26.6 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ប្រកាស​ស្ដីពី​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​បង្កប់​ចរិត​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា មាត្រា​មួយ​ចំនួន​នៃ​ប្រកាស​ស្ដីពី​បែបបទ និង​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ បង្កប់​ចរិត​នយោបាយ។

អ្នក​ឃ្លាំមើល​នយោបាយ និង​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២៤ ខែ​មីនា នេះ​ថា ចាប់ពី​ប្រការ ៤ រហូត​ដល់​ប្រការ ៨ នៃ​ប្រកាស​ស្ដីពី​បែបបទ និង​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​ដែល​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​នៅ​ពេលនេះ បាន​បង្កប់​នូវ​ចរិត​នយោបាយ និង​ជា​ទម្រង់​រំខាន​ផ្នែក​រដ្ឋបាល​ក្នុង​ចេតនា​បង្ក​ភាព​ស្មុគស្មាញ។

លោក វ៉ន ចាន់ឡូត លើកឡើង​ថា ប្រកាស​របស់​ក្រសួង​មហាផ្ទៃ មួយ​នេះ ហាក់​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៣៧ ដែល​និយាយ​ពី​សេរីភាព​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​របស់​គណបក្ស​នយោបាយ​នីមួយៗ។ ម្យ៉ាង​វិញ​ទៀត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ក៏​មិន​បាន​ហាមឃាត់​ពី​ការ​លើក​ស្លាក​រួម​គ្នា​ដោយ​មាន​ឈ្មោះ និង​សា្លក​សញ្ញា​របស់​គណបក្ស​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដោយសារ​គ្មាន​ច្បាប់​ចែង​អំពី​ការ​ហាមឃាត់​ចំពោះ​ការ​លើក​ស្លាក​រួម​គ្នា​ដោយ​មាន​ឈ្មោះ និង​ស្លាក​សញ្ញា​របស់​គណបក្ស​បែប​នេះ ដូច្នេះ​បើ​ក្រសួង​មហាផ្ទៃ ដាក់​បម្រាម គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​មុន​សិន មិន​អាច​ចេញ​ប្រកាស​បង្ក​ភាព​រំខាន និង​បកស្រាយ​ហួស​ពី​ស្មារតី​ច្បាប់​ក្រោម​ហេតុផល​ថា​ដើម្បី​ជួយ​សម្រួល​ដល់​សកម្មភាព​នយោបាយ​នោះ​ទេ។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេលនេះ ក៏​ជា​ការ​រៀនសូត្រ​ដ៏​ល្អ​ដែរ​ចំពោះ​បក្ស​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឱ្យ​ពួកគេ​បង្កើន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ជំហាន​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​អសកល​ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៨ ខាង​មុខ។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ បាន​ចេញ​ប្រកាស​ស្ដីពី​បែបបទ និង​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​ដែល​មាន ៤​ជំពូក ១០​ប្រការ ក្រោម​ហេតុផល​ថា ដោយ​យោង​តាម​ការ​ចាំបាច់​របស់​ក្រសួង​មហាផ្ទៃ ក្នុង​បំណង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គ្នា។

ប្រការ​៤ នៃ​ប្រកាស​នេះ តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​ដែល​ធ្វើ​សម្ព័ន្ធភាព​ត្រូវ​មាន​កិច្ចព្រមព្រៀង​មួយ​ជាក់លាក់ ដែល​ត្រូវ​មាន​នូវ​ចំណុច​សំខាន់ៗ ដូចជា ឈ្មោះ កិច្ចព្រមព្រៀង គោលបំណង វិសាលភាព សមាសភាព​នៃ​គណបក្ស​នយោបាយ​ធ្វើ​សម្ព័ន្ធភាព យន្តការ​គ្រប់គ្រង ដំណើរការ​ការងារ នីតិវិធី​ដោះស្រាយ​វិវាទ និង​រយៈពេល​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព។

ចំណែក​ប្រការ​៦ កំណត់​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គ្នា ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​ពី​ប្រធាន​គណបក្ស​នយោបាយ​ដែល​ចូលរួម​សម្ព័ន្ធភាព​ទាំងអស់ ហើយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចព្រមព្រៀង​នោះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ប្រកាស​នេះ​មាន​ចេតនា​រឹត​បន្តឹង​សេរីភាព​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយ​កម្រិត​ទៀត និង​មាន​បំណង​ពុះ​ច្រៀក​កម្លាំង​នយោបាយ​កុំ​ឱ្យ​ប្រមូល​ផ្តុំ​គ្នា​ផង​ដែរ ហើយ​ការ​ធ្វើ​បែបនេះ គឺជា​បំណង​ធំ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ភ័យខ្លាច​ការ​រួបរួម​របស់​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស