ទោះជាការប្រយុទ្ធគ្នានៅសមរភូមិជួរមុខរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន កាន់តែខ្លាំង និងរីករាលដាលក៏ដោយ ក៏ដំណើរទៅរកកិច្ចសន្ទនាគ្នារវាងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អាចនឹងកើតមាន ព្រោះមេដឹកនាំប្រទេសមហាអំណាចទាំងពីរនេះបានផ្ដោះផ្ដងពាក្យសម្ដីទន់ភ្លន់ទៅរកគ្នាហើយ។
ក្នុងស្ថានភាពដែលមើលទៅអាចមានកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន ប្រទេសស្វីស ជាប្រទេសអព្យាក្រឹត្យ បានប្រកាសពីការត្រៀមខ្លួនរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលរបស់មេដឹកនាំទាំងពីរនេះ ឬរៀបចំសន្និសីទអន្តរជាតិដើម្បីនាំសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ទោះបីជាប្រទេសអឺរ៉ុបមួយនេះធ្លាប់បានរៀបចំម្ដងរួចហើយក្ដីកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
កាលពីថ្ងៃទី១២ ខែមករា សារព័ត៌មាន European Pravda បានសម្រង់សេចក្ដីពីអ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសស្វីស Nicolas Bideau ចុះផ្សាយថា ប្រទេសស្វីស បានត្រៀមខ្លួនរៀបចំជំនួបកំពូលសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។
លោក Bideau សម្ដែងក្ដីសង្ឃឹមទុកជាមុនថា ជំនួបកំពូល ត្រាំ-ពូទីន អាចមាននៅលើទឹកដីនៃប្រទេសស្វីស ហើយការខិតខំរកដំណោះស្រាយការទូតអាចនឹងមានចំពោះវិបត្តិនៅប្រទេសអ៊ុយក្រែន ដែលឈ្លានពានដោយប្រទេសរុស្ស៊ី។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ពីលោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោក ត្រាំ និងលោក ពូទីន ត្រូវបានរំពឹងថានឹងជជែកគ្នាតាមទូរសព្ទក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក ត្រាំ បានតែងតាំងបេសកជនពិសេសម្នាក់ គឺលោក Keith Kellogg ដើម្បីដោះស្រាយបញ្ហាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី។ លោក Keith Kellogg នឹងចេញទៅកាន់ទីក្រុងគៀវ ឆាប់ៗនេះ។
សមាជិកសភាសហរដ្ឋអាមេរិក លោក Mike Waltz ដែលនឹងត្រូវក្លាយជាទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកក្នុងរដ្ឋការលោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការរំពឹងថានឹងមានកិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរនៅក្នុងពេលឆាប់ៗនេះ អាចនឹងមាន។ លោក Waltz បានសង្កត់ធ្ងន់ថា គ្រប់គ្នាដឹងច្បាស់ណាស់ថា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ចាំបាច់ត្រូវបញ្ចប់តាមមធ្យោបាយការទូត។
លោក ត្រាំ ដែលនឹងវិលត្រឡប់ចូលទៅកាន់តំណែងវិញ នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ ធ្លាប់បានសន្យាថានឹងបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី តែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។
ខណៈស្ថានភាពទៅរកតុចរចាកំពុងស្ថិតលើវិថីវិជ្ជមាន លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកយកព័ត៌មានថា៖ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីការបើកទូលាយរបស់លោកក្នុងការទាក់ទងជាមួយនឹងមេដឹកនាំបរទេសនានា ដែលក្នុងនោះរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដូចជាលោក ដូណាល់ ត្រាំ ជាដើម។
លោក Peskov បាននិយាយថា វិមានក្រឹមឡាំង ស្វាគមន៍ ហើយកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី និងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏នឹងអាចមានបន្ទាប់ពីលោក ត្រាំ ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
តើប្រទេសស្វីស ធ្វើដូចម្ដេចករណីលោក ពូទីន ជាប់ដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC?
អ្នកនាំពាក្យក្រសួងការបរទេសស្វីស Nicolas Bideau បានលើកឡើងថា ដីកាចាប់ខ្លួនទៅលើលោក ពូទីន ដែលទម្លាក់ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជារឿងមួយដែលត្រូវគិតផងដែរ តែលោកថាករណីនេះត្រូវតែលើកលែង ឬទុកមួយឡែក ដោយមិនត្រូវចាត់ទុកជាការធ្វើឱ្យរាំងស្ទះដល់ដំណើរចរចារកសន្តិភាពនៅប្រទេសអ៊ុយក្រែន បានឡើយ។
លោក ពូទីន ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនករណីឧក្រិដ្ឋកម្មសង្គ្រាមនៅលើប្រជាជនអ៊ុយក្រែន។ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន និងមេទ័ពរបស់លោកជាច្រើននាក់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
ប្រទេសដែលមានកាតព្វកិច្ចឃាត់ខ្លួនលោក ពូទីន មាន ១២៣ប្រទេស ដែលជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងបង្កើត ICC។ ចាប់តាំងពី ICC បានចេញដីកាចាប់ខ្លួនមក លោក ពូទីន មិនបានធ្វើដំណើរទៅប្រទេសដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងបង្កើត ICC នោះទេ លើកលែងប្រទេសទាំងនោះមិនទទួលស្គាល់ដីកា ICC ឬជាប្រទេសមិនមែនជាសមាជិករបស់ ICC។
ទោះយ៉ាងណា ប្រទេសភាគច្រើនស្ទើរតែទាំងអស់នៅអឺរ៉ុប បានព្រមានពីការចាប់ខ្លួនលោក ពូទីន បើបុរសខ្លាំងវិមានក្រឹមឡាំងរូបនេះទៅជាន់ដែនដីនៃប្រទេសដែលបានព្រមានហើយនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

