36.7 C
Phnom Penh

ប្រធានាធិបតី​បារាំង​ប្រាប់​លោក ត្រាំ ថា​សន្តិភាព​មិន​មែន​មាន​ន័យ​ជា​ការ​ចុះចាញ់​របស់​អ៊ុយក្រែន​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​បារាំង លោក Emmanuel Macron ព្រមាន​ថា សន្តិភាព​មិន​អាច​មាន​ន័យ​ស្មើ​នឹង​បង្ខំ​អ៊ុយក្រែន ត្រូវ​ទម្លាក់​អាវុធ​ចុះចាញ់​ចំពោះ​អ្នក​ឈ្លានពាន​ឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក Macron បាន​លើកឡើង​ដូចនេះ​នៅ​ក្រោយ​ជំនួប​ក្នុង​សេតវិមាន​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ កុម្ភៈ ជា​ថ្ងៃ​គម្រប់​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន និង​ស្រប​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី អំពាវនាវ​ឱ្យ​មាន​សន្តិភាព​នៅ​ចំ​ថ្ងៃ​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​របស់​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ជួប​មេដឹកនាំ​អឺរ៉ុប​ជាច្រើន​នាក់​នៅ​ឯ​ទីក្រុង​គៀវ ហើយ​ជំនួប​នេះ​ក៏​ចំ​ពេល​មាន​ការ​ព្រួយបារម្ភ​ថា លោក ត្រាំ កំពុង​លម្អៀង​ទៅ​រក​រុស្ស៊ី ដោយ​វាយ​សំពង​សម្ព័ន្ធមិត្ត​អឺរ៉ុប និង​ប្រមាថ​លោក ហ្សេឡេនស្គី ថា​ជា​មេដឹកនាំ​ផ្ដាច់ការ។

ក្នុង​ស្ថានភាព​ដូចនេះ​ហើយ​ដែល​លោក​ប្រធានាធិបតី​បារាំង បាន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​លោក ត្រាំ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​លោក​ប្រកាស​ពី​ការ​ត្រៀម​លក្ខណៈ​បន្ត​ការ​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​រុស្ស៊ី ឡើងវិញ ហើយ​បាន​បើក​កិច្ចពិភាក្សា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន ជាមួយ​ទីក្រុង​មូស្គូ ដោយ​គ្មាន​វត្តមាន​អឺរ៉ុប និង​អ៊ុយក្រែន។

ប្រភព​ព័ត៌មាន​ដដែល​នេះ​បន្ត​ថា លោក ត្រាំ និង​លោក Macron បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​លើ​វិធីសាស្ត្រ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ទោះបីជា​យល់ព្រម​លើ​គំនិត​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព​អឺរ៉ុប​ក៏ដោយ។

ប្រធានាធិបតី ត្រាំ ចង់បាន​បទ​ឈប់​បាញ់​ឆាប់​រហ័ស និង​បង្ហាញ​ពី​លទ្ធភាព​ជួប​ជាមួយ​លោក ពូទីន តែ​លោក Macron បាន​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ថា​គេ​ត្រូវ​រាប់​ពី​បទ​ឈប់​បាញ់ រហូត​មាន​កិច្ចព្រមព្រៀង​សន្តិភាព ត្រូវ​រួម​បញ្ចូល​ការ​ធានា​សន្តិសុខ និង​គោរព​អធិបតេយ្យភាព​អ៊ុយក្រែន ច្បាស់លាស់ និង​រឹងមាំ។

បើ​តាម​លោក Macron ពិត​ជា​ត្រូវការ​សន្តិភាព​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​មិន​ចង់បាន​កិច្ចព្រមព្រៀង​ដែល​ងាយ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ម្ដង​ទៀត​នោះ​ទេ។ នេះ​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​មួយ​រវាង​លោក ត្រាំ និង​លោក Macron។

ទោះបីជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្ដី ក៏​មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​លើ​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព​អឺរ៉ុប ក្រោយ​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព។

លោក Macron បាន​ប្រាប់​លោក ត្រាំ ថា កងកម្លាំង​ទាំងនោះ​នឹង​មិន​ដាក់​ពង្រាយ​នៅ​ជួរមុខ​ឡើយ ប៉ុន្តែ​នឹង​ដើរ​តួនាទី​ក្នុង​ការ​ធានា​សន្តិសុខ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក៏​បាន​អះអាង​ទៀត​ថា លោក ពូទីន ក៏​បាន​យល់ព្រម​ចំពោះ​គំនិត​នេះ​ផង​ដែរ។ តាម​លោក ត្រាំ លោក ពូទីន បាន​ឆ្លើយ​ដូចនេះ​ចំពោះ​ការ​សួរ​របស់​លោក​ដែល​ធ្វើ​ឡើង​តាម​ខ្សែ​ទូរសព្ទ​កាលពី​សប្ដាហ៍​មុន។

ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កុម្ភៈ ថា បណ្ដា​ប្រទេស​អឺរ៉ុប រួម​ទាំង​ប្រទេស​ដទៃ​ទៀត អាច​ចូលរួម​ក្នុង​កិច្ចចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន ចំពោះ​មុខ​ការ​ព្រួយបារម្ភ​របស់​អ៊ុយក្រែន និង​អឺរ៉ុប ខ្លាច​ថា​ពួកគេ​អាច​នឹង​ត្រូវ​បាន​ផាត់​ចេញពី​កិច្ចចរចា។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ត្រូវ​បាន​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី លោក ពូទីន បាន​បង្ហាញ​ពី​ការ​យល់ស្រប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ លើ​ចំណុច​ជាច្រើន ប៉ុន្តែ​បាន​និយាយ​ថា​បណ្ដា​ប្រទេស​អឺរ៉ុប​ក៏​អាច​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ជួយ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ផង​ដែរ។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​ថា តើ​រូបលោក​យល់​យ៉ាងណា​ចំពោះ​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល​កំពុង​ទទូច​ពី​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ចចរចា​ស្ដីពី​អ៊ុយក្រែន។ លោក ពូទីន បន្ត​ថា ជា​ការពិត​ណាស់ គ្មាន​នរណា​ម្នាក់​អាច​ទាមទារ​អ្វី​មួយ​នៅ​ពេលនេះ​ពី​រុស្ស៊ី បាន​ទេ ប៉ុន្តែ​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​នីតិវិធី​នៃ​កិច្ចចរចា គឺ​ស្ថិត​នៅ​ក្នុង​តម្រូវការ​ចាំបាច់។ បន្ថែម​ទៀត​នេះ លោក ពូទីន បាន​បញ្ជាក់​ថា បណ្តា​ប្រទេស​អឺរ៉ុប​ខ្លួនឯង​ទេ​ដែល​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។

លោក ពូទីន បាន​សង្កត់​ធ្ងន់​ថា កិច្ចចរចា​រុស្ស៊ី-អាមេរិក កាលពី​សប្តាហ៍​មុន នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​គ្មាន​វត្តមាន​អឺរ៉ុប និង​អ៊ុយក្រែន គឺ​មាន​គោលដៅ​ពង្រឹង​ទំនុកចិត្ត​ទៅវិញ​ទៅមក​រវាង​ក្រុង​មូស្គូ និង​ក្រុង​វ៉ាស៊ីនតោន។

នៅ​ក្នុង​បទសម្ភាសន៍​ដដែល​នេះ មេដឹកនាំ​រុស្ស៊ី បាន​ចាត់ទុក​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថា​ជា​បុគ្គល​ពិសពុល។

លោក ពូទីន ចោទ​លោក ហ្សេឡេនស្គី ថា​ចេះតែ​គេច​មិន​ព្រម​ចរចា គឺ​តាំងពី​ការ​ចរចា​កាលពី​ខែ​តុលា ឆ្នាំ​២០២២។ លោក ពូទីន ថា​ពេល​នោះ បើ​លោក ហ្សេឡេនស្គី នៅ​បន្ត​ការ​ចរចា គឺ​សង្គ្រាម​ក៏​មិន​រីក​រាលដាល​ខ្លាំង​ដូចនេះ​ដែរ។ ទាំង​លោក ពូទីន និង​លោក ត្រាំ សុទ្ធតែ​បាន​ហៅ​លោក ហ្សេឡេនស្គី ជា​មេដឹកនាំ​ខុស​ច្បាប់ ហើយ​បាន​ទាមទារ​អ៊ុយក្រែន គួរតែ​មាន​ការ​បោះឆ្នោត​ឡើងវិញ បើ​ពុំ​នោះ​ទេ មេដឹកនាំ​អ៊ុយក្រែន មិន​មាន​ភាព​ស្មើ​មុខ​នៅ​ឯ​តុ​ចរចា​នោះ​ទេ។

កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ចំ​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​របស់​រុស្ស៊ី រដ្ឋសភា​អ៊ុយក្រែន ជា​ថ្មី​ម្តង​ទៀត​បាន​អនុម័ត​គាំទ្រ​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ជាប់​ឆ្នោត​ដោយ​សេរី តម្លាភាព និង​ប្រកប​ដោយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩។

សេចក្តី​សម្រេច​ដែល​គាំទ្រ​ជា​ឯកច្ឆន្ទ​ដោយ​សមាជិក​សភា​ចំនួន ២៦៨​នាក់ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ដោយ​បាន​បន្ថែម​ទៀត​ថា អាណត្តិ​របស់​លោក ហ្សេឡេនស្គី អាច​បន្ត​រហូត​សង្គ្រាម​ត្រូវ​បាន​បិទ​បញ្ចប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស