27.5 C
Phnom Penh

លោក ត្រាំ វិល​ចូល​សេតវិមាន៖ គេ​បារម្ភ​ថា​លោក​បង្ខំ​អ៊ុយក្រែន​ឱ្យ​ទទួល​សន្តិភាព​ពី​លោក ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃ​ចន្ទ ទី​២០ ខែ​មករា នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​ត្រូវ​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី​ទី​៤៧ ក្រោយពី​លោក​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​២ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ជ័យជម្នះ​បាន​ទៅ​លើ​លោក ចូ បៃដិន ខាង​បក្ស​ប្រជាធិបតេយ្យ។

ប្រជាជន អ្នក​នយោបាយ អ្នកជំនួញ​អាមេរិកាំង រួម​នឹង​មេដឹកនាំ​ពិភពលោក ទន្ទឹង​រង់ចាំ​ការ​វិល​វិញ​នៃ​លោក ត្រាំ ទៅ​សេតវិមាន​រយៈពេល ៤​ឆ្នាំ​ទៅ​មុខ ចាប់ពី​ថ្ងៃទី​២០ ខែ​មករា នេះ​ទៅ ថា​តើ​នឹង​មាន​គោលនយោបាយ​ប្លែក​ដូចម្តេច​ខ្លះ។

លោក ត្រាំ ជា​បេក្ខជន​ពី​បក្ស​សាធារណរដ្ឋ​បែប​ថ្មី​នៃ​ក្រុម​ម៉ាហ្គា (MAGA=Make America Great Again) ដែល​បាន​ឈ្នះ​ឆ្នោត​លើ​បេក្ខជន​ស្ត្រី​ពី​បក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី កាម៉ាឡា ហារីស នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ក្រោយពី​លោក ត្រាំ ឈ្នះ​ឆ្នោត លោក ចូ បៃដិន បាន​ជួប​លោក ត្រាំ នៅ​សេតវិមាន​មុន​ផ្ទេរ​តំណែង ដោយ​សុំ​ឲ្យ​លោក ត្រាំ ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​របប​ក្រុង​មូស្គូ ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉្លាឌីមៀ ពូទីន ដែល​លើក​ទ័ព​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក បៃដិន ក៏​បាន​សុំ​ឱ្យ​លោក ត្រាំ បន្ត​គាំទ្រ​ប្រទេស​អ៊ុយក្រែន ដូច​នឹង​រដ្ឋការ​របស់​លោក គឺ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​លោក ពូទីន ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន ឱ្យ​សោះ។ មិន​ថា​ឡើយ​តែ​លោក បៃដិន ម្នាក់​ទេ តែ​ជាមួយ​គ្នា​នេះ ឧត្ដមសេនីយ៍​អាមេរិកាំង​ខ្លះ​បារម្ភ​ក្រែង​លោក ត្រាំ ត្រូវរ៉ូវ​ជាមួយ​លោក ពូទីន ជ្រុល​ពេក ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ឥទ្ធិពល​ពី​ប្រទេស​មហាអំណាច​ទី​១ នៃ​ពិភពលោក ដែល​សហរដ្ឋ​អាមេរិក​កាន់​តំណែង​នេះ​តាំងពី​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

នៅ​ថ្ងៃ​នេះ បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​នូវ​សម្រង់​សម្ដី​លោក Ben Hodges អតីត​អគ្គមេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​អឺរ៉ុប ដែល​ឧត្ដមសេនីយ៍​ជើងចាស់​នេះ​បាន​ព្រមាន​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក គួរតែ​ជៀសវាង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រោះ​វា​អាច​ប្រឈមមុខ​នឹង​សង្គ្រាម​ពិភពលោក​មួយ​ផ្សេង​ទៀត។

តាម​លោក​ឧត្ដមសេនីយ៍ Ben Hodges លោក ត្រាំ មិន​ត្រូវ​បង្ខំ​អ៊ុយក្រែន ឱ្យ​ទទួលយក​សន្តិភាព​ពី​រុស្ស៊ី និង​លោក ពូទីន ដែល​លោក​ថា​កិច្ចព្រមព្រៀង​ណា​មួយ​ដែល​រុស្ស៊ី ឈ្នះ​អ៊ុយក្រែន នឹង​ធ្វើ​ឱ្យ​រុស្ស៊ី មាន​អំនួត ព្រោះ​រុស្ស៊ី វាយ​យក​បាន​ទឹកដី​ពី​អ៊ុយក្រែន។

