28.4 C
Phnom Penh

លោក មុត ចន្ថា ចាត់ទុក​សម្ដី​លោក ហ៊ុន ម៉ាណែត ដូច​កូនក្មេង​មិន​ទាន់​ផ្ដាច់​ទឹកដោះ​ករណី​ឃាតកម្ម​លោក លិម គឹមយ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) លោក លី រតនៈរស្មី លោក ពេជ្រ គឹមស្រ៊ិន និង​ជន​ដៃ​ដល់​ជា​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi)

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចាត់ទុក​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ដែល​ថា​ការ​ចាប់​បញ្ជូន​ឃាតករ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ បង្ហាញ​ថា​កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា គឺជា​សម្ដី​កូនក្មេង​មិន​ទាន់​ផ្តាច់​ទឹកដោះ។

នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ស្តាប់​លោក ហ៊ុន ម៉ាណែត និយាយ​មួយ​ភ្លែត​ដូចជា​ទំនង​ដែរ ប៉ុន្តែ​ប្រសិនបើ​ពិចារណា​បន្តិច​នោះ នឹង​ដឹង​ថា​ឃាតករ​ជនជាតិ​ថៃ រត់​ចូល​ប្រទេស​កម្ពុជា​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។

លោក មុត ចន្ថា លើកឡើង​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ឃាតករ​ជនជាតិ​ថៃ រត់​ចូល​ប្រទេស​កម្ពុជា​ដើម្បី​គេច​ខ្លួន​នោះ​ទេ ប៉ុន្តែ​ការ​ដែល​ឃាតករ​រត់​ចូល​មក​ស្រុក​ខ្មែរ​បែប​នេះ ទំនង​ជា​អាច​មាន​កិច្ចព្រមព្រៀង​នៅ​មុន​ពេល​អនុវត្ត​ផែនការ​រវាង​ឃាតករ និង​មេខ្លោង​នៅ​ពីក្រោយ​ដោយ​សន្យា​ផ្តល់​ការពារ ជាដើម។

លោក​បន្ត​ថា ប្រសិនជា​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ជា​មុន​ទេ វា​គ្មាន​ហេតុផល​គួរ​ឱ្យ​ជឿ​ណា​មួយ​ដែល​ឃាតករ​បាញ់​សម្លាប់​អ្នក​នយោបាយ​ខ្មែរ ហើយ​រត់​ចូល​ទឹកដី​ខ្មែរ​ទេ ហើយ​ថែមទាំង​មាន​មនុស្ស​រង់ចាំ​ជម្លៀស​ឃាតករ​ចូល​ទៅ​កាន់​ទឹកដី​ខ្មែរ​ថែម​ទៀត​ផង។

លោក​បន្ត​ទៀត​ថា ការ​មិន​ចាប់​ខ្លួន​លោក ពេជ្រ គឹមស្រ៊ិន និង​លោក លី រតនៈរស្មី បញ្ជូន​ឱ្យ​អាជ្ញាធរ​ថៃ រឹតតែ​ធ្វើ​ឱ្យ​រាជាណាចក្រ​កម្ពុជា​ជាប់​ឈ្មោះ​មិន​ល្អ​កាន់តែ​ខ្លាំង​ក្នុង​រឿង​នេះ ដែល​មិន​អាច​លាង​ជ្រះ​ឡើយ ក្នុង​នោះ​ក៏​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ប្រហែល​ក្លាយ​ជា​ចំណី​សត្វ​ក្រពើ ឬ​កំពុង​ត្រូវ​បាន​លាក់​បំពួន​ដោយ​នរណា​ម្នាក់​ផង​ដែរ ទើប​ពួកគេ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ប្រទេស​កម្ពុជា​បែប​នេះ។

លោក មុត ចន្ថា បញ្ជាក់​ថា តុលាការ​បារាំង ក៏​កំពុង​ស៊ើបអង្កេត​សំណុំរឿង​ឧក្រិដ្ឋកម្ម​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​ដែរ ចំណែកឯ​រដ្ឋាភិបាល​ថៃ ក៏​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពី​រដ្ឋាភិបាល​បារាំង និង​គណបក្ស​ប្រឆាំង​ថៃ ថែម​ទៀត ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូនស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​មិន​លម្អៀង​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ឡើងវិញ។

កាលពី​ថ្ងៃទី​២០ ខែ​មករា លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​បដិសេធ​ថា ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​លោក លិម គិមយ៉ា ឡើយ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​នៅ​ពីក្រោយ​សំណុំរឿង​នេះ​មែន នោះ​អាជ្ញាធរ​កម្ពុជា​នឹង​មិន​បញ្ជូន​ជន​ដៃ​ដល់​ជា​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ទៅ​ឱ្យ​ភាគី​ថៃ ដើម្បី​សួរ​ចម្លើយ​វិញ​ទេ ព្រោះ​រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បំបិទ​រឿង​នេះ។

ទោះជា​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​មក គឺ​មាន​រយៈពេល ២០​ថ្ងៃ​ហើយ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ចាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង​ឈ្មោះ លី រតនៈរស្មី បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ សាកសួរ​ដើម្បី​វែក​មុខ​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៅឡើយ​ទេ ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​គេ​ដឹង​ថា​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស