នៅទីបំផុត ប្រធានាធិបតីប្រទេសប៉ាណាម៉ា Jose Raul Mulino បានសន្យាថាបញ្ចប់កិច្ចព្រមព្រៀងជាមួយចិន អំពីការបើកសិទ្ធិឱ្យចិន កាន់កាប់ភាគហ៊ុនលើការយកថ្លៃសេវានាវាដែលបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ជាមួយនឹងការបើកសិទ្ធិឱ្យនាវាចម្បាំងសហរដ្ឋអាមេរិក ឆ្លងកាត់ព្រែកជីកនេះដោយសេរីទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៃគេហទំព័រ san.com នៃប្រទេសប៉ាណាម៉ា នៅថ្ងៃទី៤ កុម្ភៈ នេះ។
ចិន បានដាក់ទុនលើការកាន់កាប់ភាគហ៊ុនដឹកជញ្ជូនឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ក្រោមគម្រោងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ។ ក្នុងគម្រោងនេះ ចិនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ហើយក្រុមហ៊ុនចិន CK Hutchinson ដែលមានមូលដ្ឋាននៅក្រុងហុងកុង ក៏ជាចំណែកមួយផងដែរក្នុងកិច្ចសន្យា ២៥ឆ្នាំ។
ក្រោមឥទ្ធិពលចិន ជះលុយពាន់លានដុល្លារក្រោមគម្រោងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ ប្រទេសប៉ាណាម៉ា ដែលធ្លាប់មានទំនាក់ទំនងជាមួយអាជ្ញាធរកោះតៃវ៉ាន់ ក៏បានផ្ដាច់ទំនាក់ទំនងនឹងដែនកោះដែលចិន អះអាងថាជាដែនដីរបស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក Mike Waltz បានហៅជំហររបស់លោកប្រធានាធិបតីប៉ាណាម៉ា ថាជាទង្វើល្អ និងវិជ្ជមាន ក្នុងផ្លូវត្រូវរបស់ប្រទេសប៉ាណាម៉ា តែលោក Mike Waltz នៅតែមិនអស់ចិត្តថាតើប្រទេសប៉ាណាម៉ា មានអ្វីនៅពីក្រោយដែលប្រធានាធិបតីប្រទេសនេះលោក Jose Raul Mulino ប្រញាប់ចេញមុខបង្ហាញជំហរទន់ភ្លន់ខុសពីប៉ុន្មានថ្ងៃមុនដែលលោក Raul Mulino ប្រកាន់ជំហរខ្លាំងប្រឆាំងនឹងគោលបំណងរបស់រដ្ឋការលោក ត្រាំ ដោយបានទាញឱ្យចិន ថ្កោលទោសសហរដ្ឋអាមេរិកទៀតផង។
តើអ្វីនាំឱ្យប្រធានាធិបតីប្រទេសប៉ាណាម៉ា ប្ដូរចិត្តលឿនដូចនេះ?
