ក្រសួងការពារជាតិនៃចក្រភពអង់គ្លេស កំពុងតែធ្វើសេចក្ដីសម្រេចចុងក្រោយរបស់ខ្លួនទាក់ទងនឹងលទ្ធភាពនៃការបញ្ជូនកងទ័ពអង់គ្លេស ទៅបណ្ដុះបណ្ដាលហ្វឹកហ្វឺនកងទ័ពបម្រុងអ៊ុយក្រែន ដែលទើបរើសបាននៅពេលថ្មីៗនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ការបញ្ជាក់របស់លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey ធ្វើឡើងខណៈលោកស្ថិតនៅរដ្ឋធានីគៀវ កាលពីថ្ងៃទី១៨ ធ្នូ ដែលលោកបានជួបម្ដងទៀតជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ដោយបានបង្ហាញពីការបន្តគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែន ច្រើនឆ្នាំទៅមុខទៀត ប៉ុន្តែលោករដ្ឋមន្ត្រី John Healey មិនបានបញ្ជាក់លម្អិតពីការទៅដល់របស់ទ័ពអង់គ្លេស ទៅអ៊ុយក្រែន នៅពេលាណាពិតប្រាកដទេ។
ទោះយ៉ាងណា លោកបញ្ជាក់ថា ផែនការមួយនេះវាមានក្នុងយុទ្ធសាស្ត្រអង់គ្លេស ដែលត្រូវជួយពង្រឹងវិស័យការពារជាតិនៃប្រទេសអ៊ុយក្រែន។
ចក្រភពអង់គ្លេស ជាប្រទេសនាំមុខគេក្នុងការជួយហ្វឹកហាត់ទ័ពអ៊ុយក្រែន ដោយឱ្យក្រុងគៀវ បញ្ជូនទ័ពរបស់ខ្លួនទៅហ្វឹកហ្វឺននៅអង់គ្លេស តាំងពីដើមឆ្នាំ២០២២ ជាឆ្នាំដែលរុស្ស៊ី លើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន។ អង់គ្លេសជួយបង្ហាត់ទ័ពអ៊ុយក្រែន ទាំងទ័ពជើងគោក ជើងទឹក និងទ័ពជើងអាកាស។ ទាំងអង់គ្លេស ទាំងកម្លាំងយោធាណាតូ មិនបានបញ្ជូនទ័ពទៅប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាក្រុងគៀវ ស្នើសុំក៏ដោយ ព្រោះមិនចង់ទាញទៅរកជម្លោះផ្ទាល់ជាមួយនឹងរុស្ស៊ី តែការបញ្ជូនអាវុធរបស់សមាជិកណាតូទៅអ៊ុយក្រែន គឺជាសេចក្ដីសម្រេចរបស់សមាជិកនីមួយៗរបស់ណាតូ ទោះជាទីបញ្ជាការកណ្ដាលរបស់ណាតូជាអ្នកសម្របសម្រួលក៏ដោយ។
ទោះជាយ៉ាងណាក្តី លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey ក៏បានលើកឡើងអំពីផែនការសន្តិភាពរបស់លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផងដែរ។ លោកថាប្រទេសនៅអឺរ៉ុបជាច្រើនបានតាមដាន និងកំពុងតែតាមដានដំណើរទៅរកតុចរចារវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែលោកថាសម្រាប់អង់គ្លេស ក្រុងឡុងដ៍ នឹងផ្ដល់ឱ្យអ៊ុយក្រែន នូវការធានាភាពរឹងមាំនៃវិស័យការពារជាតិដល់អ៊ុយក្រែន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក Healey កំពុងរង់ចាំមើលថាតើផែនការសន្តិភាពរបស់លោក ត្រាំ អាចដើរដល់គោលដៅដែលនាំសង្គ្រាមទៅរកទីបញ្ចប់បានឬទេ តែលោកថាអ្វីៗវាមិនអាស្រ័យលើលោក ត្រាំ ទេ គឺវាអាស្រ័យលើអ៊ុយក្រែន ហើយអង់គ្លេសត្រូវតែជួយពង្រឹងស្មារតីកងទ័ពអ៊ុយក្រែន នៅលើសមរភូមិ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy ក៏បានគាំទ្រលោក John Healey ដែលត្រៀមបញ្ជូនទ័ពអង់គ្លេស ទៅជួយហ្វឹកហាត់ទ័ពអ៊ុយក្រែន នៅលើទឹកដីអ៊ុយក្រែន ដែរ។ កាលពីថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសន្ទនាគ្នាតាមទូរសព្ទជាមួយនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ដោយបានរំលឹកលោក ត្រាំ ពីការចាំបាច់ត្រូវជួយសម្ព័ន្ធភាពអឺរ៉ុបក្នុងការគាំទ្រអ៊ុយក្រែន នៅចំពោះមុខសង្គ្រាមពីប្រទេសរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ពោលថាជារឿងពិបាកខ្លាំងចំពោះអឺរ៉ុបក្នុងការជួយគាំទ្រអ៊ុយក្រែនតែឯង ដោយពុំមានការចូលរួមពីសហរដ្ឋអាមេរិក ដែលលោកទទូចឱ្យមានការឯកភាពគ្នាក្នុងសំឡេងតែមួយ។ ជាមួយគ្នានេះ លោក ហ្សេឡេនស្គី នៅតែទទូចថាមានតែការរួបរួមគ្នារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ទើបអាចបញ្ឈប់សង្គ្រាមបង្កដោយលោក ពូទីន លើប្រទេសអ៊ុយក្រែន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