យោង​តាម​លោក Ben Hodges តាមរយៈ​អំនួត​នេះ លោក ពូទីន និង​រុស្ស៊ី កាន់តែ​មាន​មហិច្ឆតា​ខ្លាំង​ថែម​ទៀត ហើយ​រយៈពេល​ពីរ​ឆ្នាំ​ទៀត រុស្ស៊ី​អាច​នឹង​បើក​ការ​វាយប្រហារ​មិន​ត្រឹមតែ​អ៊ុយក្រែន ប៉ុណ្ណោះ​ទេ ថែមទាំង​វាយប្រហារ​ទៅ​លើ​ប្រទេស​ណាតូ​ទៀត​ផង។

លោក​ឧត្ដមសេនីយ៍ Ben Hodges បាន​បង្ហាញ​ទុទ្ទិដ្ឋិនិយម​ថា លោក ពូទីន ក៏​នឹង​កំណត់​គោលដៅ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប ក៏​ជា​គោលដៅ​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល​អន្តរទ្វីប​ពី​ក្រុង​មូស្គូ ដែរ។

សម្រាប់​លោក Ben Hodges មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​សង្គ្រាម គឺ​បំផ្លាញ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ដែល​សេដ្ឋកិច្ច​រុស្ស៊ី កំពុង​ឈាន​ទៅ​រក​ការ​ដួល​រលំ​ព្រោះតែ​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​យ៉ាង​ធ្ងន់ធ្ងរ។ សារព័ត៌មាន​បស្ចិម​ប្រទេស​ផ្សាយ​ចុង​សប្តាហ៍​មុន​ថា ឃ្លាំង​ហិរញ្ញវត្ថុ​រុស្ស៊ី នឹង​អស់​ទុន​យ៉ាង​យូរ​បំផុត​ត្រឹម​រដូវ​ក្តៅ​ឆ្នាំ​២០២៥ នេះ។

លោក Ben Hodges ដែល​លើកឡើង​ពី​ផលវិបាក​សេដ្ឋកិច្ច​របស់​រុស្ស៊ី ទំនង​លោក​ផ្អែកលើ​ការ​ព្យាករ​របស់​សេដ្ឋវិទូ​ជនជាតិ​អង់គ្លេស​ម្នាក់ គឺ​សេដ្ឋវិទូ Roger Bootle ដែល​ព្រមាន​ថា សេដ្ឋកិច្ច​របស់​រុស្ស៊ី នៅ​សល់​ពេល​រង់ចាំ​ក្រឡាប់​ប៉ុណ្ណោះ ព្រោះ​អត្រា​អតិផរណា​លើ​ទីផ្សារ​កំពុង​ហក់​ឡើង​ខ្លាំង ខណៈ​មនុស្ស​អត់​ការងារ​កាន់តែ​កើន​ឡើង ស្រប​ពេល​ទណ្ឌកម្ម​ពី​ប្រទេស​ប្រឆាំង​សង្គ្រាម​ដែល​រួម​គ្នា​ដាក់​ទៅ​លើ​ក្រុង​មូស្គូ មាន​រហូត​ដល់​ទៅ ២​ពាន់​គោលដៅ ទ្រព្យសម្បត្តិ​រុស្ស៊ី នៅ​បរទេស​រាប់​ពាន់​លាន​ដុល្លារ ក៏​ត្រូវ​គេ​បិទ​ខ្ទប់ ឬ​រឹបអូស​យក​ទៅ​ជួយ​ប្រទេស​អ៊ុយក្រែន ទៀត។

បន្ទាប់ពី​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត លោក ដូណាល់ ត្រាំ បាន​បញ្ចេញ​ផែនការ​បង្កើត​កិច្ចចរចា​សន្តិភាព​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ដើម្បី​ឱ្យ​សង្គ្រាម​ឆាប់​បិទ​បញ្ចប់។

ទោះជា​បែប​នេះ​ក្ដី គេ​នៅតែ​មិន​ប្រាកដប្រជា​ថា តើ​លោក ត្រាំ នឹង​បញ្ចុះបញ្ចូល​ទីក្រុង​មូស្គូ ឱ្យ​ទទួលយក​ការ​បញ្ចប់​សង្គ្រាម ហើយ​ប្រគល់​សន្តិភាព​ទៅ​ឱ្យ​អ៊ុយក្រែន តាម​វិធី​អ្វី​ខ្លះ​នោះ​ទេ ខណៈ​មាន​ការ​ព្យាករ​ថា លោក ត្រាំ អាច​នឹង​ពិចារណា​លើ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​សម្របសម្រួល​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ខ្លះ​ទៅ​ឱ្យ​រុស្ស៊ី នៅ​តំបន់​ដែល​ទ័ព​រុស្ស៊ី កំពុង​វាយ​កាន់កាប់​បាន​ពី​កងទ័ព​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស