32 C
Phnom Penh

តើ​រដ្ឋការ​លោក ដូណាល់ ត្រាំ អាច​ផ្ដួល​របប​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា បាន​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នីកូឡា ម៉ាឌូរ៉ូ ដែល​កាន់​អំណាច​នៅ​វេណេហ្ស៊ុយអេឡា តាំងពី​ឆ្នាំ​២០១៣ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ម្ដង​ទៀត​កាលពី​សប្ដាហ៍​មុន ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដឹកនាំ​ប្រទេស​ហែកហួរ​ដោយ​ហិង្សា ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ បន្ត​កាន់​អំណាច ៦​ឆ្នាំ​ទៅ​មុខ​ទៀត។

ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​វេណេហ្ស៊ុយអេឡា ទោះ​ជា​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​ក្តី តែ​វា​ផ្ទុយ​នឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល ព្រោះ​ថា​លោក ម៉ាឌូរ៉ូ កាន់​អំណាច ២​អាណត្តិ​កន្លង​មក ហើយ​ថែម​មួយ​អាណត្តិ​ទៀត​នេះ សុទ្ធតែ​បាន​មកពី​ការ​វាយ​បំបាក់​ស្មារតី ឆន្ទៈ​ប្រជាជន ដែល​មិន​បាន​ជ្រើសរើស​ជន​ផ្ដាច់ការ​រូប​នេះ​ឱ្យ​ធ្វើ​មេដឹកនាំ​វេណេហ្ស៊ុយអេឡា នោះ​ទេ។

លោក ម៉ាឌូរ៉ូ និង​បក្ស​សង្គម​និយម​របស់​លោក ឈ្នះ​ឆ្នោត​បាន​មកពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត និង​គាបសង្កត់​សំឡេង​ប្រឆាំង។ ពិធី​ស្បថ​ចូល​កាន់​អំណាច​កាលពី​ថ្ងៃ​សុក្រ ទី​១០ មករា ជា​ជ័យជម្នះ​របស់​ពួក​ផ្ដាច់ការ តែ​ជា​បរាជ័យ​នៃ​កម្លាំង​ប្រជាធិបតេយ្យ​សកល។

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ម៉ាឌូរ៉ូ ប្រព្រឹត្ត​ទៅ​នៅ​ក្រោម​បរិយាកាស​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង ព្រោះ​ធ្វើឡើង​បន្ទាប់ពី​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ម៉ាឌូរ៉ូ ដែល​ពួកគេ​ចោទប្រកាន់​ថា​បាន​ប្លន់​ជ័យជម្នះ​ពី​គណបក្ស​ប្រឆាំង។ សមាជិក​នយោបាយ​គណបក្ស​ប្រឆាំង​ត្រូវ​ចាប់​ឃាត់​ខ្លួន​ថែមទៀត ចំណែក​ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ត្រូវ​ហាមឃាត់។

យ៉ាងណា លោក ម៉ាឌូរ៉ូ អះអាង​ថា ខ្លួន​ជា​អ្នក​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៤ ខណៈ​ដែល​ប្រទេស​វេណេហ្ស៊ុយអេឡា ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​ក្រុម​បស្ចិម​ប្រទេស មាន​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា សហភាព​អឺរ៉ុប រួម​នឹង​ប្រទេស​ក្នុង​តំបន់​អាមេរិកឡាទីន ជាដើម ដោយ​ចោទ​ថា​លោក ម៉ាឌូរ៉ូ ជា​មេដឹកនាំ​ខុស​ច្បាប់ ហើយ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​គ្រួសារ​លោក ម៉ាឌូរ៉ូ មន្ត្រី​ជាន់ខ្ពស់ និង​អ្នកជំនួញ​វេណេហ្ស៊ុយអេឡា ជាច្រើន​រយ​នាក់។

សហរដ្ឋ​អាមេរិក ក្រោម​រដ្ឋការ​របស់​លោក ចូ បៃដិន បាន​ប្រកាស​ទាត់ចោល​ជ័យជម្នះ​របស់​លោក ម៉ាឌូរ៉ូ តែ​ផ្ទុយទៅវិញ ទទួលស្គាល់​បេក្ខជន​មកពី​បក្ស​ប្រឆាំង គឺ​លោក Edmundo González ជា​បេក្ខជន​ឈ្នះ​ឆ្នោត ទោះបីជា​លោក González រត់​ចោល​ប្រទេស​ក៏ដោយ។ ក្នុង​ស្ថានភាព​នេះ រដ្ឋការ​លោក បៃដិន ដំឡើង​ថ្លៃ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ កើន​ដល់​ជិត​ពីរ​ដង។

