27.4 C
Phnom Penh

លោក ហ៊ុន សែន ទម្លាយ​លិខិត​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លិខិត​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម​លើ​សមាជិក​សភា​បក្ស​ប្រឆាំង លោក លិម គិមយ៉ា ខណៈ​លិខិត​នេះ​ត្រូវ​បាន​ធ្វើឡើង​តាំងពី​ជិត ១​ឆ្នាំ​មុន​មក​ម្ល៉េះ។

លិខិត​បញ្ចប់​តំណែង​លោក លី រតនៈរស្មី ជា​ទីប្រឹក្សា ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​១៧ មករា នេះ ដោយ​បញ្ជាក់​ថា បញ្ចប់​តំណែង​នេះ​ព្រោះតែ​សាមី​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​ផ្ទុយ​នឹង​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស។

កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ លោក លី រតនៈរស្មី ដែល​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ថៃ ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​យោង​តាម​លិខិត​មួយ​ផ្សេង​ទៀត​បញ្ជាក់​ថា លោក លី រតនៈរស្មី ត្រូវ​បាន​លោក ហ៊ុន សែន បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​នេះ​តាំងពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ មក​ម្ល៉េះ ប៉ុន្តែ​លិខិត​នេះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ រហូត​ទាល់តែ​លោក លី រតនៈរស្មី ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពេលនេះ​តែម្តង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ មករា នេះ​ថា លិខិត​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី បង្កប់​នូវ​មន្ទិល​សង្ស័យ​ជាច្រើន​ចំពោះ​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។

លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ការ​ចុះ​កាលបរិច្ឆេទ​នៃ​លិខិត​បញ្ចប់​តំណែង​នេះ ព្រោះ​បើ​លិខិត​នេះ​ត្រូវ​ចុះ​កាលបរិច្ឆេទ​តាំងពី​ឆ្នាំ​មុន​មែន ហេតុ​អ្វី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បែរជា​មក​ផ្សព្វផ្សាយ​ក្រោយ​គេ​រក​ឃើញ​ថា​លោក លី រតនៈរស្មី ជាប់​ក្នុង​អំពើ​ឃាតកម្ម​នា​ពេលនេះ​ទៅវិញ។

ជាង​នេះ​ទៀត ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់ គេ​ត្រូវ​ត្រួតពិនិត្យ​ក្បាល​បញ្ជី​របស់​គណបក្ស​ថា​ពិត​ជា​បាន​សរសេរ​ចូល​នូវ​កាលបរិច្ឆេទ​នេះ​មែន​ឬ​ក៏​អត់ នោះ​ទើប​អាច​បញ្ជាក់​បាន​ថា កាលបរិច្ឆេទ​លើ​លិខិត​នេះ​គឺជា​ការពិត។

ប្រធាន​អង្គការ​រូប​នេះ​ព្រមាន​ថា បើ​មាន​ការ​កែប្រែ​កាលបរិច្ឆេទ​មែន នោះ​គឺ​អាច​បញ្ជាក់​កាន់តែ​ច្បាស់​ថា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពិត​ជា​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ​ប្រាកដ​មែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស