ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានបង្ហាញជំនឿចិត្តខ្លាំងទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ក្នុងការបង្ខំរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
សាររបស់លោកប្រធានាធិបតីអ៊ុយក្រែន ចុះផ្សាយដោយសារព័ត៌មាន Freedom Ukraine កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ ជាការឆ្លើយតបទៅនឹងសារលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលថ្លែងក្នុងថ្ងៃទី១ មករា ដែលមេដឹកនាំវិមានក្រឹមឡាំងរូបនេះអួតអាងប្រាប់ប្រជាជនរុស្ស៊ី ថា នៅពេលនេះ រុស្ស៊ីកំពុងបោះជំហានទៅមុខហើយសំដៅទៅដល់គោលដៅដែលបានកំណត់រួចហើយ។ លោកថា ឆ្នាំ២០២៥ លោកមិនដើរថយក្រោយឡើយ ទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ។
ថ្លែងទៅកាន់ជនរួមជាតិអ៊ុយក្រែន លោក ហ្សេឡេនស្គី បានលើកឡើងថា ពុំមានអ្វីឆ្ងល់ច្រើនទេចំពោះលោក ដូណាល់ ត្រាំ ទោះជាយើងមើលចិត្តលោក ត្រាំ មិនយល់ក៏ដោយ ក៏លោក ត្រាំ ពិតជាមានសមត្ថភាពជួយបញ្ចប់សង្គ្រាមរុស្ស៊ី ឈ្លានពាននៅអ៊ុយក្រែន បាន។
កាលពីថ្ងៃទី១ មករា ជាទិវាចូលឆ្នាំសកល លោក ហ្សេឡេនស្គី បានរំលឹកពីការសន្យារបស់លោកដែលលោកថានឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងឆ្នាំ២០២៥ នេះ ដើម្បីបញ្ឈប់សង្គ្រាមឈ្លានពានពីរុស្ស៊ី។ លោកបានបញ្ជាក់ថា ឆ្នាំ២០២៥ អាចនឹងក្លាយជាឆ្នាំដែលអ៊ុយក្រែន ត្រូវឱ្យរុស្ស៊ី បញ្ចប់សង្គ្រាម។
លោកថ្លែងថា សន្តិភាពពីអ្នកឈ្លានពាន មិនមែនជាអំណោយរបស់យើងនោះទេ។ លោកថាបើអ៊ុយក្រែនខ្លាំង ទើបអ្នកឈ្លានពានគោរព និងស្ដាប់អ្វីដែលយើងត្រូវការមកវិញ។ អ៊ុយក្រែនខ្លាំងលើសមរភូមិ អ៊ុយក្រែននឹងខ្លាំងនៅឯតុចរចា ហើយសន្តិភាពដែលយើងបានមកវិញ ជាសន្តិភាពកើតចេញពីបុព្វហេតុនៃការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាន។
លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ ឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក ទី៤៧។ លោក ត្រាំ និយាយថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោងនៅពេលឡើងកាន់អំណាច។
ផែនការសន្តិភាពរបស់លោក ត្រាំ ដែលត្រូវបានជំនួយការរបស់លោកបង្ហើបឱ្យដឹង គឺមាន ៣ចំណុច ទីមួយការអនុវត្តបទឈប់បាញ់ ត្រូវមានវត្តមានទ័ពរក្សាសន្តិភាពអឺរ៉ុបចូលទៅតំបន់សមរភូមិ ហើយទ័ពច្បាំងគ្នាទាំងពីរ ត្រូវដកចេញពីគ្នាក្នុងរយៈចម្ងាយ ១៣០០គីឡូម៉ែត្រ។ ទីពីរ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកយោធាណាតូបានទេរហូត ២០ឆ្នាំក្រោយទៀត និងទី៣ តំបន់ភាគខាងកើតប្រទេសដែលទ័ពរុស្ស៊ី វាយកាន់កាប់បាន ត្រូវទុកជាតំបន់ស្វយ័តដោយមិនចំណុះរដ្ឋាភិបាលកណ្ដាលក្រុងមូស្គូ និងក្រុងគៀវ។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS បាននិយាយថា រុស្ស៊ីមិនទាន់ពេញចិត្តចំពោះផែនការរបស់ក្រុមការងារលោក ត្រាំ នូវចំណុចដែលថាសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ ត្រូវទុករយៈពេល ២០ឆ្នាំទៀត ហើយការដាក់ពង្រាយកងរក្សាសន្តិភាពអឺរ៉ុប ក៏ក្រុងមូស្គូ មិនមើលឃើញថាត្រឹមត្រូវនោះទេ។
លោក Lavrov បញ្ជាក់ថា បើផ្អែកលើការបែកធ្លាយជាច្រើន និងបទសម្ភាសន៍ផ្ទាល់របស់លោក ត្រាំ ជាមួយទស្សនាវដី្ត Time កាលពីពេលថ្មីៗនេះ គឺលោក ត្រាំ ចង់ថាផ្អាកការប្រយុទ្ធនៅតាមខ្សែបន្ទាត់ជួរមុខ ហើយផ្ទេរការទទួលខុសត្រូវលើការប្រឈមមុខជាមួយរុស្ស៊ី ឱ្យទៅអឺរ៉ុបវិញ។ រុស្ស៊ី ពិតជាមិនពេញចិត្តនោះទេ។ តាមលោក Lavrov ទីក្រុងមូស្គូ មិនទាន់ទទួលបានសញ្ញាផ្លូវការណាមួយពីសហរដ្ឋអាមេរិក ទាក់ទងនឹងការដោះស្រាយបញ្ហាអ៊ុយក្រែន បានឡើយ។
ទោះជាមានសញ្ញាសង្ឃឹមលឹមៗក្តី អ្នកសង្កេតការណ៍មើលឃើញតិចណាស់ដែលថាផែនការសន្តិភាពលោក ត្រាំ នឹងដើរដល់ចំណុចទៅរកការបញ្ចប់សង្គ្រាម ព្រោះតែភាគីរុស្ស៊ី អាចមិនព្រមទុកឱកាសឱ្យអ៊ុយក្រែន មានប្រៀបនៅឯតុចរចា។
ចំពោះផែនការបិទបញ្ចប់សង្គ្រាមអាចកើតមាន លុះត្រាអ៊ុយក្រែន យល់ព្រមឱ្យលោក ពូទីន និងក្រុងមូស្គូ បានផលប្រយោជន៍ពីសង្គ្រាម ប៉ុន្តែមេដឹកនាំប្រទេសណាមិនដឹងទេ តែសម្រាប់លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ទំនងជានឹងមិនលុតជង្គង់សុំសន្តិភាពពីអ្នកឈ្លានពាននោះឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