រដ្ឋការ​លោក បៃដិន បាន​ប្រកាស​បន្ថែម​ប្រាក់​រង្វាន់​ដល់​ទៅ ២៥​លាន​ដុល្លារ​ទៅ​ឲ្យ​អ្នក​ណា​ដែល​ផ្តល់​ព័ត៌មាន​ឈាន​ទៅ​ចាប់​ខ្លួន ឬ​កាត់ទោស​លោក ម៉ាឌូរ៉ូ។ ជន​ផ្ដាច់ការ​វេណេហ្ស៊ុយអេឡា រូប​នេះ ត្រូវ​សហរដ្ឋ​អាមេរិក​ចោទប្រកាន់​ជា​យូរ​មក​ហើយ​ជា​មេ​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង។

ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​រង្វាន់ ១៥​លាន​ដុល្លារ​ដល់​អ្នក​ផ្តល់​ព័ត៌មាន និង​ការ​ឈាន​ដល់​ការ​ចាំ​ខ្លួន​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​វេណេហ្ស៊ុយអេឡា Vladimir Padrino ជា​រដ្ឋមន្ត្រី​របស់​លោក ម៉ាឌូរ៉ូ។ របប​លោក ម៉ាឌូរ៉ូ ឈរជើង​បាន​មក​ដល់​ពេលនេះ ដោយសារ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន រុស្ស៊ី និង​អ៊ីរ៉ង់។

តើ​រដ្ឋការ​លោក ដូណាល់ ត្រាំ អាច​ផ្ដួល​របប​លោក ម៉ាឌូរ៉ូ បាន​ឬ​ទេ?

កាលពី​ក្នុង​អាណត្តិ​ដំបូង​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ លោក ត្រាំ បាន​ដាក់​សម្ពាធ​ខ្លាំង​ណាស់​ទៅ​លើ​របប​លោក ម៉ាឌូរ៉ូ ដែល​សឹងតែ​លើក​ទ័ព​ចូល​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ទៀត​ផង។ តែ​នៅ​ពេល​បាត់បង់​អាណត្តិ រដ្ឋការ​អាមេរិកាំង​បាន​ធ្លាក់​ទៅ​លើ​លោក ចូ បៃដិន។ រដ្ឋការ​លោក បៃដិន មិន​សូវ​គាបសង្កត់​លោក ម៉ាឌូរ៉ូ ខ្លាំង​ពេក​ទេ ប៉ុន្តែ​នៅ​បន្ត​រក្សា​ឈ្មោះ​លោក ម៉ាឌូរ៉ូ ក្នុង​បញ្ជីខ្មៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ចូល​សហរដ្ឋ​អាមេរិក។

អ្នក​សង្កេតការណ៍​ថា បើ​តម្លៃ​លោក ម៉ាឌូរ៉ូ នៅតែ​មាន​តម្លៃ​ទៀត ទំនង​រដ្ឋការ​លោក ត្រាំ អាច​បញ្ចប់​របប​លោក ម៉ាឌូរ៉ូ ព្រោះ​លោក ត្រាំ មាន​ពេល​ដល់ ៤​ឆ្នាំ​ដើម្បី​ទូទាត់​ជាមួយ​នឹង​លោក ម៉ាឌូរ៉ូ ក្នុង​ផែនការ​ទាញ​របប​ផ្ដាច់ការ​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​ពី​អំណាច។ ជា​ការពិត លោក ត្រាំ ចាត់ទុក​លោក ម៉ាឌូរ៉ូ ជា​សត្រូវ​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា ប្រទេស​វេណេហ្ស៊ុយអេឡា ជា​ប្រទេស​ផលិត​ប្រេងកាត​ដែល​មាន​ក្រុមហ៊ុន​ប្រេង​អាមេរិកាំង ExxonMobil ធ្លាប់​រកស៊ី​ជាមួយ មុន​ធ្វើ​ជាតូបនីយកម្ម​ឧស្សាហកម្ម​ប្រេងឥន្ធនៈ ដោយ​ប្រធានាធិបតី Hugo Chavez។ ប្រេងឥន្ធនៈ​ដឹក​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា ទៅ​កាន់​សហរដ្ឋ​អាមេរិក មាន​តម្លៃ​ថោក​ជាង​ប្រេង​ដឹក​ពី​មជ្ឈិមបូព៌ា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស