ដោយ តាំង សារ៉ាដា
អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោក ដោយសារជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency) កំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) រកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងចាប់បង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅកម្ពុជា។
ស្តេចកោះកុង (King of Koh Kong) អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ឬហៅជាឈ្មោះថៃ ថា ផាត់ ស៊ុផាផា (Phat Suphapha) ជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ជាអ្នកប្រមូល និងកាន់កាប់ហិបលុយឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវបានរកឃើញថាកំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើអាជីវកម្មល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងបង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំរបស់ឧក្រិដ្ឋជនជនជាតិចិន នៅកម្ពុជា។
ប្រភពពីបុគ្គលិករបស់លោក លី យ៉ុងផាត់ ដែលធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) បានលាតត្រដាងប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ឧក្រិដ្ឋជនចិន បានយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) បើកប្រតិបត្តិការរកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញល្មើសច្បាប់នៅក្នុងស្ថានីយទូរទស្សន៍ដែលមានអាជ្ញាបណ្ណ។
ស្ថានីយទូរទស្សន៍ ភីអិនអិន ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។ អ្នកឧកញ៉ារូបនេះមានអគារសម្រាប់ជួលជាច្រើនខ្នងនៅក្នុងបរិវេណស្ថានីយទូរទស្សន៍ ភីអិនអិន ជួលទៅឱ្យជនជាតិចិនស្នាក់នៅ ដើម្បីបើកលេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់។
ប្រភពដដែលអះអាងថា ជនជាតិចិនទាំងនោះអះអាងថានៅក្នុងស្ថានីយទូរទស្សន៍មានច្បាប់ អាចប្រតិបត្តិការអំពើឧក្រិដ្ឋកម្មនៅក្នុងទឹកដីខ្មែរដោយសុខសាន្តទៅបាន ដោយសារមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាខ្នងបង្អែកដ៏មានអំណាច និងមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា។
បុគ្គលិកដដែលអះអាងថា អ្នកឧកញ៉ា លី យ៉ុងផាត់ មិនខ្វល់ខ្វាយ និងមិនទទួលខុសត្រូវអ្វីនោះទេ ទោះបីជាទីតាំងទាំងនោះបានជួលទៅឲ្យក្រុមចោរ ឬក្លាយជាកន្លែងប្រព្រឹត្តបទឧក្រិដ្ឋកម្រិតណាក៏ដោយ ព្រោះអ្នកឧកញ៉ារូបនេះមានខ្នងបង្អែកជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជាមួយរូបចាំការពារ។
ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានីយទូរទស្សន៍ ភីអិនអិន របស់អ្នកឧកញ៉ា លី យ៉ុងផាត់ មានជនអន្តោប្រវេសន៍ចូលមកស្នាក់នៅពេញណែនប្រហែលជិតពីរពាន់នាក់ ប៉ុន្តែរក្សាភាពស្ងប់ស្ងាត់បានល្អគួរឱ្យមានទំនុកចិត្តបំផុត។
ជនបរទេសចម្រុះជាតិសាសន៍ច្រើនកកកុញរហូតអស់អគារជួលឱ្យ ទើបមានជនបរទេសមួយចំនួនបានទៅជួលផ្ទះ ឬអគាររបស់ពលរដ្ឋខ្មែរជាច្រើនស្នាក់នៅដើម្បីប្រព្រឹត្តល្បែងអនឡាញនៅតំបន់ក្បែរៗនោះ។
បុគ្គលិកដដែលអះអាងថា នៅពេលយប់ស្ងាត់មានរថយន្តដឹកជនជាតិចិនចូលទៅទម្លាក់នៅតាមអគារដែលថៅកែស្ថានីយបានជួលទៅឲ្យចិនទាំងអស់ស្ទើររៀងរាល់យប់។
អគារនីមួយៗមានកងកម្លាំងសន្តិសុខដល់ទៅរាប់រយនាក់យាមកាមយ៉ាងតឹងរ៉ឹងជាទីបំផុត និងព្រមទាំងមិនអនុញ្ញាតឱ្យមានការទាស់ទែង ឡូឡា ឬថតរូបក្នុងបរិវេណស្ថានីយទូរទស្សន៍ជាដាច់ខាត។ ចំណែកបុគ្គលិកណាដែលហ៊ានលួចថតរូប ហើយបើសន្តិសុខចាប់បាន គេនឹងទទួលរងនូវការធ្វើទារុណកម្ម ព្រមទាំងពិន័យជាប្រាក់រាប់ម៉ឺនដុល្លារទៀតផង។
ប្រភពដដែលអះអាងថា ក្រុមហ៊ុន L.Y.P. គ្រុប ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សនៅតាមទីតាំងមួយចំនួន ដូចជានៅរមណីយដ្ឋានអូរស្មាច់ និងស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) ជាដើម។ ទីតាំងទាំងនេះ បុគ្គលិកដែលត្រូវបានជួញដូរត្រូវគេរាយការណ៍មកថា ពួកគេត្រូវបានបង្ខិតបង្ខំឱ្យអនុវត្តការបោកប្រាស់តាមអនឡាញយ៉ាងគគ្រឹកគគ្រេង ជាពិសេសកំណត់គោលដៅបោកប្រាស់ជនរងគ្រោះនៅបរទេស តាមរយៈគម្រោងពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិក និងការក្លែងបន្លំការវិនិយោគ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រុមហ៊ុនបោកប្រាស់របស់លោក លី យ៉ុងផាត់ បានបោកប្រាស់ជនបរទេសឲ្យមកធ្វើការក្នុងប្រទេសកម្ពុជា ដោយទទួលបានប្រាក់ខែខ្ពស់។ នៅពេលជនបរទេសទាំងនោះមកដល់ស្រុកខ្មែរ ពួកគេត្រូវបានគេរឹបអូសយកលិខិតឆ្លងដែនភ្លាម មុនបញ្ជូនឲ្យទៅធ្វើការនៅស្ថានីយបោកប្រាស់តែម្តង។ បុគ្គលិកដែលចាញ់បោកទាំងនោះ បានទទួលរងនូវការរំលោភបំពាន រួមទាំងម៉ោងធ្វើការយូររហូតលើស ១២ម៉ោង ហើយអ្នកខ្លះត្រូវបានគេលក់បន្តទៅមជ្ឈមណ្ឌលបោកប្រាស់ផ្សេងទៀតក៏មាន។ អ្នកខ្លះបានព្យាយាមរត់គេចខ្លួន ថែមទាំងប្រថុយជីវិតទៀតផង។
នៅពេលមានបុគ្គលិកលួចរត់ចេញពីអគារ ម្ចាស់អគារត្រូវទទួលខុសត្រូវ ដោយការសងប្រាក់ទៅដល់ម្ចាស់អាជីវកម្មបោកប្រាស់នោះក្នុងតម្លៃថ្លៃរហូតដល់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ។
ការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា បានរីករាលដាលកាន់តែខ្លាំងឡើងៗយ៉ាងគំហុគ ជាពិសេសជាមួយនឹងការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត និងប្រតិបត្តិការឌីជីថល។
ទម្រង់នៃការបោកប្រាស់តាមអនឡាញដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា មានដូចជា៖ Romance Scams ដែលអ្នកបោកប្រាស់បង្កើតទម្រង់ក្លែងក្លាយនៅលើគេហទំព័រណាត់ជួប ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើតទំនាក់ទំនងស្នេហា។ ជារឿយៗ ពួកគេបង្កើតទំនាក់ទំនងផ្លូវចិត្ត ហើយនៅទីបំផុត ជនបោកប្រាស់បានសុំលុយពីជនរងគ្រោះ ដោយអះអាងថាពួកគេត្រូវការជំនួយក្នុងគ្រាអាសន្នផ្សេងៗ។
ចំណែកទម្រង់ Investment Scams គឺអ្នកក្លែងបន្លំលើកកម្ពស់ឱកាសវិនិយោគក្លែងក្លាយ ដែលជារឿយៗផ្តល់ផលចំណេញខ្ពស់ជាមួយនឹងហានិភ័យតិចតួច។ ទាំងនេះអាចរួមបញ្ចូលគម្រោងការណ៍រូបិយប័ណ្ណ គម្រោងការណ៍ Ponzi ឬការវិនិយោគអចលនទ្រព្យក្លែងក្លាយ។
ចំណែកទម្រង់ Phishing Scams អ្នកបោកប្រាស់ផ្ញើអ៊ីមែល ឬសារដែលហាក់ដូចជាមកពីក្រុមហ៊ុនស្របច្បាប់ ដោយស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬលិខិតបញ្ជាក់ការចូលប្រើប្រាស់ទិន្នន័យ ទាំងនេះអាចនាំឱ្យមានការលួចអត្តសញ្ញាណ ឬការលួចហិរញ្ញវត្ថុ។
ចំណែកទម្រង់ Online Shopping Scams គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកក្លែងក្លាយ ឬទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមលក់ផលិតផលដែលមិនមាន ឬមានគុណភាពអន់។ ទម្រង់នេះបានបោកប្រាស់ឲ្យជនរងគ្រោះបង់ថ្លៃទំនិញដែលមិនត្រូវបានប្រគល់ឲ្យជាដើម។
រីឯទម្រង់ Job Scams គឺអ្នកបោកប្រាស់បង្ហោះបញ្ជីការងារក្លែងក្លាយ ដែលជារឿយៗតម្រូវឱ្យបេក្ខជនបង់ប្រាក់សម្រាប់ការបណ្តុះបណ្តាល ឬសម្ភារៈជាមុន ហើយពេលទូទាត់ជាប្រាក់រួច ឱកាសការងារក៏រលាយបាត់ទៅ។
