជា ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​ដាក់​ជា​ឈ្មោះ​ស្រាបៀ​ដែរ គឺ​ស្រាបៀ​កម្ពុជា ដោយ​ប្រើ​អក្សរ​អង់គ្លេស​ថា CAMBODIA ជា​សញ្ញា​សម្គាល់។

ប្រភព​ដដែល​លើកឡើង​ថា សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ទាំងមូល រដ្ឋាភិបាល​ខ្មែរ​អាច​ប្រើប្រាស់​ក្នុង​តម្លៃ​ត្រឹមតែ​ធ្វើ​ជា​ស្លាក​សញ្ញា​របស់​ស្រាបៀ​ប៉ុណ្ណោះ ដែល​ជា​ទង្វើ​មួយ​បង្ហាញ​ពី​ការ​បង្អាប់​បង្អោន​កេរ្តិ៍ឈ្មោះ​របស់​សម្បត្តិ​វប្បធម៌​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ វីរសិល្បករ​ខ្មែរ​លោក សុះ ម៉ាច ធ្លាប់​បាន​អំពាវនាវ​កាលពី​ពេល​ថ្មីៗ​នេះ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា យកចិត្ត​ទុកដាក់​ថែរក្សា​វប្បធម៌​បុរាណ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើក​ស្ទួយ​សម្បត្តិ​វប្បធម៌​ជាតិ​ខ្មែរ​ឱ្យ​កាន់តែ​ខ្ពង់ខ្ពស់ ព្រោះ​ថា​រយៈកាល​កន្លង​មក ថៃ​តែង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ចម្លង​សម្បត្តិ​វប្បធម៌​ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការ​ជួល​គ្រូ​របាំ​ឱ្យ​ទៅ​បង្ហាត់​បង្រៀន​ដល់​កូនសិស្ស​ជនជាតិ​ថៃ ជាដើម ដូច្នេះ តាមរយៈ​សកម្មភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា សម្បត្តិ​វប្បធម៌​ខ្មែរ​គឺ​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស