មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC) ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា នេះថា ក្នុងរយៈពេល ១សប្តាហ៍ កម្ពុជាមានភ្លើងឆេះព្រៃ ឬចំណុចឆេះជាង ៦០០ករណី ហើយខេត្តដែលមានករណីភ្លើងឆេះព្រៃច្រើនជាងគេ គឺខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។
ក្រសួងបរិស្ថានកម្ពុជា បានចេញផ្សាយនូវទិន្នន័យរបស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) នៅថ្ងៃទី២៤ មីនា ស្ដីពីករណីភ្លើងឆេះព្រៃនៅកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ មីនា គឺក្នុងរយៈពេល ១សប្តាហ៍ កម្ពុជាមានភ្លើងឆេះព្រៃ ឬចំណុចឆេះចំនួន ៦៦២ករណី ក្នុងនោះចំនួន ២៤០ករណីបានកើតឡើងនៅក្នុងថ្ងៃទី២២ មីនា។
តាមទិន្នន័យដដែលបានឲ្យដឹងថា ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសឡាវ និងវៀតណាម ត្រូវបានគេរកឃើញមានករណីភ្លើងឆេះព្រៃច្រើនជាងគេ។ ខេត្តស្ទឹងត្រែង មានករណីភ្លើងឆេះព្រៃសរុបចំនួន ៨៩ករណី ខេត្តមណ្ឌលគិរី មាន ៨៤ករណី និងខេត្តរតនគិរី មាន ៨១ករណី។ ចំណែកទីក្រុងភ្នំពេញ ខេត្តប៉ៃលិន និងខេត្តកែប មិនត្រូវបានគេរកឃើញមានករណីភ្លើងឆេះព្រៃទេ។
ក្រសួងបរិស្ថានតែងអះអាងថា កម្ពុជាគ្មានករណីភ្លើងឆេះព្រៃធ្ងន់ធ្ងរ និងថាភ្លើងឆេះព្រៃភាគច្រើនជាការឆេះស្មៅ សំរាម ស្បូវ និងជញ្ជ្រាំងស្រូវតែប៉ុណ្ណោះ។
ក្រសួងថា កម្ពុជាកំពុងអនុវត្តនូវវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្ទ្រានព្រៃ សំរាម សំណល់រឹង និងប្លាស្ទិកដែលជាប្រភពបង្កភ្លើងឆេះព្រៃ ឬចំណុចក្តៅបំផ្លាញគុណភាពខ្យល់។
តាមរយៈរូបភាពថតដោយផ្កាយរណបរបស់ទីភ្នាក់ងារព័ត៌មានវិទ្យា និងអវកាសថៃ ឈ្មោះ GISTDA កាលពីថ្ងៃទី២៣ មីនា បានបង្ហាញឲ្យឃើញពីករណីភ្លើងឆេះព្រៃ ឬចំណុចឆេះខុសពីទិន្នន័យរបស់ក្រសួងបរិស្ថានកម្ពុជា។ តាម GISTDA ករណីភ្លើងឆេះព្រៃ ឬចំណុចឆេះនៅកម្ពុជាមានចំនួន ៨០៦ករណី ពោលគឺច្រើនជាងទិន្នន័យរបស់ក្រសួងបរិស្ថានកម្ពុជា ជាង ២០០ករណី។ ករណីភ្លើងឆេះព្រៃ ឬចំណុចឆេះនៅកម្ពុជាភាគច្រើនកើតចេញពីការដុតសំរាម ដុតចម្ការ និងភ្លើងឆេះព្រៃ។
តាមការចុះផ្សាយរបស់កាសែតថៃ ក្នុងថ្ងៃទី១១ កុម្ភៈ អាជ្ញាធរថៃ បានរកឃើញថា ភ្លើងឆេះព្រៃនៅភ្នំ Banthat ដោយបានចោទប្រកាន់ថាឆេះឆ្លងចេញពីព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ការលើកឡើងយ៉ាងដូច្នេះរបស់ថៃ ត្រូវបានកម្ពុជាប្រកាសច្រានចោលភ្លាមៗក្នុងយប់ថ្ងៃទី១១ ខែកុម្ភៈ និងដោយបញ្ជាក់បន្ថែមថា កម្ពុជាគ្មានអ្វីពាក់ព័ន្ធនឹងហេតុការណ៍ភ្លើងឆេះព្រៃនៅភ្នំ Banthat នោះទេ។
នេះមិនមែនជាលើកទីមួយទេដែលថៃ បានចោទ ឬទម្លាក់កំហុសមកកម្ពុជាថាជាប្រភពនាំឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅប្រទេសថៃ។ ជាក់ស្តែង បញ្ហាខ្យល់ពុលក្នុងបរិយាកាសនៅថៃ នៅពេលថ្មីៗនេះ អាជ្ញាធរថៃ ក៏បានចង្អុលមុខកម្ពុជាថាជាប្រភពចម្បងមួយដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃបញ្ចេញផ្សែងពុលនៅក្នុងបរិយាកាស បន្ទាប់ពីថៃ រកឃើញថា កម្ពុជាមានចំណុចឆេះ ឬទីតាំងក្តៅច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