កាលពីថ្ងៃអាទិត្យ ទី២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានទាមទារឱ្យប៉ាណាម៉ា «ធ្វើការផ្លាស់ប្ដូរជាបន្ទាន់» ចំពោះអ្វីដែលលោក Rubio ហៅថា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ចិន លើព្រែកជីកប៉ាណាម៉ា បើពុំនោះទេ ប៉ាណាម៉ាប្រឈមមុខវិធានការក្ដៅពីក្រុងវ៉ាស៊ីនតោន។
ប្រមុខការទូតសហរដ្ឋអាមេរិក បាននិយាយថា ប៉ាណាម៉ាត្រូវតែធ្វើសកម្មភាព បើមិនដូច្នេះទេ អាមេរិកនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្ដេជ្ញាថានឹងយកព្រែកជីកឡើងវិញ។
ក្នុងសន្និសីទសារព័ត៌មាន លោក Mulino បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនបន្តកិច្ចព្រមព្រៀងជាមួយប្រទេសចិន លើ «គំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ» ទៀតនោះទេ ដែលមានតាំងពីឆ្នាំ២០១៧។
នៅក្នុងការប្រកាសនៅលើបណ្ដាញទំនាក់ទំនង X កាលពីព្រឹកថ្ងៃចន្ទ ទី៣ កុម្ភៈ ខណៈដែលកំពុងរៀបចំចាកចេញពីប្រទេសប៉ាណាម៉ា លោក Rubio បានហៅថាជា «ជំហានឆ្ពោះទៅមុខដ៏អស្ចារ្យ»។
តែជាមួយគ្នានេះ លោក Mulino បង្ហាញជំហរទន់បន្តិចថា លោកមិនបានឃើញការគំរាមកំហែងធ្ងន់ធ្ងររបស់កម្លាំងយោធាអាមេរិកក្នុងការដណ្តើមយកព្រែកជីកនោះទេ។ លោកថា លោកបានស្នើសុំកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយកង្វល់របស់លោក Trump អំពីឥទ្ធិពលរបស់ចិន។
ប៉ុន្តែការប្ដេជ្ញារបស់លោក Trump ក្នុងការដណ្តើមយកព្រែកជីកនេះឡើងវិញ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្នុងប្រទេសប៉ាណាម៉ា។ ក្រុមអ្នកតវ៉ានៅទីក្រុងប៉ាណាម៉ា បានដុតរូបសំណាករបស់លោក Trump និងលោក Rubio។ ប៉ូលិសប្រឆាំងកុបកម្មបានចូលទៅក្នុងហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបំបែកហ្វូងមនុស្សចេញឆ្ងាយ។ ការលើកឡើងរបស់លោក ត្រាំ អំពីព្រែកជីកនេះ រួមមានការសង្ស័យថាមានទ័ពចិន កំពុងប្រតិបត្តិការនៅតំបន់ព្រែកជីកប៉ាណាម៉ា។
តាមពិត ផ្លូវទឹកនេះគឺជាកម្មសិទ្ធិ និងដំណើរការដោយរដ្ឋាភិបាលប៉ាណាម៉ា ក្រោមសន្ធិសញ្ញាដែលប្រទេសប៉ាណាម៉ា ប្រកាន់យកគោលការណ៍អព្យាក្រឹត្យ ដោយបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៩ ពេលដែលអាមេរិកប្រគល់ព្រែកជីកនេះឱ្យប៉ាណាម៉ា គ្រប់គ្រង។
យ៉ាងណាមិញ ក្រុមហ៊ុនចិន បានវិនិយោគច្រើននៅកំពង់ផែ និងស្ថានីយនៅតំបន់ព្រែកជីក។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដំណើរការកំពង់ផែចំនួន ២ ក្នុងចំណោមកំពង់ផែទាំង ៥ នៅជិតច្រកចូលព្រែកជីកនេះ។
តែយ៉ាងណា គេនៅចងចាំព្រឹត្តិការណ៍មួយនៃការលុកលុយរបស់កងទ័ពសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៩ លើប្រទេសប៉ាណាម៉ា ដោយបានទម្លាក់ប្រធានាធិបតី Manuel Noriega ក្រោមហេតុផលដែលក្រុងវ៉ាស៊ីនតោន ចោទលោក Manuel Noriega ជាមេបណ្ដាញរត់ពន្ធគ្រឿងញៀនចូលដែនដីសហរដ្ឋអាមេរិក។ ក្នុងព្រឹត្តិការណ៍នោះ កងម៉ារីនសហរដ្ឋអាមេរិក និងកងទ័ពឆត្រយោងបានផ្ដួលការដឹកនាំរបស់លោក Manuel Noriega ហើយបានចាប់ខ្លួនលោក Manuel Noriega ទៅកាត់ទោសនៅលើទឹកដីសហរដ្ឋអាមេរិកទៀតផង។
តើស្រមោលអតីតកាលនៃអតីតប្រធានាធិបតីប៉ាណាម៉ា លោក Manuel Noriega កំពុងតែបន្លាចលោក Jose Raul Mulino ប្រធានាធិបតីប៉ាណាម៉ា បច្ចុប្បន្ននេះឱ្យខ្លបខ្លាចសហរដ្ឋអាមេរិកមែនដែរទេ?៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