លើសពីនេះនៅមានទម្រង់ Tech Support Scams ដែលអ្នកបោកប្រាស់ធ្វើជាតំណាងគាំទ្របច្ចេកវិទ្យាមកពីក្រុមហ៊ុនល្បីៗ ដោយអះអាងថាកុំព្យូទ័ររបស់ជនរងគ្រោះមានមេរោគ។ បន្ទាប់មក ពួកគេស្នើសុំការចូលប្រើកុំព្យូទ័រពីចម្ងាយ ឬស្នើសុំការបង់ប្រាក់សម្រាប់សេវាកម្មដែលមិនចាំបាច់ទាំងអស់នោះ។
ចំណែកទម្រង់ Lottery and Prize Scams ជនរងគ្រោះទទួលបានសារដែលអះអាងថាពួកគេបានឈ្នះឆ្នោត ឬរង្វាន់ ប៉ុន្តែត្រូវបង់ថ្លៃ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីទាមទារវា។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (The U.S. Department of the Treasury’s Office of Foreign Assets Control (#OFAC)) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ គ្រុប ដូចជា អិលវ៉ាយភី គ្រុប (L.Y.P. Group Co., LTD) រមណីយដ្ឋានអូរស្មាច់ (O-Smach Resort) រមណីយដ្ឋានកោះកុង (Koh Kong Resort) សណ្ឋាគារហ្គាឌិនស៊ីធី (Garden City Hotel) និងសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) បានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់ និងការបោកប្រាស់តាមអនឡាញ រួមទាំងការលាងលុយកខ្វក់ និងការជួញដូរមនុស្ស ជាដើម។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លើកឡើងថា រមណីយដ្ឋានអូរស្មាច់ (O-Smach Resort) របស់លោក លី យ៉ុងផាត់ ត្រូវបានប៉ូលិសស៊ើបអង្កេត និងរាយការណ៍ជាសាធារណៈអំពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធអស់រយៈពេលជាង ២ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ២០២២ មក រួមមានរំលោភបំពានលើជនជាតិចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ គឺមានគោលបំណងបង្អាក់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៃប្រតិបត្តិការបោកប្រាស់ទាំងនេះ ដែលបន្តបង្កើតប្រាក់ចំណេញយ៉ាងច្រើនដោយការកេងប្រវ័ញ្ចកម្មករដែលត្រូវបានជួញដូរ និងការបោកប្រាស់បុគ្គលនៅប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក អឺរ៉ុប ឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី អារ៉ាប់ឥណ្ឌូនេស៊ី និងប្រទេសចិន ផងដែរ។
ថ្វីបើមានវិធានការទាំងនេះក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះត្រូវបានរារាំង និងការពារដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចោទប្រកាន់មកលើឥស្សរជនធុរកិច្ចដ៏មានឥទ្ធិពលរូបនេះដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា គឺនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ឱ្យចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាដែរ។
បន្ថែមពីនោះ លោកឧកញ៉ា ទ្រី ភាព និងលោកនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសដែលជាមនុស្សស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកចំពោះការប្រើប្រាស់ឥទ្ធិពល និងបណ្ដាញរបស់ខ្លួន ដើម្បីកេងប្រវ័ញ្ចពលរដ្ឋកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ដែលមករកស៊ីនៅកម្ពុជា។
បុគ្គលទាំង ៥នាក់ខាងលើ សុទ្ធតែរងទណ្ឌកម្មតាមការអនុវត្តច្បាប់ Global Magnitsky ដែលផ្ដន្ទាទោសលើជនរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពីពុករលួយធ្ងន់ធ្ងរក្នុងពិភពលោក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

